ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ជា​ប្រទេស​ផលិត​កង់ តែ​ប្រជាជន​ប្រើប្រាស់​កង់​នាំ​ចូល​ពី​ក្រៅប្រទេស

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្ពុជា​ជា​ប្រទេស​ផលិត​និង​នាំ​ចេញ​កង់​ទៅ​កាន់​ទីផ្សារ​ធំ​ៗ​លើ​ពិភពលោក​មួយ​ដែរ ប៉ុន្តែ​ប្រជាជន​កម្ពុជា​បែរជា​ប្រើប្រាស់​កង់​នាំ​ចូល​ពី​ក្រៅប្រទេស​ទៅ​កាន់​ទៅ​វិញ​។ បើ​តាម​លោក​ញ៉ែ​ម សុផល អ្នក​និយម​ជិះ​កង់​ហាត់ប្រាណ​មួយ​រូប​នៅ​ភ្នំពេញ​បាន​និយាយ​ថា បច្ចុប្បន្ន​នេះ ក្រុម​ជិះ​កង់​របស់​លោក​ទាំងអស់​ប្រើប្រាស់​កង់​នាំ​ចូល​ពី​ខាងក្រៅ ដោយ​អ្នកខ្លះ​ទិញ​កង់​នាំ​ចូល​ពី​តៃវ៉ាន់…

រាជធានី​ភ្នំពេញ ៖ កម្ពុជា​ជា​ប្រទេស​ផលិត​និង​នាំ​ចេញ​កង់​ទៅ​កាន់​ទីផ្សារ​ធំ​ៗ​លើ​ពិភពលោក​មួយ​ដែរ ប៉ុន្តែ​ប្រជាជន​កម្ពុជា​បែរជា​ប្រើប្រាស់​កង់​នាំ​ចូល​ពី​ក្រៅប្រទេស​ទៅ​កាន់​ទៅ​វិញ​។

បើ​តាម​លោក​ញ៉ែ​ម សុផល អ្នក​និយម​ជិះ​កង់​ហាត់ប្រាណ​មួយ​រូប​នៅ​ភ្នំពេញ​បាន​និយាយ​ថា បច្ចុប្បន្ន​នេះ ក្រុម​ជិះ​កង់​របស់​លោក​ទាំងអស់​ប្រើប្រាស់​កង់​នាំ​ចូល​ពី​ខាងក្រៅ ដោយ​អ្នកខ្លះ​ទិញ​កង់​នាំ​ចូល​ពី​តៃវ៉ាន់ ខ្លះ​ពី​ចិន ខ្លះ​ទៀត​ទិញ​កង់​ផលិត​នៅ​ប្រទេស​ថៃ​និង​មាន​កង់​មួយ​ចំនួន​ទៀត​ផលិត​ពី​សហរដ្ឋអាមេរិក ។

លោក​បន្ត​ថា តម្លៃ​កង់​ដែល​ប្រជាជន​កម្ពុជា​និយម​ប្រើប្រាស់​ទៅ​តាម​កម្រិតជីវភាព អ្នកមាន​លុយ​ជីវភាព​គ្រាន់បើ​គេ​ប្រើប្រាស់​កង់​តម្លៃ ១​ពាន់​២​ពាន់ ខ្លះ​៤​ពាន់ ហើយ​មាន​អ្នកខ្លះ​ទៀត​ជិត​១​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​ផង​ដែរ តែ​សម្រាប់​អ្នកមាន​កម្រិតជីវភាព​មធ្យម​គេ​ប្រើប្រាស់​កង់​តម្លៃ​ត្រឹម ៤០០​ដុល្លារ ឬ​៥០០​ដុល្លារ​អា​មេ​រិ​ក ហើយ​ក៏​មាន​កង់​ខ្លះ​តម្លៃ​ត្រឹមតែ​ជាង​១០០​ដុល្លារ​ដែរ តែ​គុណភាព​វា​អន់​បន្តិច​ហើយ ។

លោក​បន្ថែម​ថា តាម​ពិត​កម្ពុជា​ក៏​មាន​កន្លែង​ផលិត​កង់​ដែរ តែ​ជា​ប្រភេទ​កង់​សម្រាប់​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​និង​មាន​តម្លៃ​ខ្ពស់​ដូច​ជាទី​ផ្សារ​សហរដ្ឋអាមេរិក​អឺរ៉ុប ប្រទេស​រីក​ចម្រើន​ដទៃ​ទៀត ដោយ​ន​សម្រាប់​ទីផ្សារ​កម្ពុជា​នោះ​ទេ ។

ចំណែក​យុវជន​ម្នាក់​ទៀត​ដែល​និយម​ជិះ​កង់​ហាត់ប្រាណ​ដែរ​នោះ បានឱ្យ​ដឹង​ថា​កង់​ដែល​លោក​ជិះ​រាល់​ថ្ងៃនេះ ជា​កង់​នាំ​ចូល​ពី​តៃវ៉ាន់ ដែល​មាន​តម្លៃ​ជិត​១​ពាន់​ដុល្លារ ហើយ​វា​មិនមែន​ជា​កង់​តម្លៃ​ខ្ពស់​ជាងគេ​ដែរ វា​គ្រាន់តែ​ជា​តម្លៃ​មធ្យម​ប៉ុណ្ណោះ ព្រោះថា​កង់​ប្រ​ភ​ទ​ដែល​លោក​ជិះ​នេះ គឺ​មានច្រើនតម្លៃ ចាប់ពី ១ ពាន់ដុល្លារ ​ដល់​ជិត​១​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​ឯណោះ ក្នុង​មួយ​គ្រឿង ។


លោក​បន្ត​ថា លោក​បានដឹង​ថា​កម្ពុជា​ក៏​មាន​ផលិត​កង់​ដែរ តែ​មិនដឹង​ថា​កង់​នោះ​ម៉ា​កអី លក់​នៅឯណា​ហើយ​តម្លៃ​យ៉ាងម៉េច​នោះ​ទេ សំខាន់​ពេល​លោក​ចង់បាន​កង់​លោក​ទៅ​រក​ហាង​លក់​កង់​ហើយ​ម្ចាស់​ហាង​ប្រាប់​ថា​កង់​នោះ​នាំ​ចូល​ពី​តៃវ៉ាន់ ដោយ​មិនមែន​ជា​កង់​ផលិត​ក្នុងស្រុក​នោះ​ទេ ។

បើ​តាម​តួលេខ​របស់​ក្រសួងពាណិជ្ជកម្ម​កម្ពុជា​អោយ​ដឹង​ថា ចាប់ពី​ខែមករា ដល់​ដំណាច់​ខែកញ្ញា ២០២០ កម្ពុជា​នាំ​ចេញ​កង់​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​និង​ទទួល​បាន​ចំណូល​ត្រលប់​មក​វិញ​ចំនួន​ជិត​៣៨០​លាន​ដុល្លារ​អា​មេ​រិ​ក បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ ២០១៩ មាន​កំណើន​ជាង​៨៥​លាន​ដុល្លារ​អា​មេ​រិ​ក ឬ​ប្រមាណ ២៨,៩២​ភាគរយ ។

លោក​ស៊ា​ង ថៃ អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម​បាន​និយាយ​ថា កម្ពុជា​យើង​នាំ​ចេញ​កង់ ហើយ​ក៏​នាំ​ចូល​កង់​មក​ផ្គត់ផ្គង់​តម្រូវការ​អ្នក​ប្រើប្រាស់​ក្នុងស្រុក​ដែរ និង​នាំ​ចូល​កង់​ពី​ប្រទេស​ផ្សេង​ៗ តែ​មិន​ទាន់​មាន​តួលេខ​ជាក់លាក់​ពី​ការ​នាំ​ចូល​កង់​មក​កាន់​កម្ពុជា​នៅឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ