ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រីជាន់ខ្ពស់​ក្រសួងបរិស្ថាន ឱ្យ​បង្កើន​ការ​ចូលរួម​ដាំ​ដើមឈើ​នៅ​តាម​ទី​សាធារណៈ

3 ឆ្នាំ មុន
  • ព្រះវិហារ

ខេត្តព្រះវិហារ ៖ មន្ត្រីជាន់ខ្ពស់​ក្រសួងបរិស្ថាន បាន​បន្ត​លើកទឹកចិត្ត​អាជ្ញាធរ​មូលដ្ឋាន និង​ប្រជាពលរដ្ឋ​ឱ្យ​បង្កើន​ការ​ចូលរួម​ដាំ​ដើមឈើ​នៅ​តាម​ទី​សាធារណៈ សាលារៀន វត្ត​អារាម និង​នៅ​តាម​ក្រសួង មន្ទីរ​អង្គភាព​នានា​ដើម្បី​បង្កើន​ភាព​បៃតង ចូលរួម​ការពារ​បរិស្ថាន​-​ធនធានធម្មជាតិ…

ខេត្តព្រះវិហារ ៖ មន្ត្រីជាន់ខ្ពស់​ក្រសួងបរិស្ថាន បាន​បន្ត​លើកទឹកចិត្ត​អាជ្ញាធរ​មូលដ្ឋាន និង​ប្រជាពលរដ្ឋ​ឱ្យ​បង្កើន​ការ​ចូលរួម​ដាំ​ដើមឈើ​នៅ​តាម​ទី​សាធារណៈ សាលារៀន វត្ត​អារាម និង​នៅ​តាម​ក្រសួង មន្ទីរ​អង្គភាព​នានា​ដើម្បី​បង្កើន​ភាព​បៃតង ចូលរួម​ការពារ​បរិស្ថាន​-​ធនធានធម្មជាតិ និង​ប្រព័ន្ធ​អេកូឡូស៊ី បង្កើន​គុណភាព​ខ្យល់ ថែរក្សា​គុណភាព​ដី និង​ការពារ​ប្រភព​ទឹក​ក្រោម​ដី​សម្រាប់​មនុស្ស​រាប់​ជំនាន់​ទៅ​មុខ​ទៀត បន្ថែម​ពីលើ​ព្រៃឈើ​នៅ​ក្នុង​តំបន់ការពារធម្មជាតិ​ដែល​កម្ពុជា​មាន​ស្រាប់ និង​បាន​កំពុង​ការពារ និង​អភិរក្ស​។

ការ​លើកទឹកចិត្ត​ឱ្យ​បង្កើន​ការ​ដាំ​ដើមឈើ​នេះ​ធ្វើ​ឡើង​ក្រោម​វត្តមាន​លោក​នេត្រ ភក្ត្រា រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន នៅ​ថ្ងៃ​ទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២០ នេះ​ក្នុង​ឱកាស​ប្រារព្ធ​ទិវា​អនាម័យ​បរិស្ថាន​ជាតិ ដែល​មានការ​ចូលរួម​ពី​លោក ប្រាក់ សុវណ្ណ អភិបាល​នៃ​គណៈ​អភិបាល​ខេត្តព្រះវិហារ មន្ត្រីរាជការ សិស្ស​និស្សិត កងកម្លាំង​សមត្ថកិច្ច​ដោយ​មានការ​ដាំ​ដើមឈើ​ជា​និមិត្តរូប​នៅ​ក្នុង​បរិវេណ​សាលា​ខេត្តព្រះវិហារ​។ លោក​រដ្ឋលេខាធិការ នេត្រ ភក្ត្រា បាន​មាន​ប្រសាសន៍​ថា ព្រៃឈើ​ដើរតួ​នាទី​សំខាន់​ក្នុង​ការ​ការ ពារ​ប្រព័ន្ធ​អេកូឡូស៊ី​ដែល​យើង​ចាំបាច់​ត្រូវ​ដាំ​បន្ថែម​ពីលើ​ឈើ​ធម្មជាតិ​ដែល​កម្ពុជា​មាន​។

ឯកឧត្តម នេត្រ ភក្ត្រា បាន​ថ្លែង​ថា​បច្ចុប្បន្ន គម្រប​ព្រៃឈើ​កម្ពុជា​មាន​ជាង ៨,៥ លាន​ហិ​កតា​ស្មើនឹង ៤៦,៨៦% នៃ​ផ្ទៃដី​សរុប របស់​កម្ពុជា​។ ដោយឡែក​ផ្ទៃដី​ព្រៃឈើ​ដែល​ស្ថិត​ក្រោម​ការ​ការពារ និង​អភិរក្ស​ដោយ​ក្រសួងបរិស្ថាន​មាន​ទំហំ​ប្រមាណ ៧,៣ លាន​ហិ​កតា​ដោយ​ចែក​ចេញ​ជា ៦៥ តំបន់ការពារធម្មជាតិ​ដែល​រួម​មាន​ឧទ្យាន​ជាតិ ដែនជម្រកសត្វព្រៃ តំបន់ការពារទេសភាព តំបន់​ប្រើប្រាស់​ច្រើន​យ៉ាង រួម​នឹង​របៀង​អភិរក្ស​ជីវៈចម្រុះ​។ លោក​រដ្ឋលេខាធិការ​បាន​លើក​ឡើង​ថា នៅ​ពេល​តាម​ទីប្រជុំជន និង​ភូមិដ្ឋាន​ប្រជាពលរដ្ឋ​មាន​ភាព​បៃតង នោះ​នឹង​ចូលរួម​យ៉ាង​សំខាន់​ក្នុង​ការ​ធ្វើ​ឱ្យ​ខ្យល់​បរិសុទ្ធ រក្សា​គុណភាព​ដី និង​ប្រភព​ទឹក​ក្រោម​ដី ជា​ផ្នែក​មួយ​នៃ​ការ​បន្ស៊ាំ​ទៅ​នឹង​ការ​ប្រែប្រួល​អាកាសធាតុ​។

បន្ថែម​ពីលើ​នេះ លោក​រដ្ឋលេខាធិការ​បាន​បន្ត​លើក ទឹកចិត្ត​បងប្អូន​ប្រជាពលរដ្ឋ​គ្រប់គ្រង និង​ទុកដាក់​សំណល់​ដែល​បង្កើត​ឡើង​ឱ្យ​បាន​ត្រឹមត្រូវ​ទាំង​សំណល់​ដែល​កើត​ចេញពី​ការ​ប្រើប្រាស់​រាល់ថ្ងៃ និង​សំណល់​នៅ​ក្នុង​បរិស្ថាន ដោយ​ធ្វើការ​ញែក​សំរាម​ឱ្យ​បាន​ត្រឹមត្រូវ​តាម​បច្ចេកទេស និង​វេច​ខ្ចប់​ទុកដាក់​ឱ្យ​បាន​ត្រឹមត្រូវ​។ លោក​បាន​គូសបញ្ជាក់​ថា ទាំង​ការ​បង្កើន​ភាព​បៃតង​នៅ​ក្នុង​សហគមន៍​ដោយ​ការ​ដាំ​ដើមឈើ និង​ការ​សម្អាត​អនាម័យ​បរិស្ថាន​ជា​ប្រចាំ​នោះ​នឹង​ធ្វើ​ឱ្យ​ភូមិដ្ឋាន សហគមន៍​និង​ទីក្រុង របស់​យើង​មាន​បរិស្ថាន​ល្អ​ស្អាត មាន​អនាម័យ និង​ផ្តល់​នូវ​ផាសុកភាព​ដល់​ការ​រស់នៅ និង​ធ្វើ​ឱ្យ​សហគមន៍ របស់​យើង​មាន​សុខភាព​ល្អ ដែល​ស្រប​នឹង​ទិស​ស្លោក​នៃ​ការ​ប្រារព្ធ​ទិវា​អនាម័យ​បរិស្ថាន​ជាតិ ២៣ វិច្ឆិកា ២០២០ គឺ​«​អនាម័យ​បរិស្ថាន​ល្អ សុខភាព​សហគមន៍​ល្អ​»​។

នា​ឱកាស​ប្រារព្ធ​ទិវា​អនាម័យ​បរិស្ថាន​ជាតិ​នេះ​ដែរ លោក ប្រាក់ សុវណ្ណ អភិបាល​ខេត្តព្រះវិហារ បាន​ក្រើនរម្លឹក ក៏​ដូច​ជា​ជំរុញ​ឱ្យ​ស្ថាប័ន​សាធារណៈ និង​ឯកជន អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ ប្រជាពលរដ្ឋ ចូលរួម​ធ្វើ​អនាម័យ និង​ថែរក្សា​បរិស្ថាន​ជា​ប្រចាំ​នៅ​តាម​មូលដ្ឋាន​របស់​ខ្លួន​។ លោក​ក៏​បាន​ជំរុញ​ឱ្យ​អាជ្ញាធរ​មូលដ្ឋាន ជាមួយនឹង​ស្ថាប័ន​ពាក់ព័ន្ធ ធ្វើការ​អប់រំ​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​ពី​ការ​គ្រប់គ្រង ទុកដាក់​សំរាម និង​សំណល់​រឹង​ឱ្យ​បាន​ត្រឹមត្រូវ​ផង​ដែរ​។ ជាមួយ​គ្នា​នេះ​ដែរ លោក ជួប បារី​ស៍ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ចំណេះដឹង និង​ព័ត៌មាន​បរិស្ថាន បាន​ថ្លែងអំណរគុណ​ដល់​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​ក្រសួងបរិស្ថាន ជា​ពិសេស​អាជ្ញាធរ និង​មន្ត្រីរាជការ​នៃ​ខេត្តព្រះវិហារ យុវជន សិស្ស និស្សិត នៅ​ជុំវិញ​ខេត្ត ដែល​តែងតែ​គាំទ្រ​ដល់​គ្រប់​ចលនា​បរិស្ថាន​។

ឯកឧត្តម​សង្ឃឹមថា ការ​ប្រារព្ធ​ទិវា​នេះ នឹង​ក្លាយជា​ចរន្ត​ច​លករ​ដែល​ជំរុញ​ឲ្យ​មានការ​ផ្តើម​ធ្វើ​សកម្មភាព​មេត្រីភាព​បរិស្ថាន​ចេញពី​បុគ្គល​ម្នាក់​ៗ ក្នុង​ការ​ចេះ​ទទួលខុសត្រូវ​ក្នុង​ការ​ទុកដាក់​សំណល់ និង​មិន​បោះចោល​ពាស​កាល​នៅ​តាម​ទី​សាធារណៈ ជា​ហេតុ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សោភ័ណ​ភាព​ទូ​ទាំង​ប្រទេស និង​សេចក្តី​ថ្លៃថ្នូរ​របស់​ខ្លួនឯង​។ លោក​ក៏​បាន​ផ្តល់​នូវ​អនុសាសន៍​មួយ​ចំនួន​ក្នុង​ការ​ថែរក្សា​បរិស្ថាន​រួម​មាន​៖ អនាម័យ​ខ្លួនឯង​ជា​ប្រចាំ​, ទុកដាក់​សំរាម​ឱ្យ​ត្រូវ​ក្នុង​ធុង​, ស្រឡាញ់ ការពារ និង​ដាំ​ដើមឈើ​៕ ដោយ ៖ សុខ សា​រ៉ា​យ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ