ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិតមែនទេ! តារា​សម្តែង និង​បង្ហាញ​​ម៉ូដ ​ឌុ​ច លី​ដា ​រៀប​មង្គលការរួចហើយ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រោយ​សម្ងំ​ពពោះ និង​សម្រាល​បានកូន​មួយ តារា​សម្តែង និង​បង្ហាញ​ម៉ូ​ដ​ឌុ​ច លី​ដា បាន​រៀប​មង្គលការ​ហើយ បន្ទាប់​ពី​នាង និង​ស្វាមី​សម្ងំ​រស់នៅ​ក្រោម​ដំបូលផ្ទះ​តែ​មួយ…

រាជធានី​ភ្នំពេញ ៖ ក្រោយ​សម្ងំ​ពពោះ និង​សម្រាល​បានកូន​មួយ តារា​សម្តែង និង​បង្ហាញ​ម៉ូ​ដ​ឌុ​ច លី​ដា បាន​រៀប​មង្គលការ​ហើយ បន្ទាប់​ពី​នាង និង​ស្វាមី​សម្ងំ​រស់នៅ​ក្រោម​ដំបូលផ្ទះ​តែ​មួយ ។ បច្ចុប្បន្ន​កូនប្រុស​របស់​នាង​អាយុ​ជិត​មួយ​ឆ្នាំ​ហើយ ។

ពិធី​មង្គលការ​របស់​ឌុ​ច លី​ដា មិន​ត្រូវ​បាន​ផ្សព្វផ្សាយ​ទូលំទូលាយ​ដូច​តារា ផ្សេង​ៗ​ឡើយ ប៉ុន្តែ​ត្រូវ​​គេ​ដឹង​តាម​រយៈ​ការ​បង្ហោះ​រូប​ហ្វេ​ស​ប៊ុ​ក នា​ពេល ថ្មី​ៗ​នេះ​ពី​បុរស​ម្នាក់​ដែល​ជា​ម្ចាស់​សម្អាងការ​ទទួល​ផាត់មុខ​ឲ្យ​ឌុ​ច លី​ដា ។ ម្ចាស់​គណនេយ្យ​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Dee Daniel បាន​បង្ហោះ​រូប​ភាព ឌុ​ច លី​ដា គ្រង​សម្លៀក​បំពាក់​ជា​កូនក្រមុំ​ជា​ច្រើន​សន្លឹក​ជាមួយនឹង​ខ្លឹមសារ​ថា «​ពិធី​ក្រុង​ពលី និង​សូត្រ​មន្ត​របស់​អូន lida duch »​ហើយ​មាន​មិត្តភក្តិ ជា​ពិសេស​អ្នកសិល្បៈ​ជា​ច្រើន​បាន​ខំ​មិន​សម្តែង​ការ​អបអរសាទរ ។

ព័ត៌មាន​នៃ​ការ​រៀបចំ​ពិធី​មង្គលការ​របស់ ឌុ​ច លី​ដា នា​ពេល​នេះ​គឺ​មិន​ត្រូវ​បាន​សាមីខ្លួន ឬ​ក៏​មិត្តភក្តិ​ជិត​ស្និទ្ធ​ណាមួយ​ទម្លាយ​ឲ្យ​បាន​ច្បាស់លាស់​នោះ​ឡើយ ក្រៅ​តែ​ពី​ការ​ចូលរួម​អបអរ​សាទរ​។ មហាជន​ងឿ​ឆ្ងល់​ពី​មូលហេតុ​អ្វី​ដែល​ស្ថិត​នៅ​ពីក្រោយ​នៃ​ការ​រៀបចំ​ពិធី​មង្គល​បែប​ស្ងាត់ស្ងៀម​របស់​តារា​ស្រី​រូប​នេះ ។

កន្លង​មក​តារា​សម្ដែង និង​បង្ហាញ​ម៉ូ​ដ អ្នក​នាង​ឌុ​ច លី​ដា នៅ​តែ​រក្សា​អាថ៌​កំបាំង​ចំណងស្នេហា​ក្រៅ​ឆាក​រហូត​ដល់​មានកូន​មុន​ចូល​រោងការ ។ នាង​បញ្ជាក់​ថា ស្វាមី​របស់​នាង​គឺជា​មន្ត្រីរាជការ​មួយ​រូប ហើយ​ហេតុ​ដែល​នាង​មិន​ទាន់​អាច​បង្ហាញមុខ​ស្វាមី​ជា​សាធារណៈ ព្រោះតែ​ស្វាមី​នៅ​អៀន ហើយ​ម្យ៉ាង​វា​ក៏​មិន​ទាន់​ចាំបាច់​អ្វី​ដែរ​ដែល​នាង​ត្រូវ​លាតត្រដាង​។

ឌុ​ច លី​ដា ធ្លាប់​បាន​លើក​ឡើង​ប្រាប់​សារព័ត៌​មាននៅ​ក្នុងស្រុក​ថា នាង និង​ប្តី​ពិតជា​ស្រលាញ់​គ្នា​ខ្លាំង ហើយ​ការ​មានកូន​ប្រុស​ម្នាក់​នា​ពេល​នេះ​គឺ​កាន់តែ​ធ្វើ​ឲ្យ​ចំណង​ស្នេហ៍​នាង​មាន​ក្តី​សុខ ។

នាង​ថា​ស្វាមី​នាង និង​នាង​នៅ​មិន​ទាន់​ចង់​រៀប​ការ​នៅ​ពេល​នេះ​នៅឡើយ ព្រោះតែ​ត្រូវ​លៃ​រក​ពេលវេលា​មើលថែ​ទាំ​កូន​ខណៈ​ប្តី​នាង​ក៏​មមាញឹក​នឹង​មុខ​ជំនួញ ហើយ​នាង​និង​ស្វាមី​នឹង​រៀបចំ​ពិធី​នេះ​នៅ​ពេលវេលា​សមគួរ​ណាមួយ​។

ទោះជា​យ៉ាងណា​នាង​បង្ហើប​ថា​មិន​ទាន់​ចុះ​សំបុត្រ​អាពាហ៍ពិពាហ៍​នៅឡើយ ខណៈ​នាង​លើក​ឡើង​ថា​នៅ​ខ្វះ​លិខិត​ស្នាម​ផ្ទាល់ខ្លួន​មួយ​ចំនួន ប៉ុន្តែ​នាង​ហាក់​មិន​បារម្ភ​នឹង​រឿង​នេះ​ប៉ុន្មាន​ទេ ។ នាង​ថា ប្រពៃណី​ពិតជា​សំខាន់​ណាស់ ខណៈ​ពេល​ដែល​សុភមង្គល​របស់​នាង​និង​ស្វាមី​ក៏​ជា​បញ្ហា​ចាំបាច់ និង​សំខាន់​ដូច​គ្នា ហើយ​នាង​រំពឹង​ដែរ​ថា​ទស្សនិកជន​នឹង​កាន់តែ​បើក​ចិត្ត​ទូលាយ​ទទួល​យក​នូវ​រឿងរ៉ាវ​នេះ ។

សម្រាប់​ការ​ចូល​ប្រឡូក​សិល្បៈ​វិញ​តារា​ស្រី​រូប​នេះ​លើក​ឡើង​ថា នាង​ចាប់ផ្តើម​ទទួល​ការងារ​ខ្លះ​ៗ​ហើយ ប៉ុន្តែ​មិន​ទទួល​ច្រើន​ដូច​មុន​ទេ​ព្រោះតែ​ត្រូវ​ទុក​ពេលវេលា​នៅ​ជាមួយ​កូន បើ​ទោះបីជា​មាន​អ្នក​ថែរក្សា​ក្តី ។ នាង​ថា​នាង​ចង់​ចំណាយពេល​ច្រើន​ជាមួយ​កូន​ដែល​យ៉ាង​ហោច​ណាស់​ក៏​រហូត​ដល់​ពេល​ដែល​កូន​ត្រូវ​ចូល​សិក្សា​ដែរ ។ នាង​ថា​ស្វាមី​នាង​មិន​បាន​ហាមឃាត់​ក្នុង​ការងារ​សិល្បៈ​ទេ ប៉ុន្តែ​ក្នុង​នាម​ជា​ម្តាយ​នាង​ចង់​ថែរក្សា​កូន​ដោយ​ផ្ទាល់​ដៃ ។

ដំណឹង​ចូល​រោងការ​របស់​ឌុ​ច លី​ដា នា​ពេល​នេះ​បាន​ធ្វើ​ឲ្យ​មហាជន និង​ប្រិ​យ​មិត្ត​គាំទ្រ​រូប​នាង​ជា​ច្រើន​សម្តែង​ការ​អបអរសាទរ ហើយ​អាច​ជា​ការ​បិទ​បញ្ចប់​ចំណង​ស្នេហ៍​បែប​លាក់លៀម​រវាង​នាង និង​ស្វាមី​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ