ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ខេត្ត​ជំរុញ​ឱ្យ​មន្ត្រី​ពាក់ព័ន្ធ អាជ្ញា​ធរ និង​សហគមន៍​ថែរក្សា​ដែន​ជម្រក​សត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់

3 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ អភិបាលខេត្ត ឯកឧត្តម​ឈួ​រ ច័ន្ទ​ឌឿ​ន បាន​ជំរុញ​ដល់​មន្ត្រី​ពាក់ព័ន្ធ​អាជ្ញាធរ និង​សហគមន៍ ត្រូវ​ថែរក្សា​ដែន​ជម្រក​សត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់​ឲ្យ​បាន​គង់វង្ស មិន​ត្រូវ​ឱ្យ​មាន​ជន​ណា​ម្នាក់​មក​រំលោភ​បំពាន​បានជា​ដាច់ខាត ។…

ខេត្តកំពង់ឆ្នាំង ៖ អភិបាលខេត្ត ឯកឧត្តម​ឈួ​រ ច័ន្ទ​ឌឿ​ន បាន​ជំរុញ​ដល់​មន្ត្រី​ពាក់ព័ន្ធ​អាជ្ញាធរ និង​សហគមន៍ ត្រូវ​ថែរក្សា​ដែន​ជម្រក​សត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់​ឲ្យ​បាន​គង់វង្ស មិន​ត្រូវ​ឱ្យ​មាន​ជន​ណា​ម្នាក់​មក​រំលោភ​បំពាន​បានជា​ដាច់ខាត ។

ឯកឧត្តម​អភិបាលខេត្ត បាន​ថ្លែង​បែប​នេះនៅ​ក្នុង​ពិធី​រៀបចំ​ក្រុង​ពាលី​បើក​ការដ្ឋាន​ជួសជុល​ផ្លូវ​ចូល​ទៅ​កាន់​តំបន់​ទេសចរណ៍​ទឹកធ្លាក់​ស្រែ​អំពិល ស្ថិត​ក្នុងភូមិ​ក្តុល ឃុំ​ក្តុល​សែន​ជ័យ ស្រុក​ទឹកផុស កាលពី​ថ្ងៃ​សៅរ៍​ចុង​ស​ប្តា​ហ៍​កន្លង​ទៅ ។

ឯកឧត្តម​អភិបាលខេត្ត ថ្លែង​ថា ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ គឺជា​ដែន​ជម្រក​ដែល​បាន​ឡាយ​ព្រះហស្តលេខា​ដោយ​ព្រះករុណា​ព្រះមហាក្សត្រ ហេតុនេះ​ត្រូវ​រួម​គ្នា​ថែរក្សា​ឱ្យ​បាន​គង់វង្ស ។

ចំពោះ​អ្នក​ដែល​បាន​ចូល​ទៅ​ទន្ទ្រាន​រស់នៅ​រយៈ​កាល​កន្លង​មក ត្រូវ​ចាកចេញ​ជា​បន្ទាន់ ។ ជាង​នេះ​ទៀត មិន​ត្រូវ​ឲ្យ​មាន​បទល្មើស​ចូល​កាប់​ព្រៃ ចូល​ទៅ​ធ្វើ​ឡធ្យូង​ក្នុង​ដែន​ជម្រក ក៏​ដូច​ជា​ក្នុង​តំបន់​ទឹកធ្លាក់​ស្រែ​អំពិល​ជា​ដាច់ខាត ព្រោះថា ព្រៃ​ឈើ គឺ​មាន​សារៈសំខាន់​ខ្លាំង​ណាស់​សម្រាប់​មនុស្សជាតិ ជាទី​ជម្រក​សត្វ​គ្រប់​ប្រភេទ និង​ជា​អ្នក​បង្កើត​អុក​ស៊ី​សែន​សម្រាប់​មនុស្ស សត្វ​ដកដង្ហើម​។​ល​។​និង​។​ល​។

ឯកឧត្តម​អភិបាលខេត្ត​បញ្ជាក់​ថា ការ​រៀបចំ​ពិធី​ក្រុង​ពាលី​នៅ​ថ្ងៃនេះ គឺ​ដើម្បី​សុំ​អ្នក​ថែរក្សា​នៅ​តំបន់​ព្រៃ​ភ្នំ​ដែល​មាន​«​លោកតា​វែក​»​នៅ​ទី​នេះ ក្នុង​ពេល​ស្ថាបនា​ផ្លូវ​មួយ​ខ្យែ​ចូល​មក​កាន់​តំបន់​ទឹកធ្លាក់​ស្រែ​អំពិល សុំ​ឱ្យ​បាន​សេចក្តីសុខ​សប្បាយ ហើយ​ក៏​ងាយស្រួល​ក្នុង​ការ​ធ្វើ​ដំណើរ​របស់​ភ្ញៀវ​ដែល​មក​លេង​កម្សាន្ត ។

ថ្ងៃនេះ​ដែរ ក៏​សូម​កោតសរសើរ​លោក ម៉ឹង វិសាល​សុខ មេឃុំ​ក្តុល​សែន​ជ័យ ដែល​បាន​យក​ចិត្តទុកដាក់ ជាមួយ​សហគមន៍ បង្កើត​ទី​រមណីយដ្ឋាន​ទឹកធ្លាក់​ស្រែ​អំពិល រហូត​ដល់​មាន
ការ​ទទួលស្គាល់​ពី​សំណាក់​ភ្ញៀវ​ទេសចរ​ទាំង​ជាតិ​និង​អន្តរជាតិ ដែល​បាន​កោតសរសើរ​ទី​រមណី
យ​ដ្ឋា​ន ថា​មាន​ទឹកធ្លាក់​ស្រស់​ស្អាត និង​មាន​បរិស្ថាន​ល្អ​ផង​ដែរ ។

តាម​ការ​បញ្ជាក់​របស់​ប្រធាន​មន្ទីរ​សា​ធារណ​ការ​និង​ដឹក​ជញ្ជូន​ខេត្ត លោក ឆាយ លា​ភា បាន​ឱ្យ​ដឹង​ថា ផ្លូវ​មួយ​ខ្យែ​ដែល​ត្រូវ​ជួសជុល​និង​ស្ថាប​នា​នៅ​ពេល​នេះ មាន​ប្រវែង​១២​គីឡូម៉ែត្រ ទទឹង​៥​ម៉ែត្រ ជា​ផ្លូវ​ក្រាល​កម្ទេច​ថ្ម​ចេញ​ពីមុខ​មណ្ឌល​សុខភាព​ឃុំ​ក្តុល​សែន​ជ័យ មក​កាន់​ទឹកធ្លាក់​ស្រែ​អំពិល ។ ផ្លូវ​មួយ​ខ្យែ​នេះ កសាង​ដោយ​ថវិកា​រាជរដ្ឋាភិបាល ក្នុង​គម្រោង​សង្គ្រោះ​បន្ទាន់ ស្តារ​ឡើង​វិញ​នូវ​ផ្លូវលំ​ជនបទ​ជុំវិញ​បឹង​ទន្លេសាប ដែល​មន្ទីរ​សាធារណការ​និង​ដឹក​ជញ្ជូន​ខេត្ត ជា​អ្នក​អនុវត្ត​គម្រោង​ផ្ទាល់ ។

សូម​បញ្ជាក់​ថា ក្រោយ​ពី​បញ្ចប់​ពិធី​ក្រុង​ពាលីឯកឧត្តម​អភិបាលខេត្ត បាន​ដឹកនាំ​មន្ត្រីរាជការ​ទៅ​ទស្សនា​រមណីយដ្ឋាន​ទឹកធ្លាក់​ស្រែ​អំពិល និង​បាន​ឡើង​ទៅ​ដល់​ចុង​ទី​ដែល​មាន​ទឹកធ្លាក់​ខ្ពស់​ជាងគេ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ