សហរដ្ឋអាមេរិក ៖ ជិត២ខែមុនការចូលកាន់តំណែង និងខណៈលោកដូណាល់ត្រាំនៅបដិសេធមិនទាន់ទទួលស្គាល់បរាជ័យរបស់លោក ប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោកចូបៃដិន កាលពីថ្ងៃទី២៤ វិច្ឆិកា ក៏បានបង្ហាញ នូវសមាសភាពរដ្ឋបាលរបស់លោក ដោយក្រុមរបស់លោករួមមានឥស្សរជនច្រើនរូបនៃអតីតប្រធានាធិបតីលោកបារ៉ាក់អូបាម៉ា។ ម្យ៉ាងទៀតលោកគោរពការសន្យាដោយក្នុងរដ្ឋបាលថ្មីមានបញ្ចូលនារីច្រើនរូប ព្រមទាំងមនុស្សមកពីជនជាតិភាគតិច។
សមាជិកជាច្រើននៃរដ្ឋបាលលោកបៃដិន ជាមនុស្សជំនិតរបស់លោកនិងអតីតមនុស្សនៃរដ្ឋបាលរបស់លោកអូបាម៉ា រហូតដល់គេហៅរដ្ឋបាលនោះថា រដ្ឋបាលទី២ របស់លោកបារ៉ាក់អូបាម៉ា។
លោកANTONY BLINKEN អាយុ៥៨ឆ្នាំដែលត្រូវតែងតាំងជារដ្ឋមន្ត្រីការបរទេស ជាទីប្រឹក្សាមួយរូបតាំងពីយូរមកហើយរបស់លោកបៃដិន ហើយក៏ជាអនុរដ្ឋរដ្ឋមន្ត្រីការបរទេសរបស់លោកអូបាម៉ាដែរ។ លោកJAKE SULLIVAN ដែលតែងតាំងជាទីប្រឹក្សាសន្តិសុខជាតិក៏ជាមនុស្សជំនិតរបស់ប្រធានាធិបតីជាប់ឆ្នោត និងជាអ្នកធ្លាប់ធ្វើការក្នុងក្រសួងការបរទេស ក្រោមលោកស្រីហ៊ីលឡារីគ្លីនតុន។ អតីតរដ្ឋមន្ត្រីការបរទេសរបស់លោកបារ៉ាក់អូបាម៉ា លោកចនឃ័ររីអាយុ៧៦ឆ្នាំ ជ្រើសតាំងជាបេសកជនពិសេសរបស់ប្រធានាធិបតី ទទួលបន្ទុកខាងបរិស្ថាន។
លោកALEJANDRO MAYORKASជារដ្ឋមន្ត្រីសន្តិសុខផ្ទៃក្នុង ដែលលោកក៏ជាអ្នកធ្លាប់ធ្វើការក្រោមរដ្ឋបាលលោកអូបាម៉ា។ លោកស្រីLINDA THOMAS GREENFIELDតែងតាំងជាឯកអគ្គរដ្ឋទូតអាមេរិកប្រចាំអ.ស.ប លោកស្រីAVRIL HAINESជាប្រមុខភ្នាក់ងារស៊ើបការណ៍ ក៏សុទ្ធតែជាអ្នកធ្លាប់ធ្វើការក្រោមរដ្ឋបាលលោកអូបាម៉ា។
លោកបៃដិនបានបញ្ចូលនារីច្រើនរូបក្នុងរដ្ឋបាលថ្មីរបស់លោក ដោយលោកស្រីJANET YELLEN អាយុ៧៤ឆ្នាំ អតីតប្រធានផ្នែកត្រៀមបំរុងសហព័ន្ធFEDពីឆ្នាំ២០១៤ទៅ២០១៨ ត្រូវតែងតាំងជារដ្ឋមន្ត្រីរតនាគារ។
លោកបៃដិនបានតែងតាំងនារីដំបូងម្នាក់លោកស្រីMICHELE FLOURNOYជារដ្ឋមន្ត្រីការពារប្រទេសអាមេរិក។ លោកស្រីជាអ្នកជំនាញការខាងកិច្ចការពារហើយជាមនុស្សដែលមានគេគោរពច្រើនក្នុងមន្ទីរប៉ង់តាហ្គោន ដោយលោកស្រីជាមនុស្សទី៣ក្រោមលោកអូបាម៉ា៕ ដកស្រង់ចេញពីវេបសាយ ៖ yahoo
ចែករំលែកព័តមាននេះ