ខេត្តសៀមរាប ៖ រថយន្តធុនធំដឹកទំនិញបើកបញ្ច្រាសទិសបានទៅបុកនឹងរថយន្តទំនើប បណ្តាលឱ្យរបួសធ្ងន់ស្រាល៥នាក់ ត្រូវបានកម្លាំងនគរបាលស្រុកប្រាសាទបាគង ចាប់បានបញ្ជូនទៅការិយាល័យជំនាញ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងវេលាម៉ោង៨ និង៣០នាទីព្រឹក ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ ចន្លោះគីឡូលេខ២៩៤-២៩៥ ភូមិស្វាយជ័យ ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប លើកំណាត់ផ្លូវជាតិលេខ៦។
បើតាមប្រសាសន៍របស់លោកវរសេនីយ៍ឯក លឹម សម្បត្តិ អធិការនគរបាលស្រុកប្រាសាទបាគង បានប្រាប់ភ្នាក់ងារកោះសន្តិភាព នៅរសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ថា មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងរថយន្ត បើកបរបញ្ច្រាសទិសគ្នា ក្នុងនោះរថយន្តមួយគ្រឿងម៉ាក HYUNDAI ពណ៌ខៀវ ពាក់ស្លាកលេខស្វាយរៀង ៣A-០៩៥៨ សណ្តោងរ៉ឺម៉កពាក់ស្លាកលេខ ភ្នំពេញ ៤A-៣៨៣៦ បើកបរដោយឈ្មោះ ម៉េង សុខឃង ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិព្រែកហូរ ឃុំព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល បើកបរ ទិសដៅពីកើតទៅលិច បានបុកនឹងរថយន្តម៉ាក FORTUNER ពណ៌ស ពាក់ស្លាកលេខ សៀមរាប ២B-៤២៩៩ បើកបរដោយឈ្មោះ លុយ ស៊ីនិត ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិខ្នារ សង្កាត់ជ្រាវក្រុងសៀមរាប (របួសធ្ងន់) និងរបួសអ្នករួមដំណើរនៅក្នុងរថយន្ត ចំនួន៤នាក់ រួមមាន៖
១-ឈ្មោះ ស៊ិន ហុកលី ភេទប្រុស អាយុ៣៧ឆ្នាំ ភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប (របួសស្រាល)។ ២-ឈ្មោះ វី វិន ភេទស្រី អាយុ៣២ឆ្នាំ ភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប វេលាម៉ោង៨ និង៣០នាទី (របួសស្រាល)។ ៣ -ឈ្មោះ លី សៀវមី ភេទប្រុស អាយុ៣៧ឆ្នាំ ភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប (របួសស្រាល)។ ៤-ឈ្មោះ សុខ ជា ភេទប្រុស អាយុ៣៧ឆ្នាំ ភូមិស្ពានជ្រាវ សង្កាត់សៀមរាប ក្រុងសៀមរាប (របួសស្រាល)។ ក្រោយពេលកើតហេតុរួចអ្នកបើកបរ និងអ្នករួមដំណើរ រថយន្ត (FORTUNER) បានបញ្ជូនទៅសង្គ្រោះនៅពេទ្យឯកជន។
ចំណែករថយន្ត ខូចខាតទាំងសងខាងបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគង។ មូលហេតុបង្កឡើងដោយរថយន្តធំ បើកបរមានល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន។ ក្រោយពេលកើតហេតុ អ្នកបើករថយន្តបង្ក ត្រូវបានកម្លាំងនគរបាលស្រុកប្រាសាទបាគង កសាងសំណុំរឿង បញ្ជូនទៅដោះស្រាយតាមផ្លូវច្បាប់ នៅការិយាល័យជំនាញនៃស្នងការនគរបាលខេត្តសៀមរាប៕ ដោយ ៖ ច័ន្ទ រស្មី
ចែករំលែកព័តមាននេះ