រាជធានីភ្នំពេញ ៖ បុរសម្នាក់សង្ស័យស្រវឹងស្រាបានជិះម៉ូតូជ្រុលទៅបុករថយន្តមួយគ្រឿងពីក្រោយ បណ្ដាលឲ្យរងការតិចតួច ហើយខាងម្ចាស់រថយន្តសុំស្មើគ្នា តែភាគីខាងម្ចាស់ម៉ូតូមិនព្រមទេ ដោយទាមទាររង់ចាំមេមកដោះស្រាយសិន ទើបសុខចិត្តបញ្ចប់រឿង ។
ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៦និង៤០នាទីយប់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ ត្រង់ចំណុចជិតច្រមុះជ្រូកស្ទឹងមានជ័យ ផ្លូវ២១៧ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ភាគីខាងរថយន្តមួយគ្រឿងម៉ាកតាកូម៉ា ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AD- 7626 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ ។ ចំណែកភាគីខាងម៉ូតូមួយគ្រឿងម៉ាកស្គូពី ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1BB-3264 បើកបរដោយបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ មានវ័យជាង៥០ឆ្នាំ ។
តាមប្រភពព័ត៌មានបានអោយដឹងថា មុនពេលកើតហេតុ គេឃើញបុរស២នាក់ រួមទាំងអ្នកបើកបរបានបើករថយន្តម៉ាកតាកូម៉ា ធ្វើដំណើរតាមបណ្ដោយផ្លូវ២១៧ ក្នុងទិសដៅ ពីត្បូងទៅជើង លុះដល់ចំនុចកើតហេតុខាងលើ ស្រាប់តែមានបុរសម្នាក់វ័យជាង៥០ឆ្នាំ បានជិះម៉ូតូមួយគ្រឿងម៉ាកស្គូពី ពណ៌ក្រហម ធ្វើដំណើរក្នុងទិសដៅស្របគ្នា ក្នុងល្បឿនលឿន ព្រមទាំងស្រវឹងបានជ្រុលទៅបុកគូថរថយន្តម៉ាកតាកូម៉ានោះពីក្រោយ បណ្ដាលឲ្យបែកស្តុបក្រោយចំហៀងខាងឆ្វេងបន្តិច ។ ដោយឡែកខាងម៉ូតូវិញរងការខូចខាតខ្ទេចផែ្នកខាងមុខ រីឯអ្នកបើកបរម៉ូតូបានសន្លប់មួយសន្ទុះក៍ដឹងខ្លួនវិញ ដោយសារតែស្រវឹង ។
តាមប្រភពព័ត៌មានបានបន្តទៀតថា ក្នុងហេតុការណ៍ខាងលើនេះដែរ បន្តិចក្រោយមក គេឃើញមានកម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះទៅកន្លែងកើតហេតុ ហើយបានបាញ់ថ្នាំ សម្គាល់ រួចយកទាំងម៉ូតូ និងរថយន្តដាក់គៀន ដើម្បីកុំអោយមានការកកស្ទះចរាចរណ៍ដល់អ្នកដំណើរដទៃទៀត ព្រមទាំងអោយភាគីទាំងសងខាងធ្វើការសម្របសម្រួលគ្នាផងដែរ ។
តាមប្រភពព័ត៌មានបានបន្តទៀតថា នៅពេលធ្វើការសម្របសម្រួលគ្នានោះ ដោយសារភាគីខាងរថយន្តមិនចង់មានបញ្ហាវែងឆ្ងាយ ក៏បានសុំស្មើគ្នា តែភាគីខាងម៉ូតូមិនសុខចិត្ត ដោយនិយាយថា ចាំមេរបស់គាត់មកសិន ។ ក្នុងការសម្របសម្រួលគ្នាខាងលើនោះអស់ជាង១ម៉ោង តែភាគីខាងម៉ូតូនៅមិនស្តាប់គ្នា ទោះបីជាសមត្ថកិច្ច ជួយនិយាយ បញ្ជាក់ហេតុផលប្រាប់យ៉ាងណា ក៏តែមិនព្រមដដែល ។
ក្រោយកើតហេតុ ភាគីខាងម៉ូតូបានទូរស័ព្ទទៅជួបមេរបស់ខ្លួន ហើយហុចទូរស័ព្ទអោយសមត្ថកិច្ចមូលដ្ឋាននិយាយជាមួយ ទើបភាគីខាងម៉ូតូសុខចិត្តយល់ព្រមបញ្ចប់រឿង ដោយយកម៉ូតូ និងរថយន្តទៅជួសជុលរៀងៗខ្លួនដើម្បីបញ្ចប់រឿងតែម្តង ៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ