ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកជំនួញ​វិស័យ​ស្រូវ​អង្ករ ៖ កត្តា​បី​នាំ​ឱ្យ​តម្លៃ​ស្រូវ​ធ្លាក់​ចុះ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រោយ​ពី​ទឹកជំនន់​ត្រូវ​បាន​បញ្ចប់ ប្រជា​កសិករ​កម្ពុជា​ផលិត​ស្រូវ​កំពុង​រង ទុក្ខ​ដោយសារ​តែ​តម្លៃ​ស្រូវ​របស់​ពួក​គាត់​ធ្លាក់​ចុះ និង​មិន​មាន​អ្នកទិញ​ទៅ​ទៀត ធ្វើ​ឱ្យ​ពួក​គាត់ កំពុង​ពិបាក​ក្នុង​ការ​រក​ទីផ្សារ​សម្រាប់​លក់​ស្រូវ ។ បើ​តាម​អ្នកជំនួញ​ស្រូវ​អង្ក​រលោក…

រាជធានី​ភ្នំពេញ ៖ ក្រោយ​ពី​ទឹកជំនន់​ត្រូវ​បាន​បញ្ចប់ ប្រជា​កសិករ​កម្ពុជា​ផលិត​ស្រូវ​កំពុង​រង ទុក្ខ​ដោយសារ​តែ​តម្លៃ​ស្រូវ​របស់​ពួក​គាត់​ធ្លាក់​ចុះ និង​មិន​មាន​អ្នកទិញ​ទៅ​ទៀត ធ្វើ​ឱ្យ​ពួក​គាត់ កំពុង​ពិបាក​ក្នុង​ការ​រក​ទីផ្សារ​សម្រាប់​លក់​ស្រូវ ។

បើ​តាម​អ្នកជំនួញ​ស្រូវ​អង្ក​រលោក លន់ យ៉េ​ង អគ្គលេខាធិការ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា បាន​មាន​ប្រសាសន៍​ថា កត្តា​បី​ដែល​នាំ​ឱ្យ​តម្លៃ​ស្រូវ​របស់​កសិករ​ធ្លាក់​ថ្លៃ ហើយ​ខាង​សហព័ន្ធ ក៏​ពិបាក​ក្នុង​ការ​ជួយ​សង្គ្រោះ​ដែរ ។

កត្តា​ទាំង​បី​នោះ​រួម​មាន ៖ ទី ១ មិន​មាន​ម៉ាស៊ីន​សម្រាប់ ច្រូតស្រូវ ព្រោះតែ​ស្រូវ​របស់​ពលរដ្ឋ​ទុំ​ដំណាលគ្នា​ក្រោយ​ទឹកជំនន់ ។ កត្តា​ទី ២ នៅ​ពេល​ស្រូវ ទុំ​ច្រើន និង​ដំណាលគ្នា ធ្វើ​ឱ្យ​ឃ្លាំង​ស្តុក​មិន​មាន​កន្លែង​សម្រាប់​ស​ម្ងួ​ត និង​ស្តុក​ទុក​ស្រូវ​ទៀត ព្រោះថា ឡ​ស​ម្ងួ​ត​បច្ចុប្បន្ន​នេះ អាច​ស​ម្ងួ​ត​បាន​តែ​ប៉ុន្មាន​ម៉ឺន​តោន​ប៉ុណ្ណោះ តែ​នៅ​ពេល​ដែល ស្រូវ​ទុំ​ដំណាលគ្នា​រាប់​លាន​តោន​បែប​នេះ ធ្វើ​ឱ្យ​អត់​មាន​ឡ​សម្រាប់​ស​ម្ងួ​ត ។

កត្តា​មួយទៀត​នោះ គឺ​ស្រូវ​ពលរដ្ឋ​បាត់​គុណភាព ព្រោះតែ​លិច​ទឹក​កាលពី​ជាង​មួយ​ខែ មុន​នោះ និង​មិន​ត្រូវ​ស្តង់ដារ​សម្រាប់​រោង​ម៉ាស៊ីន​កិន​នាំ​ចេញ​ទៅ​ក្រៅប្រទេស ហើយ​ឈ្មួញ កណ្ដាល​ដែល​ទិញ​សម្រាប់​នាំ​ចេញ​ស្រូវ​ទៅ​កាន់​វៀតណាម​ក៏​បាន​ទម្លាក់​ថ្លៃ ធ្វើ​ឱ្យ​តម្លៃ​ស្រូវ របស់​កសិករ​ធ្លាក់​ដូច​ពេល​នេះ ។ លោក​បន្ត​ថា បើសិនជា​ស្រូវ​អន់​គុណភាព​ហើយ​រោង​ម៉ាស៊ីន ទិញ​យក​ទុក តើ​កិន​ជា​អង្ក​រហើយ​នាំ​ចេញ​ទៅ​ណា​បាន ហើយ​បើ​នាំ​ចេញ​ហើយ ត្រូវ​បាន​គេ បដិសេធ​មិន​ទទួលយក​វា​រឹតតែ​ពិបាក​សម្រាប់​នាំ​មក​វិញ និង​នាំ​ឱ្យ​ខូច​ឈ្មោះ​អង្ករ​កម្ពុជា ទៅ ទៀត ។

លោក លន់ យ៉េ​ង បាន​មាន​ប្រសាសន៍​បន្ថែម​ថា ស្ថានភាព​ទីផ្សារ​អង្ករ​កម្ពុ​ជានា​ពេល​នេះ ក៏​កំពុង​ជួប​បញ្ហា​បន្តិច​ដែរ ដោយសារ​តែ​ប្រទេស​ថៃ និង​ប្រទេស​ជិតខាង​កម្ពុជា​បញ្ចេញ​អង្ករ​ច្រើន​ពេក ធ្វើ​ឱ្យ​តម្លៃ​លើ​ទីផ្សារ​អន្តរជាតិ ធ្លាក់​ចុះ​បន្តិច ដែរ ។ ម្យ៉ាងទៀត​ដោយសារ​តែ​សេដ្ឋកិច្ច​នៃ​ប្រទេស​ទីផ្សារ​នាំ​អង្ករ​កម្ពុជា បាន​ជួប​ប្រទះ​នឹង វិបត្តិ​ហិរញ្ញវត្ថុ ពួក​គេ​ក៏​បង្វែរ​ការ​នាំ​ចូល​អង្ករ​ពី​អង្ករ​ក្រអូប​ទៅ​ជា​អង្ករ​ធម្មតា​ដែល​មាន​តម្លៃ​ទាប ជាង​អង្ករ​ក្រអូប​កម្ពុជា ព្រោះថា បច្ចុប្បន្ន​នេះ​កម្ពុជា​នាំ​ចេញ​តែ​អង្ករ​ក្រអូប​នោះ​ទេ ។

លោក​បញ្ជាក់​ថា បើ​ទោះបីជា​ការ​នាំ​ចេញ​អង្ករ​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ បាន​ធ្លាក់​ចុះ បន្តិច​ធៀប​នឹង​ឆ្នាំ ២០១៩ តែ​សម្រាប់​រយៈពេល ១០​ខែ​ឆ្នាំ ២០២០ នេះ ការ​នាំ​ចេញ​អង្ករ​កម្ពុជា នៅ​តែ​ទទួល​បាន​កំណើន​ជាង​ឆ្នាំ ២០១៩ ។

គួរ​បញ្ជាក់​ថា តាម​រយៈ​បណ្ដាញ​សង្គម និង​ព័ត៌មាន​នានា​បាន​បង្ហាញ​ពី​ការ​ធ្លាក់​ចុះ​តម្លៃ ស្រូវ​របស់​កសិករ និង​មានការ​វាយប្រហារ​ទៅ​លើ​រដ្ឋាភិបាល​ជុំវិញ​ការ​រក​ទីផ្សារ​សម្រាប់​ផលិត ផល​ស្រូវ​ដែល​កសិករ​ផលិត​បាន ។ មតិ​ភាគច្រើន​បាន​ដាក់បន្ទុក​ទៅ​លើ​មន្ត្រី​រាជរដ្ឋាភិបាល ដែល​មិន​អាច​គ្រប់គ្រង និង​រក​ទីផ្សារ​សម្រាប់​ផលិតផល​កសិកម្ម​របស់​កសិករ ទោះបីជា​មន្ត្រី​នា នា​បាន​បកស្រាយ​រួច​ទៅ​ហើយ​ក្ដី ។

ឯកឧត្តម វេ​ង សា​ខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ក៏​បាន​បញ្ជាក់​យ៉ាង​ខ្លី​ថា ស្រូវ​ដែល​ធ្លាក់​ថ្លៃ គឺ​ដោយសារ​តែ​ស្រូវ​នោះ​មិន​មានគុណភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ