ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វាសនា​សិប្បកម្ម​ច្នៃត្បូង​ប៉ៃលិន​ នា​សម័យ​​ឥទ្ធិពល​កូ​វី​ដ (វីដេអូ)

3 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​បៃ​លិ​ន ៖ គេ​សង្កេត​ឃើញ​ក្រុម​ជាង​ដែល​ជា​អ្នក​ប្រកប​មុខរបរ​ច្នៃត្បូង​នា​ពេល​នេះ ហាក់​ដូចជា​មានការ​ធ្លាក់​ចុះ​ខ្លាំង ដោយសារ​តែ​បញ្ហា​ជំងឺ​កូ​វី​ដ​១៩ វាយប្រហារ​ពិភពលោក ក៏​ដូច​ជា​ប្រទេស​កម្ពុជា ខណ​:​អូស​បន្លាយ​រយ​:​ពេល​យូរ​គ្មាន​ដឹង​ទី​បញ្ចប់ ។ បាតុភាព​នេះ…

ខេត្ត​បៃ​លិ​ន ៖ គេ​សង្កេត​ឃើញ​ក្រុម​ជាង​ដែល​ជា​អ្នក​ប្រកប​មុខរបរ​ច្នៃត្បូង​នា​ពេល​នេះ ហាក់​ដូចជា​មានការ​ធ្លាក់​ចុះ​ខ្លាំង ដោយសារ​តែ​បញ្ហា​ជំងឺ​កូ​វី​ដ​១៩ វាយប្រហារ​ពិភពលោក ក៏​ដូច​ជា​ប្រទេស​កម្ពុជា ខណ​:​អូស​បន្លាយ​រយ​:​ពេល​យូរ​គ្មាន​ដឹង​ទី​បញ្ចប់ ។ បាតុភាព​នេះ ទើប​ធ្វើ​ឱ្យ​កន្លែង​ច្នៃត្បូង​របស់​ខ្លួន ត្រូវ​កាត់​បន្ថយ​បុគ្គលិក​ជាង​ច្នៃ ព្រោះតែ​ស្ងាត់​ភ្ញៀវ និង​ម៉ូយ ចូល​មក​កុម្ម​ង់​ទិញ​គ្រឿងអលង្ការ ដែល​ខ្លួន​ផលិត​រួច ពោល​គឺ​អត់​សូវ​មាន​អ្នកទិញ​យក​ទៅ​ប្រើប្រាស​ច្រើន​ដូច​កាលពីមុន ។

បើ​តាម​ប្រភព​ព័ត៌មាន​ពី​បុរស​ម្នាក់ ឈ្មោះ ជាង ហាក់ ភេទ​ប្រុស អាយុ​៤០​ឆ្នាំ រស់នៅ​ភូមិប​ឌិន​នៀវ សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន បាន​រៀបរាប់​ឱ្យ​ដឹង​កាលពី​ព្រឹក​ថ្ងៃ​ទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ​ថា គាត់​ប្រកប​របរ​ច្នៃត្បូង​នេះ ជាង​២០​ឆ្នាំ​មក​ហើយ ។ លោក​ថា​កាលពីមុន​គាត់​មានកូន​ជាង​ច្នៃត្បូង​រហូត​ដល់​ជិត​៣០​នាក់ តែ​មក​ដល់​ពេល​នេះ នៅ​សល់​ត្រឹមតែ​៨​នាក់​ប៉ុណ្ណោះ។

លោក​បន្ត​ទៀត​ថា ដោយសារ​តែ​អត់​សូវ​មានការ​ងារ​ឱ្យ​ពួក​គេ​ធ្វើ ព្រោះតែ​ជំងឺ​កូ​វី​ដ​១៩​វាយលុក​អូស​បន្លាយ រយ​:​ពេល​យូរ​ពេក ណាមួយ​ខាង​ភាគី​ថៃ​បិទ​ច្រក​ទ្វារ​អន្តរជាតិ​មិន​ទាន់​ឱ្យ​មនុស្ស​ឆ្លង​ចេញចូល​ទៅ​មក​ដូច​កាលពីមុន ទើប​អត់​សូវ​មាន​អ្នក​យក​គ្រាប់​ត្បូង​មក​ឱ្យ​ខាង​លោក​ច្នៃ​ធ្វើ​ជា​គ្រឿងអលង្ការ​នោះ ។ លើស​ពី​នេះ បច្ចុប្បន្ន​ខាង​លោក​នៅ​តែ​បន្ត​ច្នៃ​កំទេច​ត្បូង​ខ្លួនឯង​ដដែល និង​ស៊ីឈ្នួល​ច្នៃ​ឱ្យ​គេ​ខ្លះ​ៗ ហើយ​ត្បូង​ដែល​មាន​តម្លៃ​ខ្ពស់​ជាងគេ គឺ​ប្រភេទ​ត្បូង​ទទឹម (​ក្រហម​)​និង​ត្បូង​កណ្តៀង (​ខៀវ​) ។

ចំពោះ​ការ​ច្នៃ​លោក​ថា គឺ​គិត​តម្លៃ​ឈ្នួល​ទៅ​តាម​ត្បូង​តូច​ឬ​ធំ ដោយ​ភាគច្រើន​កុងសែ​នៅ​ក្នុង​ខេត្ត​ប៉ៃលិន គេ​យក​មក​ឱ្យ​ខាង​លោក​ច្នៃ ឱ្យ​គេ​យក​ទៅ​ដាក់​តាំង​លក់​នៅ​តាម​តូប​នានា​ក្នុង​ផ្សារ​ប៉ៃលិន និង​ដាក់​លក់​ទល់មុខ​រមណីយដ្ឋាន​ភ្នំ​យ៉ា​ត​ជាដើម ។

លោក​បញ្ជាក់​ថា បញ្ហា​ជំងឺ​កូ​វី​ដ​១៩​នេះ ពិតជា​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​មុខរបរ និង​ការងារ​របស់​ខ្លួន​យ៉ាង​ខ្លាំង ខណ​:​កម្ទេច​ត្បូង​ទិញ​ពី​ប្រជាពលរដ្ឋ​បាន​ច្រើន ។ ប៉ុន្តែ​បន្ទាប់​ពី​ឱ្យ​ជាង​ច្នៃ​រួច មានការ​លំបាក​ក្នុង​ការ​លក់​ចេញ​ឱ្យ​ភ្ញៀវ ដោយសារ​អត់​សូវ​ឃើញ​មាន​ភ្ញៀវ​ជាតិ និង​អន្តរជាតិ ចេញចូល​មក​លេង​ក្នុង​ខេត្ត​ប៉ៃលិន​ច្រើន​ដូច​កាលពីមុន ពោល​គឺ​សេដ្ឋកិច្ច​គ្រួសារ​របស់​លោក​នា​ពេល​នេះ មានការ​ធ្លាក់​ចុះ​តែ​ម្តង ។

លោក​ថា​និយាយ​ឱ្យ​ត្រង់​ទៅ កាលពីមុន​បុគ្គលិក​ច្នៃត្បូង​របស់​លោក​ពេញ​ៗ​ផ្ទះ គឺ​ជិត​៣០​នាក់ បន្ទាប់​ពី​មាន​បញ្ហា​ជំងឺ​នេះ​កើតឡើង​ក៏​ឈប់​ម្តងម្នាក់​ៗ រហូត​ដល់​នៅ​សល់​ត្រឹមតែ​ជិត​១០​នាក់​ប៉ុណ្ណោះ ។ បើសិនជា​ជំងឺ​នេះ មិន​មានការ​ថមថយ​ទៅ​វិញ​ទេ ហើយ​ភ្ញៀវ​អត់​សូវ​ចូល​មក​ទិញ​ទៀត ខាង​លោក ពិតជា​មានការ​ព្រួយបារម្ភ​ខ្លាំង​ចំពោះ​ជីវភាព​ប្រចាំ​ថ្ងៃ ។

សូម​បញ្ជាក់​ផង​ដែរ​ថា ចំណែក​អ្នក​រែង​ត្បូង​នៅ​តាម​ដងស្ទឹង ក៏​អត់​សូវ​មាន​ដូច​កាលពីមុន​ដែរ ហើយ​អ្នក​លក់ដូរ​នៅ​តាម​មុខ​រមណីយដ្ឋាន​នានា ដូច​ជា​រមណីយដ្ឋាន​ភ្នំ​យ៉ា​ត ក៏​អត់​សូវ​កាក់កប​ដូច​កាលពី​មិន​ទាន់​មាន​បញ្ហា​ជំងឺ​កូ​វី​ដ​១៩​ដែរ ខណ​:​បច្ចុប្បន្ន​ពួក​គាត់​លក់ដាច់​តិចតួច សម្រាប់​ឱ្យ​ភ្ញៀវ​ក្នុងស្រុក និង​មក​ពី​តាម​បណ្តា​ខេត្ត​មួយ​ចំនួន​ប៉ុណ្ណោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ