ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​នាយសេនាធិការ​កងទ័ពជើងគោក នៃ​កង​យោធពលខេមរភូមិន្ទ​ថ្មី​ចូល​កាន់​​តំណែង

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ចេញ​អនុក្រឹត្យ​ប្រកាស​តែងតាំង​មុខ​តំណែង​លោក​ឧត្ដមសេនីយ៍ឯក ខឹ​ម​ជា សា​ឃឿ​ន អត្តលេខ…

រាជធានី​ភ្នំពេញ​ ៖ ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ចេញ​អនុក្រឹត្យ​ប្រកាស​តែងតាំង​មុខ​តំណែង​លោក​ឧត្ដមសេនីយ៍ឯក ខឹ​ម​ជា សា​ឃឿ​ន អត្តលេខ ០០០១១៦ ជា​មេបញ្ជាការ​រង និង​ជា​នាយសេនាធិការ​បញ្ជាការដ្ឋាន​កងទ័ពជើងគោក ជំនួស​នាយ​ឧត្ដមសេនីយ៍ ជា សា​រ៉​ន ដែល​ត្រូវ​ទៅ​ទទួល​ភារកិច្ច​ថ្មី​ជា​រដ្ឋលេខាធិការ​ក្រសួងការពារជាតិ​។

ពិធី​ប្រកាស​ចូល​កាន់​មុខ​តំណែង បាន​ប្រព្រឹត្ត​ទៅ​នា​ព្រឹក​ថ្ងៃ​ទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ នៅ​បញ្ជាការដ្ឋាន​កងទ័ពជើងគោក ក្រោម​អធិបតីភាព​លោក​នាយ​ឧត្ដមសេនីយ៍ វង្ស ពិ​សេន អគ្គមេបញ្ជាការ​កង​យោធពលខេមរភូមិន្ទ​។

ក្នុង​របាយការណ៍​ស្វាគមន៍ លោក​ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក​បាន​គូសបញ្ជាក់​ពី​ការ​រីក​ចម្រើន​លើ​គ្រប់​ផ្នែក​របស់​បញ្ជាការដ្ឋាន​កងទ័ពជើងគោក មាន​ដូច​ជា ម្ចាស់​ការ​បំពេញភារកិច្ច​ស្នូល ការងារ​ហ្វឹកហ្វឺន ការ​ចូលរួម​ស្តារ អភិវឌ្ឍ​សង្គម​ជាតិ រួម​ទាំង​កិច្ចសហការ​ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់ និង ការ​ថែរក្សា​សន្តិភាព ស្ថិរភាព​នយោបាយ​។

ក្នុង​មតិ​សំណេះសំណាល​នា​ឱកាស​នោះ លោក​នាយ​ឧត្ដមសេនីយ៍ វង្ស ពិ​សេន បាន​ថ្លែង​ការ​កោតសរសើរ និង វាយតម្លៃ​ខ្ពស់ ចំពោះ​កង​យោធពលខេមរភូមិន្ទ​គ្រប់​បណ្ដា​ប្រភេទ​ទ័ព ដែល​បាន​យកចិត្តទុកដាក់​អនុវត្ត​តួនាទី​ភារកិច្ច​ការពារ​បូរណភាព​ទឹកដី ជា​ពិសេស​បាន​ចូល​ជ្រៅ​ដល់​ដំណើរការ​កំណែទម្រង់​កង​យោធពលខេមរភូមិន្ទ​(​និយាយ​ជា​រួម​) និង​និយាយ​ដោយឡែក បញ្ជាការដ្ឋាន​កងទ័ពជើងគោក ដែល​បាន​ខិតខំ​ជម្នះ​គ្រប់​ឧបសគ្គ និង​សម្រេច​បាន​លទ្ធផល​គួរ​ជាទី​មោ​ទ​នៈ​។

លោក​នាយ​ឧត្ដមសេនីយ៍ វង្ស ពិ​សេន បាន​អបអរសាទរ និង វាយតម្លៃ​ខ្ពស់ ចំពោះ​សកម្មភាព​ស្នាដៃ​របស់ ឧត្ដមសេនីយ៍ឯក ខឹ​ម​ជា សា​ឃឿ​ន ដែល​បាន​ខិតខំ​យក​អស់​ស្មារតី​ទទួលខុសត្រូវ​ក្នុង​កិច្ចការ​បំរើ​ជាតិ​មាតុភូមិ​នា​ពេល​កន្លង​មក ព្រមទាំង​ផ្តាំផ្ញើ​ឲ្យ​ខិតខំ​បំពេញភារកិច្ច​ក្នុង​នាម​ជា​នាយសេនាធិការ​កងទ័ពជើងគោក ការ​លើកកម្ពស់​សមត្ថភាព សីលធម៌ គុណធម៌ ការ​ចែករំលែក​ចំណេះដឹង បទ​ពិសោធន៍​ដល់​នាយទាហាន​បន្តវេន និង​ការ​ពង្រឹង​សាមគ្គីភាព ឯកភាព​ផ្ទៃក្នុង​។

បន្ថែម​លើ​នេះ នាយ​ឧត្ដមសេនីយ៍ អគ្គមេបញ្ជាការ បាន​ផ្តាំផ្ញើ​ដល់​ថ្នាក់ដឹកនាំ នាយទាហាន​នៃ​បញ្ជាការដ្ឋាន​កងទ័ពជើងគោក ត្រូវ​បន្ត​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ល​ក្ខ័​ន្តិ​កៈ បទ​វិន័យ​ទូទៅ​របស់​កង​យោធពលខេមរភូមិន្ទ​, គោរព​អនុវត្ត​ឲ្យ​បាន​ម៉ឺងម៉ាត់​បទបញ្ញត្តិ ១០ ចំណុច​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ដែល​បាន​ថ្លែង​ក្នុង​ឱកាស​អបអរ​ខួប​២០​ឆ្នាំ​ថ្ងៃកំណើត​កងទ័ពជើងគោក​(២៤-​មក​រា​-២០១៩)​។

ទន្ទឹម​នោះ ត្រូវ​ចូលរួម​ការពារ​សន្តិភាព​ឲ្យ​បាន​ដាច់ខាត ទោះ​ក្នុង​តម្លៃ​ណាក៍ដោយ និង​ត្រូវ​យកចិត្តទុកដាក់​កសាង​ធនធានមនុស្ស​សម្រាប់​ជា​ប្រភព​បន្តវេន​ទៅ​ថ្ងៃ​អនាគត រួម​ទាំង​ការ​ពិនិត្យ​ឲ្យ​បាន​ត្រឹម​ត្រូវការ​ដំឡើង​​ឋានន្តរសក្ដិ សម​ស្រប​តាម​មុខ​តំណែង​ច្បាប់​លក្ខន្តិកៈ​របស់​កង​យោធពលខេមរភូមិន្ទ និង​ជម្រុញ​ការ​គ្រប់គ្រង​អចលនទ្រព្យ​របស់​រដ្ឋ​នៅ​តាម​បណ្ដា​កងឯកភាព​ឲ្យ​បាន​ល្អ​។

សូម​បញ្ជាក់​ថា ពិធី​ប្រកាស​មុខ​តំណែង​នាយសេនាធិការ​កងទ័ពជើងគោក បាន​បញ្ចប់​បន្ទាប់​ពី​ឧត្ដមសេនីយ៍ឯក ខឹ​ម​ជា សា​ឃឿ​ន បាន​ធ្វើ​សេចក្ដី​ប្តេជ្ញា​ចិត្ត និង​គណៈអធិបតី​ប្រគល់​បាច់ផ្កា វត្ថុ​អនុស្សាវរីយ៍ ជូន​ដល់​អតីត​នាយទាហានជាន់ខ្ពស់​របស់បញ្ជាការដ្ឋាន​កងទ័ពជើងគោក ដែល​ត្រូវ​បាន​ដំឡើង​​តួនាទី​ជា​រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ក្រសួងការពារជាតិ​៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ