ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភិក្ខុ​ឆោម ប៊ុ​ន​យ៉ុ​ង ជាង​១០​ឆ្នាំ​ហើយ​ជ្រកកោន​ជីវិត​នៅ​ក្នុង​ទី​អារាម

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អតីត​តារាចម្រៀង​លោក​ឆោម ប៊ុ​ន​យ៉ុ​ង កំពុង​តែ​ស្ថិត​ក្នុង​សភាព​ជា​ព្រះសង្ឃ​នៅឡើយ បន្ទាប់​ពី​បាន​ចាក​ចេញពី​អាជីព​សិល្បៈ​អស់​រយៈពេល​ប្រមាណ​ជាង​១០​ឆ្នាំ​មកនេះ ។ បច្ចុប្បន្ន​ភិក្ខុ​ឆោម ប៊ុ​ន​យ៉ុ​ង ហាក់​នៅ​មិន​ទាន់​បាន​បង្ហាញ​ព្រះ​ទ័យ​លាចាក​សិក្ខាបទ​ទេ…

រាជធានី​ភ្នំពេញ ៖ អតីត​តារាចម្រៀង​លោក​ឆោម ប៊ុ​ន​យ៉ុ​ង កំពុង​តែ​ស្ថិត​ក្នុង​សភាព​ជា​ព្រះសង្ឃ​នៅឡើយ បន្ទាប់​ពី​បាន​ចាក​ចេញពី​អាជីព​សិល្បៈ​អស់​រយៈពេល​ប្រមាណ​ជាង​១០​ឆ្នាំ​មកនេះ ។

បច្ចុប្បន្ន​ភិក្ខុ​ឆោម ប៊ុ​ន​យ៉ុ​ង ហាក់​នៅ​មិន​ទាន់​បាន​បង្ហាញ​ព្រះ​ទ័យ​លាចាក​សិក្ខាបទ​ទេ ខណៈ​ពេល​ទស្សនិកជន​ស្ទើរតែ​ភ្លេចមុខ​ព្រះ​អង្គ​ទៅ​ហើយ ។ តាម​រយៈ​បទ​សម្ភាសន៍​មួយ​ដែល​គេ​ផ្សព្វផ្សាយ​តាម​ហ្វេ​ស​ប៊ុ​ក​កាលពី​ពេល ថ្មី​ៗ​នេះ ភិក្ខុ​ឆោម ប៊ុ​ន​យ៉ុ​ង បាន​លើក​ឡើង​ថា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​នេះ ព្រះ​អង្គ​មិន​បាន​ទៅ​ណា​ឆ្ងាយ​ឡើយ ពោល​គឺ​ស្ថិត​ក្នុង​ភាព​ជា​ព្រះសង្ឃ ត្រាប់​តាម​ផ្លូវ​ព្រះពុទ្ធ ដែល​នេះ​គឺជា​ឧបនិស្ស័យ​របស់​ព្រះ​អង្គ ។ អស់​ពេល​ប្រមាណ​ជាង​១០​ឆ្នាំ​មក​ហើយ ព្រះ​អង្គ​ស្ថិត​ក្នុង​សភាព​បែប​នេះ ។

ភិក្ខុ​ឆោម ប៊ុ​ន​យ៉ុ​ង មាន​ថិ​រ​ដីកា​ថា «​អាត្មា​បាន​លះបង់​អ្វី​គ្រប់​បែប​យ៉ាង​ដើម្បី​បាន​សាង​ផ្នួស​ជា​ព្រះសង្ឃ ដោយសារ​ការ​ពញ្ញាក់​អារម្មណ៍​តាម​ផ្លូវ​ងងឹត​ដែល​អាត្មា​ក៏​មិន​បានដឹង​ច្បាស់ ដោយ​នោះ​គឺជា​អ្នក​អាច​នាំ​ផ្លូវ​ឲ្យ​មក​សាង​ផ្នួស​ជា​ព្រះសង្ឃ​រហូត​ដល់​សព្វថ្ងៃ ។

ពី​ដំបូង​ព្រះ​អង្គ​មាន​ជំងឺ​ភ្លឹក​រយៈពេល​ប្រមាណ​៣​ខែ ហើយ​ក្រុម​គ្រួសារ​របស់​អាត្មា​គិត​ស្មានថា ស្លាប់​បាត់បង់​ជីវិត ប៉ុន្តែ​ស្រាប់តែ​មាន​គ្រាមួយ​មាន​គេ​មក​ពញ្ញាក់​អារម្មណ៍​ដូច​ជា​ដាស់​ឲ្យ​ដឹងខ្លួន​ឡើង​វិញ និង​នាំ​ផ្លូវ​អាត្មា​ឲ្យ​មក​ចាប់​យក​ផ្លូវ​ព្រះធម៌ »​។

ចាប់ពី​ពេល​នោះ​មក អតីត​តារាចម្រៀង​ឆោម ប៊ុ​ន​យ៉ុ​ង បាន​សម្រេច​សាង​ផ្នួស​ជា​ព្រះសង្ឃ ដោយ​ដំបូង​ឡើយ​បួស​រៀន​ធម៌​ក្នុង​វត្ត​មួយ​នៅ​ស្រុក​បា​ធា​យ ខេត្តកំពង់ចាម ។ ប​ច្ចុ​បុ្ប​ន្ន​ព្រះ​អង្គ​កំពុង​គង់នៅ​កុដិ​កម្សត់​មួយ​នៅ​វត្ត​កោះ​មេត្តា​ពោធិ​វង្ស រាជធានី​ភ្នំពេញ ។

ភិក្ខុ​ឆោម ប៊ុ​ន​យ៉ុ​ង បាន​លើក​ឡើង​បន្ថែម​ទៀត​ថា ក្នុងអំឡុងពេល​បួស​ជា​ព្រះសង្ឃ​ហើយ​នោះ មាន​ម្ចាស់​ស្ពុ​ន​ស៊័​រ​នៅ​ប្រទេស​បារាំង​ទាក់ទង​ឲ្យ​ទៅ​ច្រៀង​នៅ​ទីនោះ ដោយសារ​តែ​ពួក​គេ​មិនដឹង និង​មិន​ជឿ​ថា​បួស​ជា​ព្រះសង្ឃ​ពិតមែន ។ លុះ​ពេល​ពួក​គេ​មក​ស្រុក​ខ្មែរ ហើយ​បាន​ជួប​ដោយ​ផ្ទាល់ ទើប​ជឿ ។ ដូច្នេះ​ហើយ​បាន​និមន្ត​ព្រះ​អង្គ​ទៅ​ប្រទេស​បារាំង ក្នុង​នាម​ជា​ព្រះសង្ឃ ពោល​មិនមែន​ជា​តារាចម្រៀង​ដូច​មុន​ឡើយ ។

បើ​តាម​ភិក្ខុ​ឆោម ប៊ុ​ន​យ៉ុ​ង ការ​បួស​ជា​ព្រះសង្ឃ​រហូត​មក​ទល់​ពេល​នេះ​មិនមែន​ជា​ការ​ងាយស្រួល​នោះ​ឡើយ ពោល​គឺ​បាន​ឆ្លងកាត់​ព្យុះ​ភ្លៀង និង​បញ្ហា​លំបាក​ច្រើន​ជំពូក​ជា​បន្តបន្ទាប់ ប៉ុន្តែ​នៅ​តែ​តស៊ូ​អត់ធ្មត់ ដើម្បី​បាន​ដើរ​លើ​ផ្លូវ​ព្រះធម៌​ដ៏​ជ្រះថ្លា​រហូត​ពេល​នេះ ។ ជាក់ស្ដែង​ពេល​បួស​ក្នុង​វត្ត​នៅ​ស្រុកស្រែ​នោះ មិនសូវ​មាន​ចង្ហាន់​ច្រើន​ឡើយ ហើយ​ពេល​ខ្លះ​ព្រះ​អង្គ និង​លោក​នេន​មួយ​ចំនួន​ទៀត​ឆាន់​បាយ​ជាមួយ​ឆៃប៉ូវ ។

នៅ​ពេល​ដែល​ព្រះ​អង្គ​ចេញ​បិណ្ឌ​បាត្រ​បាន​ចង្ហាន់ ម្តង​ៗ គឺ​តែងតែ​ហៅ​គ្នា​ទាំងអស់​មក​ឆាន់​គ្មាន​នៅ​សេសសល់​ឡើយ ។ អនុស្សាវរីយ៍​នេះ​ពេល​ខ្លះ​ព្រះ​អង្គ​ស្ទើរតែ​ទប់ទឹក​ភ្នែក​មិន​បាន តែ​ទោះជា​យ៉ាងណា​ក្ដី​ព្រះ​អង្គ​ហាក់​មិន​រា​ថយ​ពី​ជីវិត​ជា​ព្រះសង្ឃ​ឡើយ ។

បច្ចុប្បន្ន​ភិក្ខុ​ឆោម ប៊ុ​ន​យ៉ុ​ង នៅ​មិន​ទាន់​បាន​បង្ហាញ​ជំហរ​ជា​ថ្មី​ថា នឹង​សឹក​មក​ជា​គ្រហស្ថ និង​ចាប់​អាជីព​សិល្បៈ​វិញ​ទេ គឺ​នៅ​បន្តជីវិត​ជា​ព្រះសង្ឃ​ទៀត ។

ក្នុង​នាម​ជា​ព្រះសង្ឃ រហូត​មក​ទល់​ពេល​នេះ ភិក្ខុ​ឆោម ប៊ុ​ន​យ៉ុ​ង នៅ​តែ​នឹករឭក​ដល់​មិត្ត​សិល្បករ​ទាំងអស់​ដែល​រួម​ជំនាន់​ជាមួយ​គ្នា ហើយ​ព្រះ​អង្គ​ស្វាគមន៍​ចំពោះ​មិត្តភក្តិ​ដែល​មាន​បំណង​ទៅ​សួរសុខទុក្ខ​គ្រប់ពេល ។

ការ​សាង​ផ្នួស​របស់​ភិក្ខុ​ឆោម ប៊ុ​ន​យ៉ុ​ង តាំងពី​អំឡុង​ចុងឆ្នាំ​២០១២ បន្ទាប់​ពី​បាន​ជួប​រឿង​ស្នេហា​មិន​សមប្រកប និង​រឿងរ៉ាវ​អាប់អួ​នៅ​ក្នុង​ជីវិត​មួយ​ចំនួន​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ