មន្ត្រីWHO ៖ កោតសរសើរ​ចំណាត់ការ​កម្ពុជា​​គ្រប់គ្រង​ព្រឹត្តិការណ៍​៣​វិច្ឆិកា​ ​និង​ជា​គំរូ​ល្អ​ក្នុង​វិស័យ​សុខភាព​សាធារណៈ


រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​របស់​អង្គការ​សុខភាព​ពិភពលោក (WHO) បាន​កោតសរសើរ​ជា​ខ្លាំង​ចំពោះ​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​មាន​សម្តេច​តេ​ជោ ហ៊ុន សែន ជា​ប្រមុខ​នោះ​បាន​សម្រេចចិត្ត​យ៉ាង​រហ័សរហួន​ក្នុង​ការ​ទប់ស្កាត់​មិន​ឱ្យ​មានការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​១៩ ក្នុង​ព្រឹត្តិការណ៍ «៣​វិច្ឆិកា​»​។ មន្ត្រីជាន់ខ្ពស់​របស់​អង្គការ​សុខភាព​ពិភពលោក​បាន​ចាត់​ទុក​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា​ថា បាន​អនុវត្តន៍​នូវ​វិធានការ​ជា​គំរូ​ដ៏​ល្អ​ក្នុង​វិស័យ​សុខភាព​សាធារណៈ ។

ជំងឺ​បង្ក​ដោយ​មេរោគ​កូ​វី​ដ​១៩ ជា​ជំងឺ​មួយ​ដែល​មន្ត្រី​ជំនាញ​ផ្នែក​សុខភាព​សាធារណៈ​វាយតម្លៃ​ថា​ជា​ជំងឺ​មានការ​រីក​រាលដាល​យ៉ាង​ឆាប់រហ័ស​បំផុត ។ ព្រឹត្តិការណ៍ «៣​វិច្ឆិកា​» ការ​ប្រាស្រ័យ​ទាក់ទង​ដោយ​ផ្ទាល់ និង​ប្រយោល​ជាមួយ​លោក ភី​ត​ធើ ស៊ី​ចា​តូ រដ្ឋមន្ត្រី​ការ​បរទេស និង​ពាណិជ្ជកម្ម​របស់​ហុង​គ្រី ពី​សំណាក់​សម្តេច​តេ​ជោ ហ៊ុន សែន និង​មន្ត្រីជាន់ខ្ពស់​របស់​កម្ពុជា ព្រមទាំង​មន្ត្រី និង​អ្នក​ពាក់ព័ន្ធ​រហូត​ដល់​ទៅ​ជាង ៤​ពាន់​នាក់ នាំ​ឱ្យ​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ពី​ការ​ផ្ទុះ​ជំងឺ​កូ​វី​ដ​១៩ ទៅ​ក្នុង​សហគមន៍​។

សម្តេច​តេ​ជោ ហ៊ុន សែន ដែល​មិន​ចេះ​ស្រាល​ចំពោះ​ស្ថានការណ៍​គ្រោះថ្នាក់​ទាំងឡាយ​នោះ បាន​ដាក់​ចេញ​វិធានការ​បន្ទាន់ និង​យ៉ាង​ម៉ឺងម៉ាត់​បំផុត​ក្នុង​ការ​ទប់ស្កាត់​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​១៩ ក្នុង​ព្រឹត្តិការណ៍ «៣​វិច្ឆិកា​» នេះ​។ សម្តេច​តេ​ជោ មិន​បាន​អល់អែក​នោះ​ឡើយ​ក្នុង​ការ​ទប់ស្កាត់​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​១៩​ក្នុង​ព្រឹត្តិការណ៍ «៣​វិច្ឆិកា​» ដូច​ជា​ការ​រក​អ្នក​ពាក់ព័ន្ធ​ដើម្បី​ពិនិត្យ​សុខភាព និង​ធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល ១៤​ថ្ងៃ​, បិទ​សាលារៀន បិទ​ព​ហ​នុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក បិទ​កន្លែង​កីឡា និង​បិទ​កន្លែង​ប្រមូលផ្តុំ​មួយ​ចំនួន​ទៀត​។

លោក​បណ្ឌិត តាក់​កឺ​ស៊ី កា​សៃ (Takeshi Kasai) អគ្គនាយក​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​តំបន់​ប៉ា​ស៊ី​ហ្វិ​ក​ខាងលិច បាន​សរសេរ​នៅ​លើ Twitter ថា សុខុមាលភាព​ជា​សមូហភាព គឺ​ពឹងផ្អែក​លើ​ការ​ដឹកនាំ​ដ៏​ខ្លាំងក្លា និង​សកម្មភាព​នៃ​បុគ្គល​នីមួយ​ៗ​។
លោក​បណ្ឌិត តាក់​កឺ​ស៊ី កា​សៃ បាន​ថ្លែង​កោតសរសើរ​ពី​ការ​គ្រប់គ្រង​ព្រឹត្តិការណ៍ «៣​វិច្ឆិកា​» របស់​កម្ពុជា​យ៉ាង​ដូច្នេះ​ថា «​ខ្ញុំ​សូម​កោតសរសើរ​ប្រទេស​កម្ពុជា ចំពោះ​ការ​សម្រេចចិត្ត​ដ៏​រហ័សរហួន​របស់​ខ្លួន នៅ​ក្នុង​ការ​គ្រប់គ្រង​ករណី​ឆ្លង​ជា​ចង្កោម ទៅ​លើ​ព្រឹត្តិការណ៍ [៣ វិច្ឆិកា​] នៃ​ការ​បំពេញ​ទស្សនកិច្ច​ការទូត និង​សូម​កោតសរសើរ​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល​កម្ពុជា ដែល​អនុវត្ត​គំរូ​ដ៏​ល្អ​ក្នុង​វិស័យ​សុខភាព​សាធារណៈ​»​។

លោកស្រី​វេជ្ជបណ្ឌិត លី អា​លែ​ន តំណាង​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​នៅ​កម្ពុជា​លើ Twitter របស់​លោកស្រី​ថា ការ​រក​ឃើញ​បាន​ឆាប់ ឆ្លើយ​ទាន់​ពេល ជាមួយ​និង​កិច្ច​អន្តរាគមន៍​លើ​គោលដៅ​ដែល​ត្រូវ​បាន​កំណត់ គឺជា​កត្តាចាំបាច់​បំផុត ដើម្បី​ទទួល​បាន​ជោគជ័យ​លើ​ការ​ទប់ស្កាត់​មិន​ឱ្យ​ជំងឺ​រីក​រាលដាល ។ លោកស្រី ក៏​បាន​ថ្លែង​កោតសរសើរ និង​អបអរសាទរ​កម្ពុជា​ក្នុង​ការ​គ្រប់គ្រង​ព្រឹត្តិការណ៍ «៣​វិច្ឆិកា​» បាន​យ៉ាង​ល្អ និង​រក្សា​បាន​សុវត្ថិភាព​សុខភាព​សាធារណៈ​សម្រាប់​ពលរដ្ឋ​កម្ពុជា​ទាំងមូល​។

ព្រឹត្តិការណ៍ «៣​វិច្ឆិកា​» ត្រូវ​បាន​គេ​ចាត់ទុកជា​ការ​គ្រប់គ្រង​យ៉ាង​ជោគជ័យ​លើ​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​១៩ របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការ​ដឹកនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន បន្ទាប់​ពី​ជំងឺ​នេះ​មិន​បាន​រីក​រាលដាល​ចូល​ទៅ​ក្នុង​សហគមន៍​។ ព្រឹត្តិការណ៍ «៣​វិច្ឆិកា​» អ្នក​ប៉ះពាល់​ដោយ​ផ្ទាល់ និង​ប្រយោល​រហូត​ដល់​ទៅ​ជាង ៤​ពាន់​នាក់ ត្រូវ​បាន​ធ្វើតេស្ត​សុខភាព​រក​ជំងឺ​កូ​វី​ដ​១៩ និង​តម្រូវ​ឱ្យធ្វើ​ច​ត្តា​ឡី​ស័ក​១៤​ថ្ងៃ​។ ពាក់ព័ន្ធ​ព្រឹត្តិការណ៍​នេះ មាន​មនុស្ស ៤​នាក់ ត្រូវ​បាន​រក​ឃើញ​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ហើយ​ត្រូវ​បាន​បញ្ជូន​យក​ទៅ​ព្យាបាល​។ អ្នកជំងឺ​ពីរ​នាក់ បាន​ព្យាបាល​ជា​ហើយ​គិត​ត្រឹម​ថ្ងៃ​ទី​២០ ខែវិច្ឆិកា នៅ​សល់​តែ​ពីរ​នាក់​ទៀត​ប៉ុណ្ណោះ​កំពុង​សម្រាក​ព្យាបាល​៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ