រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០នេះក្រសួងសុខាភិបាលបាន រកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ម្នាក់ ដែលជាអ្នកធ្វើដំណើរមកពីអាមេរិក និងអ្នកជាសះស្បើយម្នាក់ផងដែរ គឺលោក សរ ចិត្រា អគ្គលេខាធិការរងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។
ក្រសួងបានបញ្ជាក់ថា អ្នកឆ្លងកូវីដ១៩ ថ្មីម្នាក់នោះ គឺជាបុរសជនជាតិខ្មែរ អាយុ៥៩ឆ្នាំ មានអាសយដ្ឋាននៅសង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ បានធ្វើដំណើរមកពីសហរដ្ឋអាមេរិកបន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជា នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ ។ លទ្ធផលធ្វើតេស្តសំណាករបស់គាត់ ដែលផ្តល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា រាជធានីភ្នំពេញ គឺវិជ្ជមានកូវីដ១៩ ហើយបច្ចុប្បន្ន អ្នកជំងឺត្រូវបានដាក់សម្រាក់ព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ ។
ក្រសួងសុខាភិបាលបានបញ្ជាក់ទៀតថា លោក សរ ចិត្រា អាយុ៤៧ឆ្នាំ ដែលជាអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍ ០៣ វិច្ឆិកា បានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្តអវិជ្ជមានកូវីដ១៩ ចំនួន២លើក ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ។ ដោយអ្នកកំពុងតែសម្រាកនៅមន្ទីរពេទ្យចំនួន១០នាក់ផងដែរ ៕
ចែករំលែកព័តមាននេះ