ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាស៊ីណូ​ជិត​១០​កន្លែង​ជាប់​ព្រំដែន​ត្រូវ​បិទទ្វារ ខណៈ​អត់​មាន​ភ្ញៀវ​ឆ្លង​ដែន​មក​(​វី​ដេ​អូ​)

3 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ មេការ​កាស៊ីណូ ក៏​ដូច​ជា​បុគ្គលិក​ធ្វើការ​នៅ​កាស៊ីណូ​នីមួយ​ៗ​មានការ​ត្អូញត្អែរ​ពី​បញ្ហា​ជីវភាព​របស់​ខ្លួន បន្ទាប់​ពី​កាស៊ីណូ​ទាំងអស់​នៅ​ជាប់​នឹង​ព្រំដែន​កម្ពុជា​-​ថៃ ក្នុង​ខេត្ត​ប៉ៃលិន ស្ថិត​នៅ​ភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ត្រូវ​បាន​បិទទ្វារ…

ខេត្ត​ប៉ៃលិន ៖ មេការ​កាស៊ីណូ ក៏​ដូច​ជា​បុគ្គលិក​ធ្វើការ​នៅ​កាស៊ីណូ​នីមួយ​ៗ​មានការ​ត្អូញត្អែរ​ពី​បញ្ហា​ជីវភាព​របស់​ខ្លួន បន្ទាប់​ពី​កាស៊ីណូ​ទាំងអស់​នៅ​ជាប់​នឹង​ព្រំដែន​កម្ពុជា​-​ថៃ ក្នុង​ខេត្ត​ប៉ៃលិន ស្ថិត​នៅ​ភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ត្រូវ​បាន​បិទទ្វារ ខណៈ​ភ្ញៀវ​អន្តរជាតិ ដូច​ជា​ភ្ញៀវ​ថៃ​ជាដើម អត់​មាន​ឆ្លង​ដែន​ចូល​មក​លេង​ដូច​សព្វមួយដង​ឡើយ ព្រោះតែ​បញ្ហា​ជំងឺ​កូ​វី​ដ​១៩ ដែល​កំពុង​តែ​វាយប្រហារ​លើ​ពិភពលោក ក៏​ដូច​ជា​ប្រទេស​កម្ពុជា​ផង​ដែរ​។

ជាក់ស្តែង​កាលពី​វេលា​ម៉ោង​១០​និង​៤០​នាទី​ព្រឹក ថ្ងៃ​ទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០២០ កន្លង​ទៅ​នេះ គេ​សង្កេត​ឃើញ​កាស៊ីណូ​ទាំងអស់​ត្រូវ​បាន​ថៅកែ​បិទទ្វារ​ជិត លុះ​ភ្នាក់ងារ​សារព័ត៌មាន​សួរនាំ​មេការ និង​បុគ្គលិក ទើប​ពួក​គេ​ប្រាប់​ថា ក្រោយ​ពី​កាស៊ីណូ​មួយ​ចំនួន​បាន​បើកទ្វារ​ម្តងទៀត ខណៈ​ពេល​រលក​កូ​វី​ដ​១៩​លើក​ទី​២ ចូល​មក​ទឹកដី​កម្ពុជា កាស៊ីណូ​ត្រូវ​បាន​បិទ​បន្ត​ទៀត ហើយ​អនុញ្ញាតិ​ឱ្យ​បុគ្គលិក​ទាំងអស់​ត្រឡប់​ទៅ​ផ្ទះ​រៀង​ៗ​ខ្លួន នៅ​សល់​តែ​មេការ​មួយ​ចំនួន​រង់ចាំ​មើលថែ​ទាំ​បន្ទប់​កាស៊ីណូ​តែ​ប៉ុណ្ណោះ ។

តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​រស់នៅ​ក្នុងភូមិ​ផ្សារ​ព្រំ បាន​រៀបរាប់​ទាំង​ទឹកមុខ​ស្រងូតស្រងាត់​ឱ្យ​ដឹង​ថា ការ​លក់ដូរ​នៅ​តាម​ច្រក​ទ្វារ​ព្រំដែន​នា​ពេល​នេះ​មានការ​ធ្លាក់​ចុះ​ខ្លាំង ពោល​គឺ​ស្ងាត់​ភ្ញៀវ​តែ​ម្តង។

ប្រភព​ដដែល​បន្ត​ទៀត​ថា ច្រក​ទ្វារ​អន្តរជាតិ​ព្រំដែន ត្រូវ​បាន​បើក​ឱ្យ​ដំណើរការ​ឡើង​វិញ​ហើយ តែ​គេ​ឱ្យ​ត្រឹមតែ​រថយន្ត​តូច​ធំ​ចេញចូល​ដឹក​ទំនិញ​ប៉ុណ្ណោះ រីឯ​មនុស្ស​វិញ គឺ​ហាម​ដាច់ខាត​មិន​ឱ្យ​ឆ្លងកាត់​ទៅ​មក​នោះ​ឡើយ ព្រោះ​ទាំង​ភាគី​ថៃ និង​ខ្មែរ ខ្លាចក្រែង​មានការ​ឆ្លង​ជំងឺ​ដ៏​កាច​សាហាវ​មួយ​នេះ ។

ប្រភព​ដដែល​បញ្ជាក់​ទៀត​ថា រហូត​មក​ដល់​ឥឡូវ កាស៊ីណូ​ជិត​១០​កន្លែង​ត្រូវ​បាន​បិទទ្វារ​ទាំង​អស់ មិន​មាន​ភ្ញៀវ​ណា​ចូល​ទៅ​លេង​នោះ​ឡើយ គឺ​មាន​តែ​ប្រជាពលរដ្ឋ​លក់ដូរ​ម្ហូបអាហារ​នៅ​តាម​ហាង និង​តាម​ចិញ្ចើម​ផ្លូវ​បន្តិចបន្តួច​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​ប្រចាំ​ថ្ងៃ​។

ហើយ​ពួក​គេ​ម្នាក់​ៗ​ថ្ងូរ​គ្រប់​គ្នា​ថា មិនដឹង​ជា​នៅ​ពេល​ណា ទើប​ជំងឺ​កូ​វី​ដ​១៩ ត្រូវ​ផុតរលត់​ទៅ​វិញ​នោះ​ទេ បើសិនជា​នៅ​បន្ត​អូស​បន្លាយ​រយ​:​ពេល​យូរ​ទៀត ពិតជា​មានការ​ខ្វះខាត​ផ្នែក​ហិរញ្ញវត្ថុ​គ្រួសារ​ជាក់​ជា​មិន​ខាន ។

ពាក់ព័ន្ធ​ទៅ​នឹង​បញ្ហា​ខាងលើ​នេះ លោក លឹ​ម វាសនា ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ប៉ៃលិន បាន​ឱ្យ​ភ្នាក់ងារ​ព័ត៌មាន​ដឹង​កាលពី​រសៀល​ថ្ងៃ​ទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ​ថា រហូត​មក​ដល់​ពេល​នេះ កាស៊ីណូ​ចំនួន​៦​កន្លែង​ត្រូវ​បាន​បិទទ្វារ​ទាំងអស់​វិញ​ហើយ ពោល​គឺ​មិន​ដំណើរការ​ដូច​មុន​នោះ​ទេ ព្រោះតែ​បញ្ហា​ជំងឺ​កូ​វី​ដ​១៩​បន្ត​វាយលុក ដែល​ធ្វើ​ឱ្យ​ម្នាក់​ៗ​មានការ​ព្រួយបារម្ភ​ពី​សុវត្ថិភាព ។ លោក​បន្ត​ទៀត​ថា ដូច្នេះ​ហើយ សូម​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ត្រូវ​លាង​ដៃ​នឹង​សាប៊ូ ឬ​ទឹក​អាល់កុល​ជា​ប្រចាំ ពិសេស​ត្រូវ​ពាក់​ម៉ាស​ការពារ​ផង​ដែរ និយាយ​ជាមួយ​អ្នក​ដទៃ ឬ​ពេល​ចេញ​ទៅ​ក្រៅ​ផ្ទះ​ជាដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ