ខេត្តសៀមរាប ៖ ទីសក្ការបូជា «ព្រះអង្គជប់»នៃភ្នំគូលែន ជាកន្លែងធ្លាប់ល្បីល្បាញ និងមានពុទ្ធបរិស័ទពីគ្រប់ទិសទីទៅគោរពបូជា បានគ្របដណ្តប់ដោយសំរាមរប៉ាតរប៉ាយ ។
ស្រប«ទិវាអនាម័យបរិស្ថានជាតិ ២៣ វិច្ឆិកា ឆ្នាំ២០២០» ផេកហ្វេសប៊ុកលោកឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បានបង្ហាញរឿងនេះ ។ លោកបានសរសេរថា នេះជាលើកទីមួយហើយដែលលោកទៅដល់«ព្រះអង្គជប់»ចាប់តាំងពីលោកបានបំពេញតួនាទីជាអភិបាលស្រុកបន្ទាយស្រី ។
លោកតែងតែបានឮពីកិត្តិស័ព្ទ ភាពខ្លាំងពូកែស័ក្តិសិទ្ធិ និងសក្តានុពលខាងផ្នែកទេសចរណ៍សាសនានៃកន្លែងដ៏វិសិដ្ឋមួយនេះ ប៉ុន្តែដោយហេតុតែទីនេះជាតំបន់ឧទ្យានជាតិ និងជាបន្ទាត់ព្រំប្រទល់ខណ្ឌចែករវាងស្រុកបន្ទាយស្រី និងស្រុកស្វាយលើ(ត្រឹមច្រកឡើងនៅជើងភ្នំស្ថិតក្នុងស្រុកបន្ទាយស្រី ចំណែកផ្លូវឡើង និងផ្នែកខាងលើស្ថិតក្នុងស្រុកស្វាយលើ) លោកមិនបានចាត់ទុកទីនេះជាតំបន់គ្រប់គ្រងរបស់រដ្ឋបាលស្រុកបន្ទាយស្រីទេ ។
ទោះជាយ៉ាងណាក្ដី ថ្មីៗនេះរដ្ឋបាលស្រុកទទួលបានសំណូមពរពីប្រជាពលរដ្ឋឱ្យជួយពិនិត្យលើបញ្ហាសំរាម និងកាកសំណល់នានាដែលបានចោទជាបញ្ហាប្រឈម ទើបសម្រេចប្រមូលប្រជាពលរដ្ឋ យុវជនស្ម័គ្រចិត្ត ប្រជាការពារ ព្រមទាំងចាប់ដៃគូសហការជាមួយក្រុមហ៊ុនចំប៉ីសៀមរាប សរុបកម្លាំងជិត២០០នាក់ ដាក់កម្មវិធីសម្អាតបរិស្ថាននៅក្នុងតំបន់នោះឱ្យចំថ្ងៃទិវាបរិស្ថាន២៣វិច្ឆិកា ។
អ្វីៗមានសភាពធ្ងន់លើសពីការរំពឹងទុកទៅទៀត ។ ចាប់តាំងពីចំណតរថយន្តនៅខាងផ្នែកខាងក្រោម នៅតាមសងខាងជណ្តើរឡើង និងផ្លូវរថយន្តចំណុចសម្រាកជើង នីមួយៗ ជាពិសេសនៅជុំវិញបរិវេណដែលមានអ្នកលក់ដូរ និងផ្នែកខាងលើនៃភ្នំ ក៏ដូចជាបរិវេណជុំវិញបន្ទប់ទឹក សំរាមយ៉ាងច្រើនមាននៅស្ទើរតែគ្រប់ទីកន្លែង ហាក់ដូចជាមិនដែលមានអ្នកណាធ្លាប់មកសម្អាតទាល់តែសោះ ដែលធ្វើឱ្យមានការខ្ពើមរអើម មិនចង់សូម្បីតែដើរឆ្លងកាត់ កុំថាឡើយឱ្យមកលេងកម្សាន្ត ។ តើហេតុអ្វី?
ប្រភពដដែលបន្តថា នៅទីនោះមិនទាន់មានការគ្រប់គ្រងផ្ទាល់ដោយអាជ្ញាធរមូលដ្ឋានណាមួយនៅឡើយទេ អាចថាបណ្តាលមកពីភាពមិនច្បាស់លាស់នៃដែនសមត្ថកិច្ចទទួលខុសត្រូវក៏ថាបាន ព្រោះយ៉ាងហោចណាស់ក៏មានស្ថាប័ន៤ដែរ ដែលពាក់ព័ន្ធនៅទីនោះ(បរិស្ថាន? អប្សរា? ស្វាយលើ? បន្ទាយស្រី?) ។ ប៉ុន្តែកន្លងមកនៅទីនោះក៏មានក្រុមអ្នកទទួលបានផលប្រយោជន៍ពីភ្ញៀវជាតិ និងអន្តរជាតិ ដែលទៅកាន់ព្រះអង្គជប់រួចទៅហើយ ទាំងអ្នកលក់ដូរ ទាំងអ្នកយកថ្លៃចំណតរថយន្ត និងផ្លូវឡើង ព្រមទាំងគណៈកម្មការវត្ត និងអាស្រមនៅផ្នែកខាងលើផងដែរ ។ ចុះហេតុអ្វីបានជាមិនមានអ្នកណាទទួលខុសត្រូវលើបញ្ហាសំរាមយ៉ាងដូច្នេះ? តើប្រយោជន៍ឯកជនគួរមានចំណងគណនេយ្យភាពជាមួយការការពារផលប្រយោជន៍រួមដែរ ឬទេ? តើវាជាកង្វះខាតមធ្យោបាយ ឬការគ្រប់គ្រង? ចុះបើយើងចង់ចាប់ផ្តើមគ្រប់គ្រងវា គួរធ្វើបែបណា? គួរចាប់ផ្តើមពីចំណុចណា?
យើងមិនអាចមានចម្លើយភ្លាមដោយមិនសិក្សាលម្អិតពីឫសគល់នៃបញ្ហា និងនាំអ្នកពាក់ព័ន្ធទាំងអស់មកជួបគ្នាអង្គុយពិភាក្សាគ្នានោះទេ ប៉ុន្តែរាល់ការអភិវឌ្ឍត្រូវតែមានចីរភាព ។ ប្រសិនបើយើងមិនទាន់មានលទ្ធភាពធានាឱ្យបានថា ការអភិវឌ្ឍថ្ងៃនេះនឹងមិនធ្វើឱ្យមានវិនាសកម្មនៅក្នុងថ្ងៃស្អែក យើងមិនគួរយកអនាគតនៃបរិស្ថាន ធម្មជាតិ និងវប្បធម៌ដែលមិនអាចកាត់ថ្លៃបាននេះ មកប្រថុយប្រថាន ឬយកផលប្រយោជន៍រួមមកប្តូរជាមួយនឹងប្រយោជន៍ឯកជនបន្តិចបន្តួចរបស់បុគ្គល ឬក្រុមណាមួយនោះទេ ។
ជាការចាប់ផ្តើមរដ្ឋបាលស្រុកបន្ទាយស្រីគ្រោងនឹងពិភាក្សាជាមួយរដ្ឋបាលស្រុកស្វាយលើ ក្រសួងបរិស្ថាន និងអាជ្ញាធរជាតិអប្សរា ដើម្បីឈានទៅរកយន្តការគ្រប់គ្រងប្រកបដោយនិរន្តរភាពមួយនៅទីនេះ ។ ការបង្កើតគណៈកម្មការគ្រប់គ្រង ឬសហគមន៍ផ្លូវការច្បាស់លាស់ណាមួយដែលមានលទ្ធភាពអាចស្វ័យគ្រប់គ្រងបាន គឺជាជម្រើសល្អមួយ ដែលគួរយកមកពិចារណា ប៉ុន្តែទម្រាំនឹងយើងអាចមានយន្តការជាក់លាក់ទាំងនោះបាន ក្នុងនាមរដ្ឋបាលស្រុកបន្ទាយស្រី សូមអំពាវនាវ ២ចំណុចជាបណ្តោះអាសន្ន ៖
-សូមអ្នកទេសចរ និងពុទ្ធបរិស័ទ្ធទាំងអស់ដែលទៅទស្សនាកម្សាន្ត ឬធ្វើបុណ្យធ្វើទានមេត្តាគ្រប់គ្រងសំរាមផ្ទាល់ខ្លួន និងផ្តល់ភាពទទួល ខុសត្រូវលើសំរាមដែលខ្លួនបានបង្កើត ព្រោះរាល់សំរាមដែលបោះចោលនៅទីនោះនឹងបន្តនៅទីនេះជារៀងរហូត ។ បើអាចសូមកាត់បន្ថយ និងវេចខ្ចប់យកសំរាមត្រលប់ទៅវិញផង ។ ទោះបីជាក្រុមការងារបានសម្អាតតាមដងផ្លូវបានមួយអន្លើធំក៏ដោយ ក៏យើងមិនទាន់មានយន្តការប្រមូលសំរាម ថ្មីៗនៅឡើយទេ ចំណែកឯធុងសំរាមច្រើនក៏មិនមែនជាដំណោះស្រាយដែរ ដរាបណាមិនទាន់មានយន្តការគ្រប់គ្រងជាប្រចាំ ។
សប្បុរសជនដែលតែងតែបរិច្ចាគ ធ្វើបុណ្យធ្វើទានទៅកាន់ព្រះអង្គជប់ គួរពិចារណារំលែកការចូលរួមនេះមកលើកិច្ចគាំពារថែរក្សាបរិស្ថាន និងគ្រប់គ្រងសំរាមផង តាមរយៈការជ្រោមជ្រែងលើយុវជនស្ម័គ្រចិត្ត ឬឧបត្ថម្ភដល់ប្រជាការពារដែលធ្វើការពាក់ព័ន្ធនឹងការប្រមូលសំរាម ។ ភាពស័ក្តសិទ្ធិ និងការគោរពបូជាមិនគួរធ្វើឡើងនៅក្នុងទីដែលគគ្រិចនោះទេ ហើយការស្រលាញ់ថែរក្សាបរិស្ថានក៏អាចរាប់ថា ជាការធ្វើបុណ្យបានដែរ ។
លោកឃឹម ហ្វីណង់ សង្ឃឹមថា «ការលើកឡើងរបស់ខ្ញុំអំពីការប្រឈមធ្ងន់នៃបញ្ហាសំរាមនៅក្នុងតំបន់ព្រះជប់ក្នុងថ្ងៃទិវាបរិស្ថាន ២៣វិច្ឆិកានេះនឹងបានក្រើនរំលឹកពីសារសំខាន់នៃការថែរក្សាបរិស្ថានធម្មជាតិ និងធានាបាននូវការអភិវឌ្ឍប្រកបដោយចីរភាព ដើម្បី អនាគតយូរអង្វែងរបស់យើងទាំងអស់គ្នា» ៕