ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ភិក្ខុ​ឆោម ប៊ុ​ន​យ៉ុ​ង​បួស​បាន​យូរ​ជាង​អ្នក​សិល្បករ​ដទៃ

1 ខែ មុន

បណ្តា​សិល្បករ​ជា​ច្រើន​ដែល​បាន​ចូល​បួស​ក្នុង​ព្រះពុទ្ធ​សាសនា ភិក្ខុ​ឆោម ប៊ុ​ន​យ៉ុ​ង ជា​អ្នកបួស​បាន​យូរ​ជាង​អ្នក​សិល្បករ​ដទៃ​ទៀត​រហូត​ដល់​ពេល​នេះ​គឺ​បួស​បាន​ជិត​១​ទសវត្សរ៍​ទៅ​ហើយ ខណៈ​អ្នក​សិល្បករ​ខ្លះ​បួស​បាន​ត្រឹមតែ​មួយ​ដង្ហើមចង្រិត គឺ​បាន​ត្រឹមតែ​មួយ​រយៈពេល​ខ្លី​ប៉ុណ្ណោះ ។ ភិក្ខុ​ឆោម ប៊ុ​ន​យ៉ុ​ង បាន​លះបង់​នូវ​ភាព​សប្បាយ​ហ៊ឺហា​ស្រី​ស្រា​ល្បែងល្បាំ​នានា…

បណ្តា​សិល្បករ​ជា​ច្រើន​ដែល​បាន​ចូល​បួស​ក្នុង​ព្រះពុទ្ធ​សាសនា ភិក្ខុ​ឆោម ប៊ុ​ន​យ៉ុ​ង ជា​អ្នកបួស​បាន​យូរ​ជាង​អ្នក​សិល្បករ​ដទៃ​ទៀត​រហូត​ដល់​ពេល​នេះ​គឺ​បួស​បាន​ជិត​១​ទសវត្សរ៍​ទៅ​ហើយ ខណៈ​អ្នក​សិល្បករ​ខ្លះ​បួស​បាន​ត្រឹមតែ​មួយ​ដង្ហើមចង្រិត គឺ​បាន​ត្រឹមតែ​មួយ​រយៈពេល​ខ្លី​ប៉ុណ្ណោះ ។

ភិក្ខុ​ឆោម ប៊ុ​ន​យ៉ុ​ង បាន​លះបង់​នូវ​ភាព​សប្បាយ​ហ៊ឺហា​ស្រី​ស្រា​ល្បែងល្បាំ​នានា លះបង់​នូវ​ភាព​ស៊ី​វិ​ល័យ​ឡូយឆាយ​សប្បាយ​ក្អាក់ក្អាយ​ក្នុង​សង្គម លះបង់​នូវ​អាជីព​ជា​តារាចម្រៀង​ដ៏​ល្បីល្បាញ​នៅ​ក្នុង​ពិភព​សិល្បៈ​មក​ជ្រកកោន​ក្រោម​ម្លប់​ព្រះពុទ្ធ​សាសនា​ប្រតិបត្តិ​ធម៌អាថ៌​សិក្ខា​វិន័យ​យ៉ាង​ស្ងៀមស្ងាត់​តាំងពី​អំឡុង​ចុងឆ្នាំ​២០១២​មក​ដែល​រហូត​មក​ដល់​ពេល​នេះ​មាន​រយៈពេល​ជិត​ដប់​ឆ្នាំ​ហើយ ។

នេះ​ក៏​ព្រោះ​ព្រះ​អង្គ​មាន​និស្ស័យ​ខ្ពស់​ក្នុង​ព្រះពុទ្ធ​សាសនា យក​ធម៌​វិន័យ​ជា​មិត្តសម្លាញ់ ដែល​អ្នកប្រាជ្ញ​ខាង​ទស្សនវិជ្ជា​ពុទ្ធសាសនា​ពោល​ថា ជា​អ្នកបួស​ពិតប្រាកដ បួស​ដើម្បី​រួច​ចាក​ទុក្ខ​ក្នុង​សង្សារវដ្ត បួស​ដើម្បី​ប្រោសសត្វ​ឱ្យ​រួច​រដោះ​ពី​ទុក្ខ​ភ័យ​ដូច​ជា​ខ្លួន​ដែរ គឺ​ព្រះ​អង្គ​នៅ​ស៊ូទ្រាំ​រស់នៅ​ក្រោម​ម្លប់​ព្រះពុទ្ធ​សាសនា​បន្ត​ទៀត បើ​ទោះជា​ឆ្លងកាត់​ការ​លំបាក​យ៉ាងណា​ក៏​ដោយ ។

ព្រះ​ភិក្ខុ​ឆោម ប៊ុ​ន​យ៉ុ​ង មាន​ថេរ​ដីកា​ថា​៖ «​ការ​បួស​ជា​ព្រះសង្ឃ​រហូត​មក​ទល់​ពេល​នេះ​មិនមែន​ជា​ការ​ងាយស្រួល​នោះ​ឡើយ ពោល​គឺ​ព្រះ​អង្គ​បាន​ឆ្លងកាត់​ព្យុះ​ភ្លៀង និង​បញ្ហា​លំបាក​ច្រើន​ជំពូក​ជា​បន្តបន្ទាប់ ប៉ុន្តែ​នៅ​តែ​ខំតស៊ូ​អត់ធ្មត់​ក្នុង​ភេទ​ជា​បព្វជិត​ដើម្បី​បាន​ដើរ​លើ​ផ្លូវ​ព្រះធម៌​រហូត​ពេល​នេះ ។

រហូត​មក​ដល់​ពេល​នេះ​ភិក្ខុ​ឆោម ប៊ុ​ន​យ៉ុ​ង នៅ​មិន​ទាន់​បាន​បង្ហាញ​ជំហរ​ជា​ថ្មី​ណាមួយ​ថា​នឹង​លះ​ភេទ​ជា​អ្នកបួស​សឹក​មក​ជា​គ្រហស្ថ វិញ​នោះ​ទេ គឺ​ព្រះ​អង្គ​នៅ​បន្តជីវិត​ជា​បព្វជិត​លើ​វិ​ថី​ព្រះពុទ្ធ​សាសនា​បន្ត​ទៀត ។

បច្ចុប្បន្ន​ព្រះ​ភិក្ខុ ឆោម ប៊ុ​ន​យ៉ុ​ង គង់នៅ​វត្ត​កោះ​មេត្តា​ពោធិ​វង្ស ស្ថិត​នៅ​ក្នុងភូមិ​កោះ​អ​ណ្តែ​ត សង្កាត់​ទួល​សង្កែ​ទី​២ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ នៅ​មហា​កុដិ​លេខ​១៥ ដោយ​មា​ន​ព្រះ​នាម​ក្នុង​ពុទ្ធចក្រ​ថា ព្រះ​ភិក្ខុ ឆោម ប៊ុ​ន​យ៉ុ​ង ព្រហ្ម​ប្ប​ញ្ញោ​បញ្ញា​វិ​ន​រោ ៕ សាន សារិន