ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុព្វហេតុ​នាំ​ឱ្យ​កវី​តែង​បទ​ចម្រៀង ​«អនុស្សាវរីយ៍​ខ្នងភ្នំ​សំពៅ​»

3 ឆ្នាំ មុន
  • ភ្នំពេញ

បទ​ចម្រៀង​«​អនុស្សាវរីយ៍​ខ្នងភ្នំ​សំពៅ​» លោក​គ​ង្គ ប៊ុ​ន​ឈឿ​ន និពន្ធ និង​ថត​នៅ​ក្នុង​អំឡុង​ឆ្នាំ​១៩៧៣ ដើម្បី​ឧទ្ទិស​ដល់​ភូមិឋាន​ភ្នំ​សំពៅ ដែល​ជា​រមណីយដ្ឋាន​ទេសចរណ៍​ដ៏​សំខាន់​មួយ​សម្រាប់​អ្នក​ខេត្តបាត់ដំបង ។ ក្នុង​សៀវភៅ​«​កំណាព្យ​ស្នេហ៍​មាស​»​លោក​គ​ង្គ​ប៊ុ​ន​ឈឿ​ន រំឭក​ថា​កាលពី​ក្មេង​លោក​តែងតែ​ទៅ​លេង​ភ្នំ​សំពៅ…

បទ​ចម្រៀង​«​អនុស្សាវរីយ៍​ខ្នងភ្នំ​សំពៅ​» លោក​គ​ង្គ ប៊ុ​ន​ឈឿ​ន និពន្ធ និង​ថត​នៅ​ក្នុង​អំឡុង​ឆ្នាំ​១៩៧៣ ដើម្បី​ឧទ្ទិស​ដល់​ភូមិឋាន​ភ្នំ​សំពៅ ដែល​ជា​រមណីយដ្ឋាន​ទេសចរណ៍​ដ៏​សំខាន់​មួយ​សម្រាប់​អ្នក​ខេត្តបាត់ដំបង ។

ក្នុង​សៀវភៅ​«​កំណាព្យ​ស្នេហ៍​មាស​»​លោក​គ​ង្គ​ប៊ុ​ន​ឈឿ​ន រំឭក​ថា​កាលពី​ក្មេង​លោក​តែងតែ​ទៅ​លេង​ភ្នំ​សំពៅ រាល់ពេល​បុណ្យ​ភ្ជុំបិណ្ឌ​ឬ​បុណ្យចូលឆ្នាំ​ខ្មែរ ហើយ​បាន​កត់​ត្រាទុក​នូវ​អនុស្សាវរីយ៍​ជា​ច្រើន​ក្នុង​ជីវិត​ស្នេហា​បឋមវ័យ ។

ដោយ​ពិត​នោះ​ប្រជាប្រិយ​ល្បីល្បាញ​របស់​ភ្នំ​សំពៅ ដោយសារ​ភ្នំ​នេះ​មាន​ប្រវត្តិ​អតីតកាល​និង​ភូមិសាស្ត្រ​ទាក់ទង​ក្នុង​រឿងព្រេង​និទាន​ខ្មែរ ដែល​គេ​ដឹង​ឮជា​ទូទៅ គឺ​រឿង​«​នាង​រំសាយសក់​និង​ចៅ​កុ​ល​»​។

ភ្នំ​ជា​ច្រើន​ដែល​នៅ​រាយ ជាប់​ៗ​គ្នា ដូច​ជា​ភ្នំ​ក្រពើ​ភ្នំ​សំពៅ ភ្នំ​នាង​រំសាយសក់ ភ្នំ​ទ្រុងមាន់​ទ្រុង​ទា ភ្នំ​តា​ង៉ែ​ន តា​គត់ តា​ព្រៃ រួម​ទាំង​ភ្នំ​បន្ទាយ​នាង ដែល​នៅ​ខាង​ស្រុក​មង្គលបុរី សុទ្ធតែ​មាន​ជាប់​ទាក់​ទង​នៅ​ក្នុង​រឿងព្រេង​នេះ​ទាំងអស់​។

ដោយឡែក​នៅ​លើ​ខ្នងភ្នំ​សំពៅ មាន​ល្អាង​ជា​ច្រើន​ដែល​ប្រៀប​ដូច​ជា​ផ្នែក ផ្សេង​ៗ នៃ​សំពៅ​របស់​ចៅ​រាជ​កុ​ល ដែល​នាំ​យក​គ្រឿង​បណ្ណាការ​បើក​កាត់​សមុទ្រ​ទៅ​រៀប​ការ​ជាមួយ​នាង​រំសាយសក់ នៅ​នគរ​តក្ក​សិលា ។

អ្នកស្រុក​តែងតែ​និយាយ​ពី​អាថ៌​កំបាំង និង​ភាព​អស្ចារ្យ ផ្សេង​ៗ​របស់​ល្អាង​ល្ខោន ល្អាង​គក់​ទ្រូង ល្អាង​តែងខ្លួន​…​។ រហូត​ដល់​អាស្រម​អ្នក​បង់បត់ អ្នក​ធុតង្គ និង​ដូនជី ក្មេង​ៗ​ដែល​ទៅ​ស្វែងរក​សច្ចធម៌ និង​សេចក្តី​ស្ងប់​នៅ​លើ​ខ្នងភ្នំ​នេះ ។

អ្វី​ដែល​គួរ​ឱ្យ​ចាប់អារម្មណ៍​បំផុត គឺ​នៅ​លើ​ខ្នងភ្នំ​សំពៅ សំបូរ​ទៅ​ដោយ​ដើម​ម្រះព្រៅ​ដុះ​ពាស​ពេញ ចោល​ក្លិនប្រហើរ​ក្រអូប​ឈ្ងុយ ដូច​ជា​ក្លិន​របស់​សម្ល​ខ្មែរ​មួយ​មុខ ដែល​មាន​រសជាតិ​ជា​ប្រពៃណី ។

ទិដ្ឋភាព និង​រឿងរ៉ាវ​ទាំង​អស់នេះ បាន​ក្លាយទៅជា​រឿង​កម្សត់​ព្រាត់​ស្នេហ៍​នៃ​បទ​ចម្រៀង​ដែល​បកស្រាយ​ដោយ​អ្នកស្រី​រស់ សេរី​សុទ្ធា ទៅ​វិញ ហើយ​បាន​ទទួល​ការ​និយម​ជា​ខ្លាំង​ពី​អ្នក​ស្តាប់​ទូ​ទាំង​ប្រទេស ។

សព្វថ្ងៃ អ្នក​ដែល​មានរឿង​រំជួលចិត្ត នៅ​លើ​ខ្នងភ្នំ​សំពៅ បាន​ទុក​បទ​នេះ​ជា​និមិត្តរូប ហើយ​បាន​កំណត់​យក​ក្លិន​ផ្កា​ម្រះព្រៅ ជា​ក្លិន​មួ​ួ​យ​ដែល​មិន​អាច​រលាយ​សាបសូន្យ​បាន ។

ដោយសារ​បទ​នេះ​ផ្តើម​ឃ្លា​ថា​«​បោច​ផ្កា​ម្រះព្រៅ​» ទើប​គេ​និយម​ហៅ​ឈ្មោះ​បទ​ថា​«​បោច​ផ្កា​ម្រះ​ព្រៅ​»​ទៅ​តាម​នោះ តែ​តាម​ពិត​ចំណងជើង​ដើម​ពិតប្រាកដ គឺ​បទ​«​អនុស្សាវរីយ៍​ខ្នងភ្នំ​សំពៅ »។

ចំណែក​សៀវភៅ​«​ចម្រៀង​ចងក្រង​ឡើង​វិញ​»​បរិយាយ​ថា​ភ្នំ​សំពៅ​ជា​រមណីយដ្ឋាន​ធម្មជាតិ​មួយ​ដែល​ស្ថិត​នៅ​ភាគ​ទក្សិណ​ប្រមាណ​ប្រាំបី​គីឡូម៉ែត្រ​ពី​ខេត្តបាត់ដំបង ។ ទីនោះ​ភាគច្រើន​កវីនិពន្ធ​តែង​ជ្រើស​យក​ធ្វើ​ជា​ប្រធានបទ ធ្វើ​ជា​និមិត្តរូប​នៃ​សាច់​រឿង​ជា​ប្រលោមលោក​ក្តី​ជា​កម្រង​អនុស្សាវ​រីយ៍​ស្នេហា​ក្នុង​បទ​ចម្រៀង​ជា​ហូរហែ​មិនសូវ​ខាន ញ៉ាំង​ឱ្យ​ស្នាដៃ​ទាំងនោះ​មាន​រសជាតិ មានព្រលឹង មានជីវិត​យូរអង្វែង​ក្រៃ​លែង មិនតែប៉ុណ្ណោះ​មានរឿង​ខ្លះ​សឹង​ក្លាយជា​រឿង​បែប​ប្រវត្តិសាស្ត្រ​ទៀត​ផង ។

នៅ​លើ​ភ្នំ​សំពៅ​មាន​ទីតាំង​ជា​ច្រើន ដែល​ធ្វើ​ឱ្យ​អ្នកទេសចរ​ឡើង​ទៅ​ដល់​ហើយ​ខកខាន​មិន​ទៅ​ទស្សនា​មិន​បាន នោះ​មាន​ដូច​ជា​ល្អាង​ផ្កាស្លា​អណ្តូងប្រេង ល្អាង​ខ្យល់ ល្អាង​គក់​ទ្រូង ល្អាង​ល្ខោន​…​។ គេ​អាច​ក្រឡេក​មើលទៅ​ជុំវិញ​បរិវេណ​ឃើញ​ភ្នំ​ជា​ច្រើន​ទៀត ដូច​ជា​ភ្នំ​រំសាយសក់ ភ្នំ​ក្រពើ​ជាដើម ។ ចំណែកឯ​តួ​ភ្នំ​ទាំងមូល​ទៀត​សោត បើ​មើល​ពី​ចម្ងាយ​មាន​សណ្ឋាន​ដូច​ជា​សំពៅ​ពណ៌​បៃតងខ្ចី​សណ្តូក​ខ្លួន​កាត់​ពីក្រោម​ផ្ទៃមេឃ ។ ព្រោះតែ​សម្រស់​ធម្មជាតិ​មាន​លក្ខណៈ​ពិសេស​បែប​នេះ​ហើយ​ទើប​ក្នុង​ចំណោម​ទឹក​ប៉ាកកា​ជា​ច្រើន​របស់​កវី​ម្ចាស់​ស្ទឹង​សង្កែ​គ​ង្គ ប៊ុ​ន​ឈឿ​ន បាន​តាក់តែង​បទ​មួយ​រៀបរាប់​សម្បត្តិ​ធម្មជាតិ​ជា​ច្រើន​នៅ​ទីនោះ​ដោយ​បង្វែរ​ពី​ការ​បង្ហាញ​ទេសភាព​ឱ្យទៅ​ជា​រឿង​អនុស្សាវរីយ៍​ស្នេហា​មួយ​គួរ​ឱ្យ​ស្រងេះស្រងោច​ហើយ​ពីរោះ​លន្លង់លន្លោច​ក្រៃ​លែង។

អ្នក​រៀបរៀង​សៀវភៅ​«​ចម្រៀង​ចងក្រង​ឡើង​វិញ​» សម្តែង​ការ​កោតសរសើរ​ចំពោះ​ម្ចាស់​ស្នាដៃ និង​អរគុណ​ចំពោះ​អ្នក​សម្រួល​បទ​ភ្លេង​លោកហាស់ សាឡ​ន ដែល​បាន​បន្ថែម​រសជាតិ​ចម្រៀង​នេះ​ឱ្យ​កាន់តែ​វិសេសវិសាល​ឡើង ។

បទ​«​អនុស្សាវរីយ៍​ខ្នងភ្នំ​សំពៅ​»​និពន្ធ​បទ​ភ្លេង និង​ទំនុកច្រៀង​ដោយ​លោក​គ​ង្គ ប៊ុ​ន​ឈឿ​ន សម្រួល​តន្ត្រី​ដោយ​លោកហាស់ សាឡ​ន និង​ច្រៀង​ដោយ​អ្នកស្រី​រស់ សេរី​សុទ្ធា ។
បទ​ចម្រៀង​នេះ​រាយ​ទំនុក​ថា​៖

១-​បោច​ផ្កា​ម្រះព្រៅ​បាច​ទៅ​ក្នុង​ខ្យល់​រសាត់​ទៅ​ដល់​ខ្នងភ្នំ​ក្រពើ ភ្នំ​រំសាយសក់​ហាក់​គ្មាន​អើពើ​យើង​ឈរ​ពីលើ​គន់មើល​ល្អាង​អណ្តូងប្រេង ។

២-​ចូល​ល្អាង​តែងខ្លួន​ពួន​ចាក់​គម្ពីរ អរុណ​នារី​វត្ត​ដូនជី​ក្មេង ល្អាង​ល្ខោន​គក់​ទ្រូង​រូង​ដាក់​គ្រឿង​ភ្លេង យើង​បាយ​ហើយ​គេង​ស្តាប់ភ្លេង​ក្នុង​ល្អាង​ផ្កាស្លា ។

បន្ទរ​-​អូន​ចាំ​ទាំងអស់​អនុស្សាវរីយ៍ កាល​យើង​ទាំង​ពីរ​ក្រេប​រស​ស្នេហា ឥឡូវ​បាត់​ឈឹង​ឃើញ​តែ​ថ្មដា ឯ​ល្អាង​ផ្កាស្លា​ក្លាយជា​មរណៈ ។

៣-​ពន្លក​ម្រះព្រៅ​ដុះ​ឡើង​វិញ​ហើយ បាត់​តែ​ត្រាណត្រើយ​ទ្រូង​អូន​អួលអាក់ ផ្នូរ​មួយ​យើង​សាង​ទុក​ស្លាប់​ពីរ​នាក់ នៅ​តែ​ប្រឡាក់​ស្នាម​ឆ្លាក់​ឈ្មោះ​អូន និង​បង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ