ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ លួច​និង​ឆក់​យ៉ាង​សកម្ម នៅ​រាជធានី​ភ្នំពេញ

3 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កម្លាំង​នគរបាល នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ នា​រសៀល​ថ្ងៃ​ទី​១៩ វិច្ឆិកា ២០២០ ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ក្រោយ​ពី​ធ្វើ​សកម្មភាព​ឆក់​កាបូប​របស់​ស្ដ្រី​ម្នាក់ បាន​សម្រេច…

រាជធានី​ភ្នំពេញ ៖ កម្លាំង​នគរបាល នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ នា​រសៀល​ថ្ងៃ​ទី​១៩ វិច្ឆិកា ២០២០ ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ក្រោយ​ពី​ធ្វើ​សកម្មភាព​ឆក់​កាបូប​របស់​ស្ដ្រី​ម្នាក់ បាន​សម្រេច ។

ហេតុការណ៍​ឆក់​កាបូប​នេះ កើតឡើង​ត្រង់​ចំណុច​ក្បែរ​ស្តុ​ប​កា​រ៉េ​ប្រាំបី ផ្លូវ​២១៧ ស្ថិត​នៅ​ភូមិ​បា​គូ សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

ជនសង្ស័យ​ឈ្មោះ ក្រួច តារា​វិសាល ភេទ​ប្រុស អាយុ​២៤ ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​លេខ​៣៦៣ ផ្លូវលំ ភូមិ​ព្រែក​ទាល់ សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។ ចំណែក​ជន​រង​គ្រោះ​មានឈ្មោះ ហាក់ ដា​នី​ន ភេទ​ស្រី អាយុ​៣៨​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​លក់ដូរ ទីលំនៅ​ភូមិ​បា​គូ សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

លោក​អធិការរង​ខណ្ឌដង្កោ ទទួល​ផ្នែក​ព្រហ្មទណ្ឌ បាន​ឲ្យ​ដឹង​ថា កាលពី​រសៀល​ថ្ងៃ​ទី​១៩ វិច្ឆិកា ស្ត្រី​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ ចេញពី​កន្លែង​លក់ដូរ នៅ​ផ្សារ​សា​រឿ​ន​យ៉ា​ន្នី ស្ថិត​នៅ​ភូមិ​តា​ឡី សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ត្រឡប់​ទៅ​ផ្ទះ ស្ថិត​នៅ​ភូមិ​បា​គូ សង្កាត់​ដង្កោ ខណ្ឌដង្កោ លុះ​ពេល​បើក​ម៉ូតូ​តាម​ផ្លូវ​២១៧ ពី​ជើង​ទៅ​ត្បូង ដល់​ចំណុច​ក្បែរ​ស្តុ​ប​កា​រ៉េ​ប្រាំបី ស្ថិត​នៅ​ភូមិ​បា​គូ ស្រាប់តែ​មាន​ជនសង្ស័យ​ម្នាក់ បាន​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឃ្លី​ក ពណ៌​ខ្មៅ​លាយ​ទឹក​ក្រួច ពាក់​ផ្លា​ក​លេខ​ភ្នំពេញ​1IG-4658 ស្រប​ទិស​ជាមួយ​ជន​រង​គ្រោះ បាន​ធ្វើ​សកម្មភាព​ឆក់​យក​កាបូប​លុយ ដែល​ជន​រង​គ្រោះ ក្រ​វ៉ា​ត់​ចង្កេះ​ពី​ខាង​មុខ រួច​បើក​ម៉ូតូ​គេចខ្លួន ទៅ​ទិស​ខាងត្បូង ។

ស្រប​ពេល​នោះ មាន​កម្លាំង​សមត្ថកិច្ច​នគរបាល​ខណ្ឌដង្កោ ដែល​កំពុង​ជិះ​ម៉ូតូ​ល្បាត​តាម​ផ្លូវ​២១៧ បានឃើញ​ហេតុការណ៍​នោះ ក៏​ជួយ​អន្តរាគមន៍ ប្រដេញ​តាម​ពីក្រោយ និង​ស្រែក​ប្រកាស​តាម​វិទ្យុទាក់ទង ឲ្យ​កម្លាំង​ដែល​នៅ​តាម​គោលដៅ​ឈរជើង​ផ្សេង​ៗ​ជួយ​ស្ទាក់​ពីមុខ ហើយ​ជនសង្ស័យ​ខាងលើ​បាន​បើក​ម៉ូតូ​គេចខ្លួន​ដល់ ចំណុច​បុរី​ពិភព​ថ្មី​កួរស្រូវ ក៏​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​តែ​ម្ដង ។
ក្រោយ​ឃាត់ខ្លួន សមត្ថកិច្ច​ធ្វើការ​សាកសួរ​ជនសង្ស័យ​បាន​ឆ្លើយ​សារភាព ប្រាប់​សមត្ថកិច្ច​ថា រូបគេ (​ជនសង្ស័យ​) ពិតជា​បាន​ធ្វើ​សកម្មភាព​ឆក់​កាបូប​លុយ​របស់​ជន​រង​គ្រោះ​ប្រាកដ​មែន ហើយ​កន្លង​មក​រូបគេ (​ជនសង្ស័យ​) ធ្លាប់​បាន​ធ្វើ​សកម្មភាព​លួច និង​ឆក់​យក​ទ្រព្យសម្បត្តិ​របស់​ប្រជាពលរដ្ឋ​ក្នុង​រាជធានី​ភ្នំពេញ​ជា​ច្រើន​លើក​ថែម​ទៀត ។

ចំណែក​វត្ថុ​តាង សមត្ថកិច្ច​ដកហូត​បាន រួម​មាន ៖ ទី​១/​ម៉ូតូ​០១​គ្រឿង​ម៉ាក​ហុងដា​ឃ្លី​ក ពណ៌​ខ្មៅ លាយ​ទឹកក្រូច ពាក់​ផ្លា​ក​លេខ​ភ្នំពេញ 1IG-4658 ។ ទី​២/​កាបូប​ដាក់​លុយ (​ក្រ​វ៉ា​ត់​ចង្កេះ​ខាង​មុខ​) ពណ៌​ខ្មៅ លាយ​ខៀវ​ចំនួន​០១, ទី​៣/​លុយ​ខ្មែរ​ចំនួន ៦៥,០០០​រៀល (​ប្រាំមួយ​ម៉ឺន​ប្រាំ​ពាន់​រៀល​) យក​មក​ធ្វើការ​សាកសួរ នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ​តាម​នីតិវិធី​ច្បាប់ ។

ជាមួយ​គ្នា​នេះ ស្ត្រី​រង​គ្រោះ​ក៏​បាន​ដាក់​ពាក្យបណ្តឹង​លើ​ជនសង្ស័យ នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ ដើម្បី​ឱ្យ​សមត្ថកិច្ច​ចាត់ការ​ផង​ដែរ ។

បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវ​បាន​ឃុំខ្លួន​បណ្ដោះអាសន្ន​នៅ​អធិការដ្ឋាន​ខណ្ឌដង្កោ​និង​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ