ជាទូទៅពាក្យថា«ស្វែងយល់»ត្រូវបានគេប្រើប្រាស់យ៉ាងទូលំទូលាយដោយផ្តោតទៅលើរឿងហេតុ ឬព្រឹត្តិការណ៍ផ្សេងៗ ចំណែកពាក្យ«ឈ្វេងយល់»វិញមិនសូវមានអ្នកប្រើប៉ុន្មានទេ ។ ថាតើពាក្យទាំងពីរនេះមានន័យ សេចក្តីយ៉ាងនោះ សូមប្រិយមិត្តពិនិត្យខ្លឹមសារក្នុងអត្ថបទដូចតទៅៈ
វចនានុក្រមខ្មែរជាស្នាព្រះហស្តរបស់សម្តេចព្រះសង្ឃរាជ ជួន ណាត ជោតញ្ញាណោ បានពន្យល់ពាក្យ ឈ្វេងយល់ និងស្វែងយល់យ៉ាងពិស្តារ តែសុំលើកក្តោបសេចក្តីដែលជាចំណុចស្នូលងាយយល់ ងាយចាំមកបង្ហាញដោយសង្ខេបដូចតទៅ ពាក្យនេះអាចប្រើបានទាំងពីរ ប៉ុន្តែពាក្យទាំងពីរនេះមានសេចក្តីប្រែខុសគ្នាបន្តិច ។
ពាក្យ ឈ្វេងយល់ ប្រើក្នុងការសញ្ជឹងគិតរឿងហេតុផ្សេងៗក្នុងឈាន សមាបត្តិ ឬប្រាជ្ញា តាមខ្លឹមសារធម៌ ឬ ពាក់ព័ន្ធនឹងការប្រើប្រាស់គំនិតពិចារណាដ៏ជ្រាលជ្រៅដើម្បីអាចបានយល់ដឹងអំពីហេតុការណ៍ ឬអ្វីមួយដែលយើងចង់ដឹង ឬដែលត្រូវដឹងគឺប្រើគំនិត ឬខួរក្បាលសុទ្ធសាធ ។
ចំណែកខាងឯពាក្យ ស្វែងយល់ វិញ ប្រើក្នុងការស្រាវជ្រាវរាវរករឿងហេតុទូទៅ ដើម្បីឱ្យអាចបានចេះ ឱ្យបានដឹង ឬដើម្បីឱ្យអាចបានយល់ដឹងអំពីហេតុការណ៍ ឬអ្វីមួយដែលយើងចង់ដឹង ឬត្រូវដឹង ។
បើតាមពិនិត្យសេចក្តីនេះឃើញថា ឈ្វេងយល់មានលក្ខណៈធ្ងន់ជាងស្វែងយល់ ដោយហេតុថាឈ្វេងយល់ត្រូវប្រើគំនិតគិតជ្រៅទៅក្នុងខ្លឹមសាររឿង ឬខ្លឹមសារធម៌ដើម្បីឱ្យយល់ការណ៍ពិត ។ សាន សារិន
ចែករំលែកព័តមាននេះ