ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

​ជីក​ស្រះ​ខ្នាត​យក្ស​ជូន​ឃុំ​ទាំង​9​ ទុក​ដាំ​បន្លែ ចិញ្ចឹមសត្វ តែ​មិន​ឱ្យ​បូម​ទឹក​ដាក់​​ស្រែ​ទេ

1 ខែ មុន
  • Pursat

ខេត្តពោធិ៍សាត់ ៖ ឯកឧត្តម ស៊ុ​យ សែ​ម រដ្ឋមន្ត្រីក្រសួង​រ៉ែ​និង​ថាមពល និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​ពោធិ៍សាត់ មាន​ប្រសាសន៍​ថា ឯកឧត្តម​នឹង​ជីក​ស្រះ​ទំហំ​ដី​មួយ​ហិ​កតា​ជម្រៅ​១០​ម៉ែត្រ ដោយ​មានធ្វើ​ជណ្ដើរ​គ្រប់​ជ្រុង​ទាំង​៤…

ខេត្តពោធិ៍សាត់ ៖ ឯកឧត្តម ស៊ុ​យ សែ​ម រដ្ឋមន្ត្រីក្រសួង​រ៉ែ​និង​ថាមពល និង​ជា​ប្រធាន​ក្រុម
ការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​ពោធិ៍សាត់ មាន​ប្រសាសន៍​ថា ឯកឧត្តម​នឹង​ជីក​ស្រះ​ទំហំ​ដី​មួយ​ហិ​កតា​ជម្រៅ​១០​ម៉ែត្រ ដោយ​មានធ្វើ​ជណ្ដើរ​គ្រប់​ជ្រុង​ទាំង​៤ ។ ជាមួយ​នេះ ដាំ​ដើមឈើ ដាក់​បង់​អង្គុយ​លេង និង​បំពាក់​អំ​ពូ​ល​ភ្លើង​ជុំវិញ​ស្រះ ដែល​ស្រះ​នីមួយ​ៗ​ចំណាយ​ថវិកា​ជិត​១០​ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក ជូន​ឃុំ​ទាំង​៩​ក្នុងស្រុក​បាកាន ដើម្បី​តម្កល់​ទឹក​ទុក​ប្រើប្រាស់​ក្នុង​សហគមន៍​នា​រដូវប្រាំង ប៉ុន្តែ​អនុញ្ញាត​ឲ្យ​ស្រោច​តែ​ដំណាំ​បន្លែ និង​ការ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​ប៉ុណ្ណោះ មិន​អនុញ្ញាត​ឲ្យ​បូម​ដាក់​ស្រែ​នោះ​ទេ ។

ឯកឧត្តម​រដ្ឋមន្ត្រី មាន​ប្រសាសន៍​បែប​នេះ ក្នុង​ឱកាស​ជួប​សំណេះសំណាល​ជាមួយ​បងប្អូន​ប្រ
ជា​ពលរដ្ឋ​ភូមិ​ដូង​ជ្រំ ឃុំ​បឹង​បត់​កណ្ដោល ស្រុក​បាកាន កាលពី​ពេល​ថ្មី​ៗ​កន្លង​ទៅ ។

ឯកឧត្តម​រដ្ឋមន្ត្រី ស៊ុ​យ សែ​ម មាន​ប្រសាសន៍​ទៀត​ថា ស្ថិត​ក្នុង​កាលៈទេសៈ​ជំងឺ​កូ​វី​ដ-១៩​កំពុង​អុកឡុក និង​ក្រោយ​ពេល​ទឹកជំនន់​បំផ្លាញ​ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ​អស់ ការងារ​ក​សិកម្ម​ដើរតួ​នាទី​សំខាន់​ណាស់​សម្រាប់​ការ​ស្ដារ​ឡើង​វិញ ព្រោះ​យើង​មិន​បាន​ទៅ​ប្រកប​មុខរបរ​រក​ប្រាក់​ចំណូល​ប្រចាំ​ថ្ងៃ ហើយ​ស្រូវ​អង្ករ ផលដំណាំ​លិច​ទឹក​អស់​ទៀត ។

ដោយ​មើលឃើញ​ពី​ចក្ខុវិស័យ​នេះ ឯកឧត្តម​និង​ក្រុមការងារ ក៏​ដូច​ជា​ការ​ដើរ​តាម​គន្លង​រាជ​រដ្ឋា​ភិបាល ក្រោម​ការ​ដឹកនាំ​ដ៏​ឈ្លាសវៃ​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ជីក​ស្រះ​ខ្នាត​ធំ​ជូន​ឃុំ​ទាំង​៩​ក្នុងស្រុក​បាកាន ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ដាំ​បន្លែ និង​ចិញ្ចឹមសត្វ​លក់ ចៀសវាង​យក​ពេល
ទំនេរ​ទៅ​លេងល្បែង​ស៊ីសង ផឹកស្រា​ស្រវឹង ឬ​ធ្វើ​អ្វី​ឥតប្រយោជន៍ ។

ឯកឧត្តម​រដ្ឋមន្ត្រី​ឲ្យ​ដឹង​ថា មក​ដល់​ពេល​នេះ​ក្រុមការងារ​ទើបតែ​ជីក​ស្រះ​បាន​ចំនួន​២​ឃុំ​ទេ គឺ​ឃុំ​ស្នាម​ព្រះ និង​ឃុំ​មេទឹក ហើយ​កំពុង​ជីក​នៅ​ឃុំ​បឹង​បត់​កណ្ដោល ឃុំ​ត្រពាំង​ជង និង​ឃុំ​ខ្នារ​ទទឹង​បន្ត​ទៀត ខណៈ​ឃុំ​ផ្សេង​ៗ​កំពុង​រក​ទី​តាំង​នៅឡើយ ។ នៅ​ពេល​មាន​ស្រះ មានទឹក បងប្អូន​ដែល​មានគំនិត​ចង់​មាន​ចង់បាន ឧស្សាហ៍​ព្យាយាម​មិន​ខ្ជិលច្រអូស អាច​ដាំ​បន្លែ​គ្រប់​ប្រភេទ ដោយ​មិន​ប្រើ​ជីគីមី ចិញ្ចឹម​ត្រី​អណ្ដែង ចិញ្ចឹម​មាន់ ចិញ្ចឹម​កង្កែប​លក់​បាន​លុយ​រាល់ថ្ងៃ ដោយ​មិន​ចាំបាច់​ធ្វើ​ចំណាកស្រុក ឃ្លាតឆ្ងាយ​ពី​ប្ដី​ប្រពន្ធ ឪពុក​ម្ដាយ និង​កូន​ៗ​នោះ​ទេ ។

ឯកឧត្តម ស៊ុ​យ សែ​ម បាន​ជំរុញ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ខិតខំ​ដាំ​ដំណាំ និង​ចិញ្ចឹមសត្វ​ឲ្យ​បាន​ច្រើន មិន​ខ្វះ​អ្នកទិញ​នោះ​ទេ ព្រោះ​ឯកឧត្តម​រកទីផ្សារ​បាន​អស់ហើយ ខ្លាច​តែ​បងប្អូន​ដាំ​មិន​ទាន់​ឲ្យ​គេ​តែ​ប៉ុណ្ណោះ ។ ក្នុង​បរិវេណ​ដី​ភូមិ​ជុំវិញ​ផ្ទះ ត្រូវ​រៀបចំ​ឲ្យ​មាន​ដំណាំ ដើម​ផ្កា និង​បោសសម្អាត​បរិស្ថាន​ឲ្យ​បាន​ស្អាត​ជា​និច្ច ចៀសវាង​លាមក​គោក្របី ភក់ជ្រាំ ឬ​សំរាម​ពាស​វាលពាស​កាល​គ្មាន​អនាម័យ ដែល​នាំ​មក​នូវ​អ​ពមង្គល និង​កើត​ជំងឺ​តម្កាត់​ផ្សេង​ៗ​ដល់​កូនចៅ​របស់យើង ។

ជាមួយ​គ្នា​នេះ ត្រូវ​បញ្ជូន​កូន​ចូល​រៀន​ឲ្យ​បាន​គ្រប់​ៗ​គ្នា អប់រំ​ពួក​គេ​កុំ​ឲ្យ​ជក់​គ្រឿងញៀន និង​ត្រូវ​ការពារ​កុំ​ឲ្យ​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩​ជា​បន្ត​ទៀត ព្រោះ​វា​មិន​ទាន់​ផុតរលត់​នៅឡើយ​ទេ ៕