ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្នាំ​នេះ​មិន​ដូច​ឆ្នាំ​មុន​! ស្ថានភាព​អាកាស​ធាតុ​នៅ​ក្នុង​ខេត្តមណ្ឌលគិរី

3 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ គិត​មក​ត្រឹម​ពាក់កណ្ដាល​ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ ស្ថានភាព​អាកាសធាតុ​នៅ​ក្នុង​ខេត្តមណ្ឌលគិរី ត្រូវ​បាន​គេ​កត់សម្គាល់​ឃើញ​ថា ហាក់បីដូចជា​កើនឡើង​កម្ដៅ​បន្តិច​វិញ បន្ទាប់​ពី​បាន​ចុះ​ត្រជាក់​ក្នុង​កម្រិត​ទាប​កាលពីដើម​ខែវិច្ឆិកា ចន្លោះ​ពី​ថ្ងៃ​ទី​០១ ដល់​ថ្ងៃ​ទី​១២…

ខេត្តមណ្ឌលគិរី ៖ គិត​មក​ត្រឹម​ពាក់កណ្ដាល​ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ ស្ថានភាព​អាកាសធាតុ​នៅ​ក្នុង​ខេត្តមណ្ឌលគិរី ត្រូវ​បាន​គេ​កត់សម្គាល់​ឃើញ​ថា ហាក់បីដូចជា​កើនឡើង​កម្ដៅ​បន្តិច​វិញ បន្ទាប់​ពី​បាន​ចុះ​ត្រជាក់​ក្នុង​កម្រិត​ទាប​កាលពីដើម​ខែវិច្ឆិកា ចន្លោះ​ពី​ថ្ងៃ​ទី​០១ ដល់​ថ្ងៃ​ទី​១២ ។

ហើយ​នៅ​អំឡុង​ពេល​នោះ​នៅ​ខេត្តមណ្ឌលគិរី ជា​ពិសេស​ក្រុង​សែន​មនោ​រម្យ​សីតុណ្ហភាព​បាន​ធ្លាក់​ចុះ​ដល់​១៨​អង្សារ​នៅ​ពេល​ព្រឹក រួម​ជាមួយ​ខ្យល់​បក់​បោក​ខ្លាំង​ៗ ថែម​ទាំង​មាន​ធ្លាក់​អ័ព្ទ​ផង​ដែរ ដែល​បង្កើន​ឲ្យ​អាកាសធាតុ​កាន់តែ​ត្រជាក់​ខ្លាំង ។

បើ​តាម​ប្រជាពលរដ្ឋ​នៅ​ក្នុង​ក្រុង​សែន​មនោ​រម្យ បាន​ឲ្យ​ដឹង​ថា ឆ្នាំ​នេះ​ហាក់បីដូចជា​ប្លែក​ខុស​ពី​ឆ្នាំ​មុន​ៗ​ត្រង់​ថា មក​ដល់​ខែវិច្ឆិកា​ទៅ​ហើយ អាកាសធាតុ​មិន​ទាន់​ត្រជាក់​ខ្លាំង ដោយ​កាលពី​កន្លង​ទៅ គិត​ត្រឹម​ខែវិច្ឆិកា​នេះ សីតុណ្ហភាព​នឹង​ធ្លាក់​ចុះ​ទាប​ខ្លាំង​អូស​បន្លាយ​ដល់​ខែមករា​ឯណោះ តែ​ឆ្នាំ​នេះ​ដល់​ខែវិច្ឆិកា​ទៅ​ហើយ​នៅ​មាន​ពេល​ខ្លះ​ស្អុះស្អាប់​ម្ដង​ៗ​ទៅ​វិញ​។

លោក ចាន់ រតនា នាយករង​រដ្ឋបាល​សាលាខេត្ត និង​ជា​មន្ត្រី​គ្រប់គ្រង​គ្រោះ​មហន្តរាយ​របស់​ខេត្តមណ្ឌលគិរី បាន​ថ្លែងប្រាប់​ថា មណ្ឌលគិរី​ឆ្នាំ​នេះ​រដូវរងារ គឺ​យឺត​ជាង​បណ្ដា​ឆ្នាំ​មុន​ៗ ព្រោះថា ជា​ទូទៅ​នៅ​ចុងខែ​តុលា ឬ​ដើមខែ​វិច្ឆិកា នឹង​ចុះ​ត្រជាក់​ខ្លាំង ប៉ុន្តែ​ពេល​នេះ​នៅ​មិន​ទាន់​ត្រជាក់​នៅឡើយ ។

លោក​រម្លឹក​ថា កាលពី​ពេល​កន្លង​ទៅ​ខេត្តមណ្ឌលគិរី​នៅ​ឆ្នាំ​២០០១ គឺ​ធ្លាប់​មាន​ធ្លាក់​ដុំ​ទឹកកក​តូច​ៗ​ទៀត​ផង នៅ​ពេល​មាន​ភ្លៀង​ធ្លាក់​ដែល​សីតុណ្ហភាព​ធ្លាក់​ចុះ​ទាប តែ​ទោះជា​យ៉ាងណា លោក​បញ្ជាក់​ថា តាម​ព័ត៌មាន​ដែល​លោក​ទទួល​បាន​ពី​មន្ត្រី​ជំនាញ ភាព​ត្រជាក់​អាច​នឹង​យឺត​ជាង​ឆ្នាំ​មុន​ៗ ដោយ​ប្រហែលជា​ចាប់ផ្ដើម​ពី​ធ្នូ អូស​បន្លាយ​ដល់​ចុង​ខែមករា ឆ្នាំ​២០២១ ។

សូម​បញ្ជាក់​ថា បើ​តាម​ការ​ជូន​ដំ​ណឺង​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម ចាប់ពី​ថ្ងៃ​ទី​១៨ រហូត​ដល់​២៤ វិច្ឆិកា ឆ្នាំ​២០២០​នេះ ភូមិភាគ​ឥ​សាន្ត រួម​មាន​ខេត្តមណ្ឌលគិរី​ផង បាន​រង​នូវ​ឥទ្ធិពល​សម្ពាធ​ខ្ពស់​ពី​ភាគ​ខាងជើង​ប្រទេស​ចិន ជាមួយនឹង​ខ្យល់មូសុង​ឥ​សាន្ត​ខ្សោយ ដែល​ធ្វើ​សីតុណ្ហភាព​ធ្លាក់​ចុះ​ទាប ប៉ុន្តែ​ជាក់ស្តែង​សម្រាប់​ខេត្តមណ្ឌលគិរី គិត​ត្រឹម​ថ្ងៃ​ទី​២០ វិច្ឆិកា​នេះ គឺ​មាន​ស្ថានភាព​ធម្មតា​មិន​ទាន់​ចុះ​ត្រជាក់​ទាប​នោះ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ