រាជធានីភ្នំពេញ ៖ រថយន្ដឡង់គ្រីស័រមួយគ្រឿងសង្ស័យអ្នកបើកបរស្រវឹងបើកលឿនផ្លូវកែងបួងចង្កូតមិនទាន់បន្ថយល្បឿនជ្រុលបុកផ្ទប់របងផ្ទះប្រជាពលរដ្ឋ ធ្លុះចូលដល់ខាងក្នុងរងការខូចខាតជាច្រើនផ្ទាំង។ ចំណែករថយន្តបង្កខូចខាតខ្ទេចមួយកំណាត់មុខទាំងស្រុង ចំណែកអ្នកបើកបរគេចខ្លូនបាត់ស្រមោល កាលពីវេលាម៉ោង១ និង២៦នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ នៅតាមបណ្ដោយលេខ៥២៨ កែងនឹងផ្លូវលេខ២៧៥ សង្កាត់បឹងកក់១ ខណ្ឌទួលគោក។
រថយន្តបង្កម៉ាកឡង់គ្រីស័រ ពណ៌ស ស៊េរីឆ្នាំ២០០៩ គ្មានស្លាកលេខ ខូចខាតមួយកំណាត់មុខទាំងស្រុង។ យោងតាមប្រភពព័ត៌នៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា ពួកគាត់មិនដឹងច្បាស់ថារថយន្ដនោះបង្កហេតុតាំងពីម៉ោងប៉ុន្មាននោះទេ។ ខណៈពេលដែលគាត់ធ្វើដំណើរតាមបណ្តោយផ្លូវបានប្រទះឃើញរថយន្តបង្កបុករបងផ្ទះនោះទៅហើយ។
ប្រភពដដែលបានបន្តថា បើតាមស្ថានភាពស្នាមកង់រថយន្ត ពួកគាត់អាចសន្និដ្ឋានបានថា រថយន្ដបង្កធ្វើដំណើរតាមបណ្ដោយផ្លូវលេខ២៧៥ ទិសដៅពីលិចទៅកើតក្នុងល្បឿនលឿន មកដល់កែងនឹងផ្លូវ៥២៨ រថយន្តបង្កនោះក៏បួងចង្កូតបត់ស្ដាំមិនបន្ថយល្បឿនក៏ជ្រុលបុកផ្ទប់ចូលរបងផ្ទះប្រជាពលរដ្ឋបណ្តាលបាក់រលំអស់ជាច្រើនផ្ទាំង ចំណែករថយន្តបង្ករងការខ្ទេចមួយកំណាត់មុខ។
បន្ទាប់ពីបង្កហេតុ អ្នកនៅក្នុងរថយន្តបង្កបាននាំគ្នាគេចចេញពីកន្លែងកើតហេតុបាត់ស្រមោលបន្សល់ទុកតែរថយន្តបង្កនៅនឹងកន្លែងកើតហេតុ។ ក្រោយកើតហេតុរថយន្ដបង្កត្រូវបានសមត្ថកិច្ចជំនាញវាស់វែងយកទៅរក្សាទុកបណ្តោះអាសន្ននៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នាបន្តនៅពេលក្រោយជាមួយម្ចាស់ផ្ទះរងគ្រោះ៕ ដោយ ៖ យឹម ឈឿន
ចែករំលែកព័តមាននេះ