រាជធានីភ្នំពេញ ៖ កម្ពុជា និងវៀតណាម បានប្ដេជ្ញាថា នឹងជំរុញពាណិជ្ជកម្ម និងវិនិយោគទ្វេរ ទិសរវាងប្រទេសទាំងពីរបន្ថែមទៀត ដោយថ្នាក់ដឹកនាំទាំងពីរបានឯកភាពប្រគល់ភារកិច្ចដល់ ក្រសួង-ស្ថាប័ននានា និងអាជ្ញាធរថ្នាក់ខេត្តនៃប្រទេសរៀងៗខ្លួន ធ្វើការឱ្យបានជិតស្និទ្ធជាមួយ គ្នា ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ធុរជនរវាងប្រទេសទាំងពីរ ។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរ ជាតិ បានឱ្យដឹងថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន ជួបសន្ទនាតាមប្រព័ន្ធវីដេអូជាមួយលោក ង្វៀន សួនហ្វ៊ុក នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋ សង្គមនិយមវៀតណាម ដើម្បីពិភាក្សាអំពីមធ្យោបាយ និងវិធានការនានា ដើម្បីជំរុញបន្ថែម ទៀតនូវទំនាក់ទំនងទ្វេភាគី និងផ្លាស់ប្តូរទស្សនលើបញ្ហាតំបន់ និងពិភពលោក ដែលជាក្តី កង្វល់ និងផលប្រយោជន៍រួម រាប់បញ្ចូលទាំងកិច្ចសហការក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានអបអរសាទរវៀតណាមចំពោះលទ្ធផលប្រកបដោយ ជោគជ័យនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ជាពិសេសការចុះ ហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ផងដែរ ។
នាយករដ្ឋមន្ត្រីទាំងពីរ បានសម្តែងនូវការពេញចិត្តលើការរីកចម្រើនដ៏ល្អប្រសើរ នៃកិច្ច សហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងវៀតណាម នាពេលប៉ុន្មានឆ្នាំកន្លងទៅនេះ និងបានឯកភាពពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការដែលមានស្រាប់ឱ្យកាន់តែទូលំទូលាយ និងស៊ីជម្រៅ ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការ គ្រប់ជ្រុងជ្រោយ និងសិ្ថរភាពយូរអង្វែង ។
នាយករដ្ឋមន្ត្រីទាំងពីរបានសង្កត់ធ្ងន់នូវសារសំខាន់ក្នុងការជំរុញពាណិជ្ជកម្ម និងវិនិ យោគទ្វេទិសរវាងប្រទេសទាំងពីរ ។ ក្នុងគោលបំណងនេះ ថ្នាក់ដឹកនាំទាំងពីរបានឯកភាពប្រ គល់ភារកិច្ចដល់ក្រសួង-ស្ថាប័ននានា និងអាជ្ញាធរថ្នាក់ខេត្តនៃប្រទេសរៀងៗខ្លួន ធ្វើការឱ្យ បានជិតស្និទ្ធជាមួយគ្នា ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ធុរជន ក៏ដូចជាលើកកម្ពស់ការ អនុវត្តវិធានការបង្ការ ដើម្បីដោះស្រាយបញ្ហានានានៅតាមបណ្តោយព្រំដែននៃប្រទេសទាំង ពីរដែលអាចកើតឡើងជាយថាហេតុឱ្យបានទាន់ពេលវេលា ។
សូមបញ្ជាក់ថា ទំហំពាណិជ្ជកម្មកម្ពុជា និងវៀតណាម តាមតួលេខក្នុងឆ្នាំ ២០១៩ សម្រេចបានជាង ៥ពាន់លានដុល្លារ ក្នុងនោះកម្ពុជានាំចូលពីប្រទេសវៀតណាម មានជាង ៤ពាន់លានដុល្លារអាមេរិក ហើយវៀតណាមនាំចូលពីកម្ពុជាវិញមានទឹកប្រាក់ប្រមាណជាង ១ពាន់លានដុល្លារអាមេរិក ។
ដោយឡែកតួលេខក្នុងឆ្នាំ ២០២០ គិតត្រឹម ៥ខែដំបូងឃើញថា ទំហំពាណិជ្ជកម្មកម្ពុជា-វៀតណាម សម្រេចបាន ២,១ពាន់លានដុល្លារអាមេរិក ពោលគឺបាន ថយចុះប្រមាណ ៨ភាគរយ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៩ ។ ការនាំចេញទៅ វៀតណាមភាគច្រើនគេមើលឃើញថា ជាផលិតផលកសិកម្មមុនកែច្នៃ និងនាំចូលមកវិញជា ផលិតផលសម្រេច និងផលិតផលប្រើប្រាស់ ម្ហូបអាហារជាដើម ៕
ចែករំលែកព័តមាននេះ