ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹងអត់! ល្បុក្កតោ​ត្រៀម​ខ្លួន​យ៉ាង​ណា​​ពេល​​កំណត់​ឱ្យ​ក្លាយជា​វិញ្ញាសា​ក្នុង​ស៊ីហ្គេ​ម​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ទីបំផុត​កីឡា​ល្បុក្កតោ​កម្ពុជា​ត្រូវ​បាន​ដាក់​បញ្ចូល​ជា​វិញ្ញាសា​ផ្លូវការ​មួយ នៅ​ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេ​ម​២០២៣​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​ជាមួយ​ការ​រំពឹង​នឹង​ទទួល​បាន​មេដាយ​​ច្រើន​ពី​ការ​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​កីឡា​ដ៏​ធំ​ប្រចាំ​តំបន់​អា​សុ​ី​អាគ្នេយ៍​មួយ​នេះ​ទៀត​ផង ។ សំណួរ​បាន​ចោទ​ឡើង​ថា តើ​កីឡា​ល្បុក្កតោ​កម្ពុជា​បាន​ត្រៀមខ្លួន​អ្វីខ្លះ​ដើម្បី​សម្រេច​គោលដៅ​របស់​ខ្លួន​ក្នុង​ការ​ដណ្ដើម​មេដាយ​ឱ្យ​បាន​ច្រើន​ក្នុង​នាម​ជា​ម្ចាស់ផ្ទះ​និង​ជា​ម្ចាស់​ក្បាច់គុន​។ យោង​តាម​ការ​បញ្ជាក់ សហព័ន្ធ​កីឡា​ល្បុក្កតោ​កម្ពុជា​បាន​ត្រៀមខ្លួន​យ៉ាង​ដុតដៃដុតជើង ខណៈ​ដែល​ការ​ត្រៀមខ្លួន​នេះ…

រាជធានី​ភ្នំពេញ ៖ នៅ​ទីបំផុត​កីឡា​ល្បុក្កតោ​កម្ពុជា​ត្រូវ​បាន​ដាក់​បញ្ចូល​ជា​វិញ្ញាសា​ផ្លូវការ​មួយ នៅ​ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេ​ម​២០២៣​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​ជាមួយ​ការ​រំពឹង​នឹង​ទទួល​បាន​មេ
ដាយ​​ច្រើន​ពី​ការ​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​កីឡា​ដ៏​ធំ​ប្រចាំ​តំបន់​អា​សុ​ី​អាគ្នេយ៍​មួយ​នេះ​ទៀត​ផង ។ សំណួរ​បាន​ចោទ​ឡើង​ថា តើ​កីឡា​ល្បុក្កតោ​កម្ពុជា​បាន​ត្រៀមខ្លួន​អ្វីខ្លះ​ដើម្បី​សម្រេច​គោលដៅ​របស់​ខ្លួន​ក្នុង​ការ​ដណ្ដើម​មេដាយ​ឱ្យ​បាន​ច្រើន​ក្នុង​នាម​ជា​ម្ចាស់ផ្ទះ​និង​ជា​ម្ចាស់​ក្បាច់គុន​។

យោង​តាម​ការ​បញ្ជាក់ សហព័ន្ធ​កីឡា​ល្បុក្កតោ​កម្ពុជា​បាន​ត្រៀមខ្លួន​យ៉ាង​ដុតដៃដុតជើង ខណៈ​ដែល​ការ​ត្រៀមខ្លួន​នេះ គឺ​មិនមែន​គ្រាន់តែ​ជា​ការ​ត្រៀមខ្លួន​ដើម្បី​ស៊ី​ហ្គេ​ម​២០២៣ ដែល​កម្ពុជា​ធ្វើ​ជា​ផ្ទះ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជា​ការ​ត្រៀមខ្លួន​ដើម្បី​ដាក់​បញ្ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​មនុស្សជាតិ​របស់អង្គការ​យូ​នី​ស្កូ​ផង​ដែរ ។

លោក វ៉ា​ត់ ចំរើន អនុប្រធាន​សហព័ន្ធ​កីឡា​គុន​ល្បុក្កតោ​កម្ពុជា​មាន​ប្រសាសន៍​ថា ដើម្បី​សម្រួច
គោល​ដៅ​ឆ្ពោះទៅ​ស៊ី​ហ្គេ​ម​លើក​ទី​៣២ ឆ្នាំ​២០២៣ នៅ​ព្រះរាជាណាចក្រ​កម្ពុជា ប្រភេទ​កីឡា​គុន​ល្បុក្កតោ​មានការ​ងារ​ច្រើន​ណាស់​ដែល​ត្រូវធ្វើ​បន្ត​ទៀត ពីព្រោះ​គុន​ល្បុក្កតោ​គឺជា​អត្តសញ្ញាណ​ជាតិ ព្រលឹង​ជាតិ​ទាំងមូល ។

លោក​ថា ក្នុង​ការ​ដាក់​ប្រភេទ​កីឡា​ប្រពៃណី​ជាតិ​កម្ពុជា​ក្នុង​ស៊ី​ហ្គេ​ម ២០២៣​នេះ​មានការ​លំបាក​បន្តិច ដើម្បី​បញ្ចុះបញ្ចូល​ឲ្យ​ប្រទេស​មួយ​ចំនួន​ហ្វឹក​ហាត់គុន​ល្បុក្កតោ ដើម្បី​ឱ្យ​មានការ​ប្រកួត​ប្រជែង ទើប​កម្ពុជា​អាចរៀបចំ​ការ​ប្រកួត​ទៅ​បាន ។ លោក​បញ្ជាក់​ថា​យើង​ត្រូវ​ទៅ​បង្រៀន​គេ​អំពី​ច្បាប់ បទបញ្ជា​នៃ​ការ​ប្រកួត ដើម្បី​ឲ្យ​គេ​ចេះ​ពី​បច្ចេកទេស​ក្នុង​ការ​ប្រកួតប្រជែង​ជាមួយ​យើង ។

ចាប់ពី​ពេល​នេះ​តទៅ យើង​ត្រូវ​ត្រៀម​រៀបចំ​បទបញ្ជា​ការ​ប្រកួត ក្នុង​កម្រិត​អន្តរជាតិ ដោយ​ពិនិត្យ​លើ​គោលការណ៍​លើ​ប្រភេទ​កីឡា​ប្រយុទ្ធ​មួយ​ចំនួន​របស់​អន្តរជាតិ ក៏​ដូច​ជា​គោលការណ៍​នៃ​ការ​ប្រកួត​ស៊ី​ហ្គេ​ម ។ ទាំង​អស់នេះ លោក​ថា​មិនមែន​ជា​រឿង​ងាយស្រួល​នោះ​ទេ ដោយសារ​តែ​នេះ​គឺជា​វិញ្ញាសា​ថ្មី​នៅ​ស៊ី​ហ្គេ​ម ហើយ​ទម្រាំ​តស៊ូ​មតិ​ដើម្បី​ឱ្យ​ស៊ី​ហ្គេ​ម​ទទួលយក ក៏​មិនមែន​ជា​រឿង​ងាយស្រួល​នោះ​ដែរ ។ ក្នុង​នោះ​សម្រាប់​ការ​ហ្វឹកហាត់ និង​សម្រាំង​កីឡាករ ក៏​ត្រូវ​បាន​ត្រៀមខ្លួន​យ៉ាង​ល្អ​ខុស​ពី​មុន​ផង​ដែរ ដោយ​មាន​ផែន​កីឡាការិនី និង​ផែន​កីឡាករ​ផ្នែក​សម្ដែង និង​ប្រយុទ្ធ​ជាដើម ដែល​អាច​ឱ្យ​កម្ពុជា​ជឿជាក់​ថា កីឡាករ​ផ្នែក​នេះ​គឺ​មាន​ធនធាន​ពិតប្រាកដ​សមជា​កីឡា​ប្រពៃណី​របស់​ខ្មែរលើ​ឆាក​អន្តរជាតិ ។

លោក​ថា បើ​និយាយ​ពី​ការ​ត្រៀមខ្លួន គឺ​ត្រៀម​ខុស​ពី​មុន​ដូច​មេឃ និង​ដី ហើយ​កីឡាករ​ម្នាក់​ៗ​គ្រប់​វិញ្ញាសា​ក៏​ត្រូវ​បាន​សម្រាំង​យក​មក​បណ្ដុះ​ដោយ​យកចិត្តទុកដាក់ ដើម្បី​ពង្រឹងសមត្ថភាព​ឱ្យ​ក្លាយជា​ធនធាន​លើ​ឆាក​អន្តរជាតិ​នោះ​ផង​ដែរ ។ ដ្បិតថា ល្បុក្កតោ គឺជា​កីឡា​ប្រចាំ​ជាតិ​កម្ពុជា ហើយ​ក្នុង​នាម​ជា​ម្ចាស់​កីឡា​អាច​មាន​ប្រៀប​ជាង ប៉ុន្តែ​មិន​អាច​ប្រហែស​បាន​ទេ​។ ដូច្នេះ​ហើយ​ទើប​សហព័ន្ធ​បាន​ប្រមូលផ្ដុំ​នូវ​អ្នកមាន​សមត្ថភាព​ឱ្យមក​ធ្វើ​ជា​គ្រូបង្វឹក និង​ជា​កីឡាករ​កាន់តែ​ច្រើន​សម្រាប់​ការ​ត្រៀមខ្លួន​។

លោក​អនុប្រធាន​សហព័ន្ធ​កីឡា​គុន​ល្បុក្កតោ​បន្ថែម​ថា សហព័ន្ធ​ទើប​ទទួល​បាន​ដំណឹង​ពី​លោក អ៊ុ​ក សិទ្ធិ​ជាតិ អគ្គនាយក​កីឡា​នៃ​ក្រសួងអប់រំ យុវជន និង​កីឡា ស្តី​អំពី​ការ​រៀបចំ​កិច្ច​ប្រជុំ​ក្នុង​កម្រិត​អាស៊ី​អាគ្នេយ៍ ដើម្បី​ផ្សព្វផ្សាយ​ពី​ប្រភេទ​កីឡា​គុន​ល្បុក្កតោ​របស់​យើង​ទៅ​កាន់​ប្រទេស​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ។ ជា​លទ្ធផល​ប្រទេស​មួយ​ចំនួន​ទទួលយក​ការ​ហ្វឹក​ហាត់គុន​ល្បុក្កតោ ដូច​ជា​ប្រទេស​វៀតណាម ហ្វី​លី​ពី​ន ឡាវ ម៉ា​ឡេ​ស៊ី មី​យ៉ា​ន់​ម៉ា​ជាដើម ដើម្បី​ត្រៀម​ចូលរួម​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម ឆ្នាំ​២០២៣​។

​នៅ​ឆ្នាំ​២០២២ កម្ពុជា​នឹង​រៀបចំ​ការ​ប្រកួត Pre-SEA Games(​មុន​ការ​ប្រកួត​ផ្លូវការ​)​ដែល​ឲ្យ​តែ​ប្រភេទ​កីឡា​ថ្មី​ត្រូវ​រៀបចំ​ការ​ប្រកួត Pre-SEA Games នេះ ដែល​ជា​គោលការណ៍​របស់​ស៊ី​ហ្គេ​ម​។ អ្វី​ដែល​ជា​កង្វល់​របស់​យើង​បច្ចុប្បន្ន គឺ​គុណភាព​កីឡាករ កីឡាការិនី​របស់​យើង ដែល​យើង​គឺជា​ម្ចាស់ផ្ទះ និង​ជា​ម្ចាស់​ក្បាច់គុន គឺ​យើង​ត្រូវ​តែ​ប្រឹងប្រែង​ឲ្យ​អស់ពី​កម្លាំងកាយ​ចិត្ត​ប្រកបដោយ​ឆន្ទៈ​មោះមុត ជា​ពិសេស​គឺ​សាមគ្គីភាព​ផ្ទៃក្នុង ដើម្បី​សម្រួច​គោលដៅ​ក្នុង​ដំណើរ​ឆ្ពោះទៅ​ដណ្តើម​មេដាយ​ជូន​ជាតិ ក្នុង​ឋានៈ​ជា​ម្ចាស់ផ្ទះ​ស៊ី​ហ្គេ​ម​លើក​ទី​៣២ ឆ្នាំ​២០២៣ ។ លោក​ក៏​ទទូច​ឱ្យ​​អ្ន​ក​គាំទ្រ​បន្ត​លើកទឹកចិត្ត​ដល់​សហព័ន្ធ ក៏​ដូច​ជា​កីឡាករ​ទាំងអស់​នៅ​ក្នុង​វិស័យ​នេះ​ផង​ដែរ ដើម្បី​ជំរុញ​ឱ្យ​ល្បុក្កតោ​កម្ពុជា កាន់តែ​មាន​កម្លាំងចិត្ត​ក្នុង​ការ​ប្រកួតប្រជែង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ