ខេត្តកំពង់ឆ្នាំង ៖ បុរសម្នាក់បានស្លា.ប់នៅនឹងកន្លែង ចំណែកម្នាក់ទៀតបានរងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងម៉ូតូបុកជាមួយម៉ូតូកាលពី វេលាម៉ោង១១និង5នាទីព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ លើកំណាត់ផ្លូវជាតិលេខ៥៣ ត្រង់ចំណុចភូមិអូររោង ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។
មន្ត្រីនគរបាលនៅកន្លែងកើតហេតុបានបញ្ជាក់ថា ជនរងគ្រោះដែលបានស្លា.ប់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើឈ្មោះ ភាវ ស្រ៊ុន ភេទប្រុស មុខរបរកាប់ជ្រូក មានទីលំនៅភូមិកណ្តាល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ចំណែកជនរងគ្រោះម្នាក់ទៀតដែលរងរបួសធ្ងន់ឈ្មោះ សុខ វណ្ណដេត ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅភូមិត្រពាំងរាំង ឃុំអភិវឌ្ឍន៍ស្រុកទឹកផុស មុខរបរជាបុគ្គលិកមេក្រូហិរញ្ញវត្ថុស្ថាបនា ។
តាមប្រភពដដែលបានបន្តថា មុនពេលកើតហេតុ ជនរងគ្រោះទាំង២នាក់បានជិះម៉ូតូ ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ៥៣ ក្នុងទិសដៅបញ្ច្រាសគ្នា លុះមកដល់ចំណុចកើតហេតុក៏បានបុកគ្នាយ៉ាងពេញទំហឹង បណ្ដាលឱ្យបុរសម្នាក់ស្លា.ប់នៅនឹងកន្លែង ចំណែកម្នាក់ទៀតបានរងរបួសធ្ងន់ ។
ក្រោយពេលកើតហេតុ ជនរងគ្រោះដែលបាត់បង់ជីវិត ត្រូវបានក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកអ្នករងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង ។
ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះសមត្ថកិច្ចបានបញ្ជាក់ថាដោយសារអ្នកបើកបរម៉ូតូមានល្បឿនលឿន និងខ្វះការប្រុងប្រយ័ត្ន ៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ