ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លើង​គប់​​ស៊ី​ហ្គេ​ម​​​របស់​កម្ពុជា​នឹង​ត្រូវ​រត់​កាត់​ប្រទេស​ជា​សមាជិក​អាស៊ាន​ទាំង​11

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ភ្លើង​គប់​ស៊ីហ្គេ​ម​២០២៣ របស់​កម្ពុជា​នឹង​ត្រូវ​រត់​កាត់​ប្រទេស​ជា​សមាជិក​អាស៊ាន​​ទាំង​១១ ដោយ​បញ្ចប់​នៅ​ក្នុង​ពិធី​បើក​ការ​ប្រកួត​កីឡា​ស៊ីហ្គេ​ម​ជា​ផ្លូវការ ។ បើ​តាម​ការ​អះអាង​របស់​មន្ត្រីជាន់ខ្ពស់​កីឡា​កម្ពុជា ការ​ប្រកួត​កីឡា​អូ​ឡាំ​ពិ​ក គឺ​គេ​ទៅ​យក​ភ្លើង​អាទិទេព​នា​ភ្នំ​អូ​ឡាំ​ព្យ៉ា​ដ ប្រទេស​ក្រិ​ក…

រាជធានី​ភ្នំពេញ ៖ ភ្លើង​គប់​ស៊ីហ្គេ​ម​២០២៣ របស់​កម្ពុជា​នឹង​ត្រូវ​រត់​កាត់​ប្រទេស​ជា​សមាជិក​អាស៊ាន​​ទាំង​១១ ដោយ​បញ្ចប់​នៅ​ក្នុង​ពិធី​បើក​ការ​ប្រកួត​កីឡា​ស៊ីហ្គេ​ម​ជា​ផ្លូវការ ។ បើ​តាម​ការ​អះអាង​របស់​មន្ត្រីជាន់ខ្ពស់​កីឡា​កម្ពុជា ការ​ប្រកួត​កីឡា​អូ​ឡាំ​ពិ​ក គឺ​គេ​ទៅ​យក​ភ្លើង​អាទិទេព​នា​ភ្នំ​អូ​ឡាំ​ព្យ៉ា​ដ ប្រទេស​ក្រិ​ក ដោយឡែក​សម្រាប់​ស៊ី​ហ្គេ​ម ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​គឺព្រះមហាក្សត្រ​ជា​អ្នក​ប្រទាន​ភ្លើង​ឱ្យ ដែល​ការ​ប្រទាន​ភ្លើង​នេះ​នឹង​រៀបចំ​នៅ​ប្រាសាទអង្គរវត្ត ដែល​ជា​តំបន់​បេតិកភណ្ឌ​របស់​កម្ពុជា ។

លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈ​ក​ម្មា​ធិ​ការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា និង​ជា​អគ្គ​លេខា​ធិ​ការ​​គណៈកម្មាធិការ​ជាតិ​រៀបចំ​ស៊ី​ហ្គេ​ម ឆ្នាំ​២០២៣ បានឱ្យ​ដឹង​ថា ការ​រត់​ភ្លើង​គប់​នេះ កម្ពុជា​នឹង​ចាប់ផ្ដើម​ក្នុង​អំឡុង​ខែកុម្ភៈ ឆ្នាំ​២០២៣ ។ ភ្លើង​នេះ នឹង​ត្រូវ​រក្សា​ទុក​មិន​ឲ្យ​រលត់​រហូត​បញ្ចប់​ការ​ប្រកួត​ស៊ី​ហ្គេ​ម ។ បន្ទាប់​ពី​ព្រះមហាក្សត្រ​ប្រទាន​ហើយ​នោះ ភ្លើង​គប់​នេះ​នឹង​ត្រូវ​រក្សា​ឲ្យ​ល្អ ហើយ​ដឹក​តាម​យន្តហោះ​ឆ្ពោះទៅ​បណ្ដា​ប្រទេស​អាស៊ាន​ទាំង​១១ ។

លោក​បន្ត​ថា នៅ​ក្នុង​បណ្ដា​ប្រទេស​អាស៊ាន អគ្គរាជទូត​ខ្មែរ ដែល​ប្រចាំ​នៅ​ទីនោះ នឹង​ចូលរួម​រត់​ហែ​គប់​ភ្លើង​កាត់​តាម​បណ្ដា​ប្រទេស​អាស៊ាន ដែល​មាន​និវេសនដ្ឋាន​នៅ​ទីនោះ ។ ប្រទេស​ឡាវ គឺជា​ប្រទេស​ចុង​ក្រោយ​ដែល​កម្ពុជា​ត្រូវ​រត់​ឆ្លងកាត់​ទីនោះ​ចូល​មក​កាន់​ប្រទេស​កម្ពុជា​វិញ​។

ក្រោយ​ពេល​ឆ្លង​ដែន​ចូល​មក​កម្ពុជា ក្បួន​រត់​ភ្លើង​គប់​នេះ នឹង​បន្ត​រត់​កាត់​តាម​បណ្ដា​ខេត្ត​នានា ជុំវិញ​បឹង​ទន្លេសាប រួច​បន្ត​រត់​មក​កាន់​រាជធានី​ភ្នំពេញ និង​ចូល​ទៅ​កាន់​កន្លែង​ប្រារព្ធ​ពិធី​បើក​ការ​ប្រកួត​ស៊ី​ហ្គេ​ម​ជា​ផ្លូវការ ។ ការ​រត់​ភ្លើង​គប់​នេះ គឺ​ធ្វើ​យ៉ាងណា​ឲ្យ​ចូល​មក​ដល់​កន្លែង​ប្រារព្ធ​ពិធី​បើក​ចំ​ពេល​ពិធី​ចាប់ផ្ដើម​តែ​ម្ដង ។

សូម​បញ្ជាក់​ថា អ្នក​ដែល​ចូលរួម​រត់​ក្នុង​ពិធី​នេះ មាន​កីឡាករ កីឡាការិនី ដែល​មាន​ស្នាដៃ គ្រូ​បង្វឹក មន្ត្រី​ដឹកនាំ​កីឡា ដែល​មាន​ស្នាដៃ និង​បណ្តា​អ្នក​ដែល​មានគុណ​សម្បត្តិ​ក្នុង​វិស័យ​កីឡា​ដទៃ​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ