រាជធានីភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយមបានឲ្យដឹងថា កម្ពុជានឹងចុះត្រជាក់ចាប់ពីខែធ្នូ រហូតដល់ខែមករា ឆ្នាំ២០២១ខាងមុខនេះ ដោយសាររងឥទ្ធិពលនៃបាតុភូតឡានីណាពីប្រទេសចិន ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងធនធានទឹកចេញផ្សាយ នៅថ្ងៃទី២៥ វិច្ឆិកាឆ្នាំ២០២០ បានលើកឡើងថា តាមរយៈការតាមដាន និងការវិវត្តជាក់ស្តែងនៃស្ថានភាពអាកាសធាតុបង្ហាញឲ្យឃើញថា ដោយសារឥទ្ធិពលនៃបាតុភូតឡានីណា (La Nita ) បានធ្វើឲ្យជ្រលងសម្ពាធខ្ពស់ពីប្រទេសចិនរុញចុះមកក្រោមខ្លាំង និងគ្របដណ្តប់មកលើកម្ពុជា ។
ក្រសួងបន្តថា តាមការព្យាករលក្ខណៈបែបនេះនឹងធ្វើឲ្យព្រះរាជាណាចក្រកម្ពុជាក្នុងរដូវរំហើយខាងមុខនេះ (ខែធ្នូ ឆ្នាំ២០២០-ខែមករា ឆ្នាំ ២០២១) ស្ថានភាពធាតុអាកាស និងចុះត្រជាក់ជាងបណ្តាឆ្នាំកន្លងទៅ ។ ក្រសួងបានលើកឡើងថា ធាតុអាកាសនឹងចាប់ផ្តើមចុះត្រជាក់លើកទី១ ដោយចាប់ពីសប្តាហ៍ទី១ ខែធ្នូ ដល់សប្តាហ៍ទី៣ ខែធ្នូ ឆ្នាំ២០២០ៗ នៅក្នុងអំឡុងពេលនោះ មានថ្ងៃមួយចំនួនធាតុអាកាសអាចនឹងចុះត្រជាក់ពីមធ្យមទៅបង្គួរ ក្នុងនោះមាន ៖
បណ្តាខេត្តនៅភាគខាងលើ ក្នុងភូមិសាស្ត្រតំបន់ជួរភ្នំដងរែក និងខ្ពង់រាបភាគឦសាន សីតុណ្ហភាពអប្បបរមា នឹងធ្លាក់ចុះមកនៅក្នុងរង្វង់ពី ១៨C ទៅ ២១C ។ បណ្តារាជធានី ខេត្តដទៃទៀត សីតុណ្ហភាពអប្បបរមាក្នុងរង្វង់ពី ១៩°C ទៅ ២ ២ C ។
ក្រសួងឲ្យដឹងទៀតថា ធាតុអាកាសនឹងចុះត្រជាក់លើកទី២ ដោយចាប់ពីសប្តាហ៍ទី៤ ខែធ្នូ ឆ្នាំ២០២០ ដល់បំណាច់ខែមករា ឆ្នាំ២០២១ ។ ក្នុងអំឡុងពេលនោះធាតុអាកាសនឹងចុះត្រជាក់ខ្លាំង និងត្រជាក់យូរច្រើនថ្ងៃក្នុងនោះមាន ៖ បណ្តាខេត្តនៅភាគខាងលើក្នុងភូមិសាស្ត្រជាប់តំបន់ភ្នំ និងតំបន់ខ្ពង់រាបភាគឦសាន សីតុណ្ហភាពអប្បបរមាអាចនឹងធ្លាក់ចុះមកនៅក្នុងរង្វង់ពី ១៦C ទៅ ១៩ C ។ បណ្តាខេត្តដទៃទៀត សីតុណ្ហភាពអប្បបរមា នៅក្នុងរង្វង់ពី ១៨°C ទៅ ២១C ។
ក្រសួងបន្ថែមថា យោងលើស្ថានភាពអាកាសធាតុ ដូចបានជម្រាបជូនខាងលើ សូមក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងសាធារណជន សូមជ្រាបជាព័ត៌មាន ។ ក្រសួងធនធានទឹក និងឧតុនិយម បាននិងកំពុងបន្តតាមដានយ៉ាងយកចិត្តទុកដាក់លើ បាតុភូតធម្មជាតិនេះ ហើយនឹងជម្រាបជូនព័ត៌មានជាបននតបន្ទាប់ទៀតក្នុងករណីអាកាសធាតុមានការប្រែប្រួល៕
ចែករំលែកព័តមាននេះ