ខេត្តកំពង់ធំ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយរវាងម៉ូតូ១២៥ របស់គ្រូបង្រៀន បានពន្លះគ្នាជាមួយម៉ូតូធំ បណ្តាលឱ្យបាត់បង់ជីវិតទាំង២នាក់យ៉ាងអាណោចអាធ័ម បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចមុខវត្តទួលវិហារ ស្ថិតក្នុងឃុំជ្រាប់ ស្រុកសន្ទុក ខេត្តកំពង់ធំ ។
បើតាមលោកវរសេនីយ៍ឯក ម៉ៅ ចន្ធី អធិការនគរបាលស្រុកសន្ទុក បានប្រាប់ថា ជនរងគ្រោះដែលបើកបរម៉ូតូម៉ាកហុងដាឌ្រីមស៊េរីឆ្នាំ២០១០ខាងលើ មុខរបរគ្រូបង្រៀនមានឈ្មោះ ឃួន ឈ័ង ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិទួលវិហារ ឃុំកើតហេតុខាងលើ បានបាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុ បន្ទាប់ពីម៉ូតូរបស់គាត់បានបុកជាមួយនឹងម៉ូតូធំមួយគ្រឿងទៀតយ៉ាងពេញទំហឹងតែម្តង។
លោកអធិការនគរបាលស្រុកសន្ទុកបន្តថា ខណៈពេលកើតហេតុនោះ គឺបុរសជិះម៉ូតូហុងដាឌ្រីម កំពុងតែជិះម៉ូតូមកដល់កន្លែងកើតហេតុខាងលើ រួចក៏បត់ឆ្វេង ប៉ុន្តែចៃដន្យអ្នកបើកបរម៉ូតូធំឈ្មោះ សួង សុធា ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅក្រុងព្រះសីហនុ បានបើកតាមផ្លូវត្រង់ លុះពេលបើកមកដល់ ក៏ស្រាប់តែបុកគ្នាពេញទំហឹងតែម្តង ធ្វើឲ្យអ្នកបើកបរម៉ូតូធំរងរបួសធ្ងន់ ហើយក៏បានបាត់បង់ជីវិតនៅពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចក៏បានចុះមកដល់ទីតាំងកើតហេតុ រួចធ្វើការវាស់វែង និងនឹងយកវត្ថុតាងទាំង២ទៅរក្សាទុក ដើម្បីរង់ចាំដោះស្រាយតាមនីតិវិធី៕
ចែករំលែកព័តមាននេះ