កាលនៅពីតូចកុមារក៏ចូលចិត្តសួរមនុស្សធំ ៖«អានេះស្អីគេ ?» «ម៉េចបានជាដូចនេះ? «ម៉េចបានជាដូចនោះ?»… ។ ប៉ុន្តែពេលក្លាយជាមនុស្សធំ ទម្លាប់ចង់ចេះ ចង់ដឹងនេះរលាយទៅវិញអស់ ។ គឺជាសុភមង្គលថ្លៃថ្លាណាស់ចំពោះជីវិត ដែលមានតែប៉ាស្កាល់ទេនៅរក្សាទម្លាប់នេះបានរហូតពេញវ័យ ។
កុមារប៉ាស្កាល់កំព្រាម្តាយតាំងពីអាយុបួនឆ្នាំ គេរស់នៅក្នុងភាពម្ចាស់ការ ស្វ័យបម្រើ ហើយមានគំនិតចេះរៀបទុកដាក់ សិក្សារៀនសូត្រជ្រើសរើសសម្ភារល្បែង និងមានចម្ងល់ចង់ចេះដឹងពុំចេះអស់ ពុំចេះហើយ ។
ឪពុកប៉ាស្កាល់ជាប្រធានការិយាល័យពន្ធដារ។ ពេលថ្ងៃលោករវល់ការងាររាប់ម៉ឺនជំពូក ។ ប៉ុន្តែនៅពេលយប់បន្ទាប់ពីបរិភោគរួច ប៉ាស្កាល់សួរឪពុកគ្រប់រឿងដែលគេជួបប្រទះ និងស្រពេចស្រពិល ។ កុមារបង្ខំឲ្យឪពុកពណ៌នាតាំងពីរំសេវ ខ្យល់ព្យុះ ទឹកជំនន់ កែវឆ្លុះ មេដែក …។
មានម្តងនោះប៉ាស្កាល់រពិសដៃយកកូនកាំបិតគោះចានពរ្សឺឡែនលាន់សូរ«ប៉ឺងៗ» យ៉ាងរណ្តំ។ កុមារយកដៃម្ខាងខ្ទប់ចាន ដៃម្ខាងកាន់កាំបិតគោះ ស្នូរ«ប៉ឺងៗ» នោះរលាយបាត់ទៅ ។ ចំពោះបាតុភូតនេះពុំមាននរណាយកចិត្តទុកដាក់សោះ ។ ប៉ុន្តែប៉ាស្កាល់សែនឆ្ងល់ ៖ «ហេតុអ្វីបានជាស្នូរសំឡេងនេះរលត់ទៅ ? តើវាបាត់ទៅណាន៎ ?» ។
ដូចនេះពិសោធន៍មួយក៏ចាប់ផ្តើមឡើង ។ ទីបំផុតប៉ស្កាល់ក៏បានសម្រេចតាមបំណងរបស់ខ្លួន តាមរយៈ«សារណា»មួយទាញសន្និដ្ឋានដំបូងពីបន្សាយសំឡេង ។ ពេលនោះប៉ាស្កាល់មានអាយុទើបតែ១២ឆ្នាំប៉ុណ្ណោះ ។
ក្រោយមកប៉ាស្កាល់ឃើញឪពុក និងមិត្តភក្តិរួមការងារជជែកគ្នាពីបញ្ហាគណិតវិទ្យា ។ កុមារច្រាសច្រាល់ចង់ដឹងណាស់ថាហេតុអីគណិតវិទ្យាធ្វើឲ្យមនុស្សដែលធ្លាប់តែអធិកអធមបែរជាប្រកែកគ្នាយ៉ាងតឹងសរសៃករហូតក្រហមមុខ ក្រហមស្លឹកត្រចៀក រៀងៗខ្លួន ។
ថ្ងៃមួយប៉ាស្កាល់សួរឪពុក៖
«ពុកអ្ហា ! ធរណីមាត្រដែល អ៊ំៗតែងតែឈ្លោះគ្នាក្នុងផ្ទះយើងនោះជាស្អីទៅ » ?
ថ្វីដ្បិតឪពុកប៉ាស្កាល់ជាអ្នកចូលចិត្តគណិតវិទ្យា ប៉ុន្តែលោកពុំដែលនឹកប្រាថ្នាចង់បង្រៀនចំណេះដឹងគណិតវិទ្យាដល់កូនម្តងណាឡើយ ។ លោកគិតថាកូនលោកនៅក្មេងណាស់ ។ ម្យ៉ាងទៀតលោកមានបំណងចង់ឲ្យកូនប្រុសតែមួយរបស់លោកក្លាយជាភាសាវិទូវិញ ។ ម្ល៉ោះហើយលោកឆ្លើយឲ្យតែចប់រឿង ៖
«ធរណីមាត្រហ្នឹងឬ ? ជារបៀបគូររូបឲ្យបានត្រឹមត្រូវ និងរកការទាក់ទងទៅវិញទៅមក រវាងរូបទាំងនោះ »។
មួយខែក្រោយមកពេលឈានជើងចូលបន្ទប់ លោកឪពុកឃើញកូនប្រុសកំពុងពោបលើក្តារក្រាលជាមួយរូបគំនូរច្រើនរាប់មិនអស់ដូចជា រង្វង់ ត្រីកោណ ប្រឡេឡូក្រាម ពីរ៉ាមីត បន្ទាត់ស្រប… ។ ប៉ាស្កាល់ប្រញាប់ប្រញាល់ពន្យល់ឪពុក ៖
«កូនកំពុងរកការទាក់ទងទៅមកដែលពុកមានប្រសាសន៍ប្រាប់កូនក្នុង«កង់ឡាន» និង«បួនជ្រុងទ្រវែង» នោះណាពុក ! » ។
«កង់ឡាន» និង«បួនជ្រុងទ្រវែង» ជាឈ្មោះដែលប៉ាស្កាល់ដាក់ឲ្យ ៖ «រង្វង់» និង«ចតុកោណកែង» ។ ដោយការព្យាយាមឲ្យសម្រេចតាមបំណងរបស់ខ្លួន ប៉ាស្កាល់អាចសម្រេចបំណងប្រាថ្នានេះដោយជោគជ័យដែលអាចបញ្ជាក់លក្ខណៈមួយចំនួនទៀតរបស់រូប លើមូលដ្ឋាននៃការស្រាវជ្រាវស្តីពី «ច្បាប់» និង«បុព្វបទ»ដទៃទៀត ។ ពិសេសប៉ាស្កាល់អាចបកស្រាយបានពីច្បាប់ស្តីពីផលបូកមុំក្នុងត្រីកោណដោយវិធីដោយឡែករបស់ខ្លួនផ្ទាល់ ។
ឃើញដូចនេះឳពុកប៉ាស្កាល់រំភើបញាប់ញ័រ សប្បាយរីករាយរហូតស្រក់ទឹកភ្នែក ។ លោកបានសារសព្ទប្រាប់មិត្តភក្តិ៖ «កូនខ្ញុំនឹងក្លាយជាគណិតវិទូ ខ្ញុំទើបនឹងរកឃើញប្រការនេះក្នុងថ្ងៃនេះ !»។
ឆ្នាំ១៦៣៩ប៉ាស្កាល់បានសរសេរនិក្ខេបបទវិទ្យាសាស្ត្រមួយទៀតដែលល្បីល្បាញឈ្មោះ «សម្មតិកម្មកោណ »។ នេះជាសម្មតិកម្មមួយយ៉ាងសំខាន់ក្នុងចំណោមសម្មតិកម្មមូលដ្ឋាននៃធរណីមាត្រចំណោល ។
អ្នកប្រាជ្ញដេកាត វាយតម្លៃខ្ពស់ចំពោះស្នាដៃនេះ ហើយបានដាក់ឈ្មោះថា «សម្មតិកម្មធំប៉ាស្កាល់» ។ គាត់បន្ថែមថា «ចំពោះស្នាដៃស្រាវជ្រាវបែបនេះ ទាល់តែអ្នកប្រាជ្ញ ធំៗ ទើបអាចសម្រេចបាន »។ ប៉ុន្តែស្នាដៃបែបនេះបានចាប់បដិសន្ធិឡើងនៅពេលប៉ាស្កាល់មានអាយុ១៦ឆ្នាំប៉ុណ្ណោះ ។
ពេលឃើញឪពុកឈ្ងោកក្បាល កោងខ្នងទាំងថ្ងៃទាំងយប់ ជាមួយប្រមាណវិធីតួលេខរាប់រយ រាប់ពាន់ ប៉ាស្កាល់តឹងចិត្តណាស់ ។ គេព្យាយាមពិចារណា ៖ «ត្រូវរិះរកវិធីណាមួយដើម្បីធ្វើឲ្យឪពុកធូរស្រាលអាចរំដោះខ្លួនរួចពីតួលេខដ៏ស្មុគស្មាញ រកកោះរកត្រើយពុំឃើញនេះ» ។ ដូចនេះនៅឆ្នាំ១៦៤០កូនប្រុសអាយុ១៧ឆ្នាំក៏បានសម្រេចបំណងរបស់ខ្លួន ហើយបានធ្វើអំណោយម៉ាស៊ីនបូកលេខ ដកលេខមួយដល់ឪពុកដែលជាម៉ាស៊ីនដ៏សាមញ្ញ តែផ្ទុកដោយសន្តានចិត្តដឹងគុណកតញ្ញូចំពោះឪពុកជានិច្ច ។
ដោយសារបំណងប្រាថ្នាដ៏ស្រួចស្រាល់ និងការព្យាយាម អំណត់តស៊ូក្នុងជីវិតគ្រប់បែបយ៉ាង ប៉ាស្កាល់ក៏សម្រេចបានជោគជ័យយ៉ាងឧត្តុង្គឧត្តមក្នុងឆាកជីវិត ផ្សារភ្ជាប់នឹងស្នាដៃទាំងនេះ ។ ប៉ាស្កាល់ត្រូវបានមនុស្សជំនាន់ក្រោយប្រតិស្ឋនាមជូនថា «គណិតវិទូដ៏មហិមា »(ស្រង់ពីសៀវភៅថ្នាក់មធ្យមសិក្សានៃក្រសួងអប់រំ) ៕
ចែករំលែកព័តមាននេះ