ខេត្តសៀមរាប ៖ ស្ត្រី៣នាក់ជួញដូរសត្វត្រចៀកកាំខុសច្បាប់នៅក្នុងផ្សារលើធំថ្មី ត្រូវបានមន្ត្រីជំនាញចុះរឹបអូសយកសត្វត្រចៀកកាំត្រូវគេបោចរោមរួចសរុប២៥០ក្បាល យកមកកំទេចចោល និងចាប់មនុស្សយកមកធ្វើការផាកពិន័យទៅតាមផ្លូវច្បាប់ ហើយឱ្យត្រឡប់ទៅផ្ទះវិញ។
បើតាមប្រសាសន៍របស់លោក ម៉ុង ប៊ុនលីម ប្រធានខណ្ឌរដ្ឋបាលព្រៃឈើខេត្តបានប្រាប់តាមទូរស័ព្ទនៅរសៀលថ្ងៃទី២៥ វិច្ឆិកា នេះថា ស្ត្រីទាំង៣នាក់នេះ ទី១-មាន ឈ្មោះ រៀម ស៊ីណាត អាយុ៣៣ឆ្នាំ, ទី២-ឈ្មោះ សុខ ស្រីនាថ អាយុ៣០ឆ្នាំ និងទី៣-ឈ្មោះ ម៉ន សាវឿន អាយុ២៩ឆ្នាំ អ្នកទាំងបីនាក់រស់នៅក្នុងក្រុងសៀមរាប។
ក្រោយពីសាកសួរនាំរួច ស្ត្រីខាងលើ បានរៀបរាប់ប្រាប់មន្ត្រីជំនាញថា សត្វត្រចៀក កាំ ទាំងនោះ គឺពួកគាត់បានទិញពីពលរដ្ឋនៅក្នុងមូលដ្ឋានដែលពួកគេខ្លះបានប្រើលប ខ្លះប្រើមង រាយប៉ប្រះលើផ្ទៃទឹក ដើម្បីចាប់វា ។
លោកប្រធានខណ្ឌបានបញ្ជាក់ថា លោកនិងបន្តកិច្ចសហការ ជាមួយអាជ្ញាធរមូលដ្ឋានចុះ បង្ក្រាបករណីរាយមង ឬសំណាញ់ ចាប់សត្វត្រចៀកកាំទៅដល់មូលដ្ឋានតែម្ដង។ បើមិនដូច្នោះទេ សត្វត្រចៀកកាំ នឹងឈានទៅដល់ផុតពូជ មិនខាន»។ គួរបញ្ជាក់ថា នៅខេត្តសៀមរាបមានកន្លែង ចិញ្ចឹមសត្វ ត្រចៀកកាំជាច្រើនកន្លែង គេមិនទាន់ដឹងថា តើមានលិខិតអនុញ្ញាតិច្បាប់ដែរឬយ៉ាងណានោះទេ ។