ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ផែនការ​បង្ក្រាបល្បែង​​នៅ​ក្រុង​បាត់​ដំបង​ ក្លាយជា​«ផែនស្ករ​»​ទេ​ដឹង?

3 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ គិត​ត្រឹម​ថ្ងៃ​ទី​១៧ វិច្ឆិកា នេះ ផែនការ​បង្ក្រាប​ទីតាំង​ល្បែង​តាម «​អន​ឡាញ​» របស់​លោកស្នងការ​ខេត្ត ដែល​បាន​បញ្ជា​ឲ្យ​លោកស្នងការ​រង​មួយ​រូប​សហការ​ជាមួយ​លោក​អធិការ​ក្រុង ចាត់វិធានការ​បង្ក្រាប…

ខេត្តបាត់ដំបង ៖ គិត​ត្រឹម​ថ្ងៃ​ទី​១៧ វិច្ឆិកា នេះ ផែនការ​បង្ក្រាប​ទីតាំង​ល្បែង​តាម «​អន​ឡាញ​» របស់​លោកស្នងការ​ខេត្ត ដែល​បាន​បញ្ជា​ឲ្យ​លោកស្នងការ​រង​មួយ​រូប​សហការ​ជាមួយ​លោក​អធិការ​ក្រុង ចាត់វិធានការ​បង្ក្រាប គឺ​មាន​រយៈពេល​ជាង​១​ខែ​ហើយ ។ បទបញ្ជា​នេះ​ត្រូវ​បាន​ផ្សព្វផ្សាយ​យ៉ាង​ទូលំទូលាយ​តាម​រយៈ​«​ផេ​ក​»​របស់​ស្នងការ​ខេត្ត​ឲ្យ​មហាជន​បាន​ជ្រាប ។ ប៉ុន្តែ​ផែនការ​នេះ​ហាក់​ងាប់ស្ដូក​គ្មាន​កម្រើក​ឡើយ ខណៈ​ទីតាំង​ល្បែង​នេះ​ជាង​២០​កន្លែង​កំពុង​ដំណើរការ​យ៉ាង​រលូន ក្រោម​ក្រសែភ្នែក​មន្ត្រី​ជំនាញ និង​លោកស្នងការ​ខេត្ត ដែល​ធ្វើ​ឲ្យ​មហាជន​ដាក់​ការ​សង្ស័យ​ថា ផែនការ​នេះ​ទំនង​បាន​ក្លាយជា​ផែនស្ករ​យ៉ាង​ផ្អែម​ជាប់មាត់​បាត់​ទៅ​ហើយ ឬ​ក្លាយជា​ក្រដាស​អនា​ម័យ ឬ​ក្លាយជា​ក្រដាស់​ខ្ចប់​មាសប្រាក់​ទេ​ដឹង?

លោក​ឧត្តមសេនីយ៍ត្រី សាត គឹ​ម​សាន ស្នងការ​ខេត្ត​បាន​ដាក់​ចេញ​នូវ​បទបញ្ជា​ដែល​មើលទៅ​ហាក់​ម៉ឺងម៉ាត់​បំផុត​ឲ្យ​មន្ត្រី​ជំនាញ​ក្រោម​ឪ​វ៉ា​ទ ចុះ​បង្ក្រាប​ទីតាំង​ភ្នាល់​ល្បែង​តាម​«​អន​ឡាញ​» ខុសច្បាប់​នានា ដែល​កំពុង​ប្រព្រឹត្ត​ទៅ​យ៉ាង​អនាធិបតេយ្យ ស្ទើរ​ពាសពេញ​ក្នុង​ក្រុង​បាត់ដំបង ។ ផែនការ​ដ៏​ក្ដៅ​គគុក​របស់​លោកស្នងការ​ខេត្ត​នេះ ត្រូវ​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​តាម​រយៈ​ផេ​ក «​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​» តាំងពី​ថ្ងៃ​ទី​១៣ តុលា កន្លង​ទៅ​នេះ ដើម្បី​ជា​ការ​ជួន​ដំណឹង​ដល់​អ្នក​សារព័ត៌មាន និង​ប្រជាពលរដ្ឋ​បាន​ជ្រាប ក្រោយ​ពី​មានការ​រិះគន់​ខ្លាំង​ពី​មហាជន ។

យោង​លើ​ខ្លឹមសារ​នៃ​បទបញ្ជា​ដែល​បាន​ផ្សព្វផ្សាយ​នៅ​លើ «​ផេ​ក​» របស់​ស្នងការ​ខេត្ត ដែល​គ្រប់គ្រង​ដោយ​ក្រុមការងារ​ប្រតិកម្ម​រហ័ស​របស់​ស្នងការដ្ឋាន លោក​ឧត្តមសេ​នីយ៍​ត្រី សាត គឹ​ម​សាន បាន​ចាត់តាំង​លោក លឹ​ម ពុ​ទ្ធី​ឡា ស្នងការ​រង​ទទួល​ផែន​ព្រហ្ម​ទណ្ឌ និង​លោក ឆាង វណ្ណ​ឆៃ អធិការ​ក្រុង​បាត់ដំបង ត្រូវ​ទទួល​ភារកិច្ច​នេះ ចុះ​បង្ក្រាប​បន​ល្បែង​តាម​អន​ឡាញ​ខុសច្បាប់​ទាំងនោះ ។

ប៉ុន្តែ​រហូត​មក​ដល់​ត្រឹម​ថ្ងៃ​ទី​១៧ វិច្ឆិកា នេះ មាន​រយៈពេល​ជាង​១​ខែ​ហើយ បញ្ជា​នេះ​ហាក់​កំពុង​ងាប់ស្ដូក​គ្មាន​កម្រើក​អ្វី​បន្តិច​ឡើយ ខណៈ​ទីតាំង​ល្បែង​អន​ឡាញ​គ្មាន​ច្បាប់​ដែល​ប៉ាន់​ប្រមាណ​ថា មាន​ជាង​២០​កន្លែង កំពុង​បើក​ដំណើរការ​យ៉ាង​គ​គ្លើ​ន ។ រីឯ​លោកស្នងការ និង​លោកស្នងការ​រង​ទ​ទូល​បន្ទុក បាន​ត្រឹមតែ​ផ្ដល់​ចម្លើយ​តប​វិញ ក្នុង​ន័យ​ឲ្យ​រួច​ផុត​ពី​មាត់​ថា «​យើង​កំពុងធ្វើការ​ស្រាវជ្រាវ និង​ត្រៀម​បង្ក្រាប​» តែ​ប៉ុណ្ណោះ ។

លោក លឹ​ម ពុ​ទ្ធី​ឡា ស្នងការ​រង​ដែល​ទទួល​បទបញ្ជា​ពី​លោកស្នងការ​ខេត្ត ចុះ​បង្ក្រាប​ទីតាំង​ល្បែង​អន​ឡាញ ហាក់​មិន​និយាយ​អំពី​ចំណាត់ការ​ច្បាស់លាស់​នៅឡើយ នៅ​ពេល​សាកសួរ​អំពី​ផែនការ​បង្ក្រាប​ល្បែង​អន​ឡាញ​នេះ ។ លោកស្នងការ​រង​រូប​នេះ បាន​បំភ្លឺ​ប្រាប់​កោះសន្តិភាព កាលពី​ថ្ងៃ​ទី​១៦ វិច្ឆិកា តាម​ទូរស័ព្ទ​ជុំវិញ​ផែនការ​បង្ក្រាប​ទីតាំង​ល្បែង​អន​ឡាញ​នេះ​យ៉ាង​ដូច្នេះ​ថា «​ពេល​នេះ​មន្ត្រី​ជំនាញ​កំពុងធ្វើការ​ស្រាវជ្រាវ ហើយ​កំពុង​សុំ​គោល​ការ​លោកស្នងការ តែ​មិន​ទាន់​មាន​បទបញ្ជា​» ។ នៅ​ពេល​សួរ​ថា បទ​បញ្ជា​​របស់​លោកស្នងការ​ខេត្ត បាន​ផ្សព្វផ្សាយ​តាម​រយៈ​ផេ​ក​ស្នងការ​ខេត្ត តាំងពី​ថ្ងៃ​ទី​១៣ តុលា ហើយ​តើ ហេតុ​អ្វី​ថា​មិន​ទាន់​មាន ? លោក លឹ​ម ពុ​ទ្ធី​ឡា បាន​ផ្ដល់​ចម្លើយ​ត្រឡប់​ក្រោយ​វិញ​ដដែល​ថា «​យើង​បាន​ស្រាវជ្រាវ​ហើយ តែ​កំពុង​សុំ​គោល​ការ​បង្ក្រាប​»។

ប្រហាក់ប្រហែល​នឹង​ការ​ពន្យល់​របស់​លោក លឹ​ម ពុ​ទ្ធី​ឡា ស្នងការ​រង​ខាងលើ​នេះ​ដែរ ដែល​លោក​សាត គឹ​ម​សាន ស្នងការ​ខេត្ត បា​នប​ភ្លឺ​ប្រាប់​កោះសន្តិភាព នៅ​ពេល​សាក​សួរ​អំពី​ផែនការ​បង្ក្រាប​ល្បែង​អន​ឡាញ​ខុសច្បាប់​នេះ ដែល​លោក​បាន​ចេញ​បទបញ្ជា​រួច​ហើយ តែ​បែរជា​គ្មាន​កម្រើក​អ្វី​បន្តិច​សោះ ជាង​១​ខែ​កន្លង​ទៅ​នេះ ។ លោក​សាត គឹ​ម​សាន បាន​ថ្លែងប្រាប់​ដូច្នេះ​ដែរ​ថា «​ឥឡូវ​ខ្ញុំ​កំពុង​ឲ្យ​ខាង​ការិយាល័យ​ជំនាញ ចុះ​ស្រាវ​ជ្រាវ​ធ្វើការ​បង្ក្រាប​ហើយ ។ ដោយសារ​ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ​នេះ ខ្ញុំ​ជាប់រវល់​.. តែ​យ៉ាងណា​យើង​នឹង​ចាត់វិធានការ​ហើយ ។ ហើយ​ធ្វើ​បាន​កម្រិត​ណា​.. ខ្ញុំ​នឹង​ពិនិត្យ​ទៀត​.. តែ​អត់​អី​ទេ ខ្ញុំ​នឹង​ឲ្យ​កម្លាំង​បង្ក្រាប​ហើយ​» ។

ពាក់ព័ន្ធ​នឹង​បន​ល្បែង «​អ៊ី​ន​ធើ​ណិ​ត ឬ​អន​ឡាញ​» ដែល​កំពុង​បើក​ដំណើរការ​យ៉ាង​អនាធិបតេយ្យ​អ​ង្រូ​ន​ពេញ​ក្រុង​បាត់ដំបង​នេះ បើ​តាម​ប្រភព​នានា ដែល​កោះសន្តិភាព​ទ​ទូល​បាន និង​អាច​ចាត់ទុកជា​របាយការណ៍​បឋម​បាន​ប៉ាន់​ប្រមាណ​ថា ល្បែង​នេះ​មាន​យ៉ាងតិច​ជាង​២០​ទីតាំង ដែល​កំពុង​បើក​ដំណើរការ​យ៉ាង​រលូន ។ ទីតាំង​ល្បែង​ដ៏​លីលា​នេះ​ភាគច្រើន ត្រូវ​គេ​កត់​សម្គាល់ថា សុទ្ធតែ​មាន​សមត្ថកិច្ច ឬ​មន្ត្រី​មាន​អំណាច​ចាំ​កាង​ការពារ​ដ៏​រឹង​មាំ​នៅ​ពីក្រោយ​ខ្នង​ទៀត​ផង ។

នេះ​បើ​តាម​ការ​អះអាង​ពី​ប្រភព​ព័ត៌មាន ។ ចំពោះ​អ្នក​គ្មាន​ខ្សែ គ្មាន​ខ្នង​ជា​មន្ត្រីរាជការ ឬ​សមត្ថកិច្ច​មិន​អាច​បើក​ល្បែង​នេះ​បាន​ទេ ។មិន​ត្រឹមតែ​ប្រព្រឹត្ត​ល្បែងភ្នាល់​គ្រប់​ប្រភេទ​នៅ​តាម​អន​ឡាញ​ប៉ុណ្ណោះ​ទេ ។ បើ​តាម​អ្នកដឹង​រឿង​នេះ​បាន​និយាយ​ថា ទីតាំង​ល្បែង​នេះ​មួយ​ចំនួន កំពុង​ប្រែ​ក្លាយជា​ជម្រក​នៃ​ការ​ជួញដូរ និង​ប្រើប្រាស​គ្រឿងញៀន​យ៉ាង​វក់វី​ដល់​ក្រុម​អ្នក​ញៀន​នឹង​ល្បែង​នេះ ។ មិនតែប៉ុណ្ណោះ ក្រោយ​ពី​ប្រព្រឹត្ត​លេងល្បែង​ស៊ីសង និង​សេព​ថ្នាំ​ញៀន ពួក​គេ​អាច​ឈាន​ដល់​ការ​ចេញ​ប្រព្រឹត្ត​អំពើ​ចោរកម្ម​នានា នៅ​តាម​មូលដ្ឋាន​ថែម​ទៀត ។ ម្លឹ​ង​ៗ​បានជា​ខេត្តបាត់ដំបង​កើត​មាន​ចោរហារយ​ស្ទើរ​ចូល​ភ្នែក​ចូល​ច្រមុះ ។

ជា​រឿយ​ៗ គេ​ដឹង​ថា ក្រុម​គណៈ​បញ្ជាការ​កងឯកភាព​ខេត្ត ដែល​មាន​សមាជិក​មក​ពី​គ្រប់​ស្ថាប័នរដ្ឋ​នៅ​ក្នុង​ខេត្ត តែង​បើក​ការ​ប្រជុំ​ដើម្បី​ពិភាក្សា​រក​ដំណោះស្រាយ​រាល់​បញ្ហា ឬ​ភាព​អសកម្ម​នានា ដែល​បាន​កើតឡើង​នៅ​ក្នុង​ខេត្ត ទាំង​ភាព​វិជ្ជមាន និង​អវិជ្ជមាន ក្នុង​នោះ​ក៏​បាន​និយាយ​ពី​រឿង​ល្បែងស៊ីសង​គ្មាន​ច្បាប់​គ្រប់​ប្រភេទ​ផង​ដែរ ។ ប៉ុន្តែ​រាល់ពេល​ក្រោយ​បញ្ចប់​នៃ​កិច្ចប្រជុំ​ម្ដង​ៗ គេ​មិន​ដែល​ឃើញ​មានការ​ចុះ​ដោះស្រាយ​នូវ​បញ្ហា​នានា ដែល​បាន​វែកញែក​រក​ឃើញ​នៅ​ក្នុង​អង្គប្រជុំ​នោះ​ទេ ។

ផ្ទុយ​ទៅ​វិញ​អ្វី​ៗ ដែល​ជា​បញ្ហា នៅ​តែ​មាន​បញ្ហា​ដដែល​ជា​ដដែល ។ ជាក់ស្ដែង​ដូច​ជា​រឿង​ល្បែងស៊ីសង​នេះ គឺជា​ផ្នែក​ដ៏​សំខាន់​មួយ​ដែល​មាននៅ​ក្នុង​គោលនយោបាយ​«​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព​» ដែល​មន្ត្រី​ខ្លះ បាន​លើកយក​មក​ជជែក​ឡើង​បែកពពុះមាត់​នៅ​ក្នុង​អង្គប្រជុំ តែ​ចុង​ក្រោយ​សាប​ដូច​ទឹកទន្លេ គ្មាន​បានការ​ឡើយ ។

សូ​ម្បី​តែ​លោកស្នងការ​បាន​ដាក់​ផែនការ​រួច​ហើយ រហូត​ផ្សព្វផ្សាយ​តាម​ផេ​ក​ស្នង​ការ​ដ្ឋាន​ខេត្ត ឲ្យ​មហាជន​រង់ចាំ​ទស្សនា​អំពី​ស្នាដៃ​បង្ក្រាប​នេះ​យ៉ាងណា​ក្ដី ។ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ​ជាង​១​ខែ​ទៅ​ហើយ ផែនការ​របស់​លោកស្នងការ ដែល​ទើប​ចូល​កាន់​ដំណែង​ថ្មី​នេះ ហាក់​ងាប់ស្ដូក​ស្ដឹង​មិន​កម្រើក​ឡើយ ។ សង្ស័យ​ក្លាយជា​ក្រដាស់​ខ្ចប់​មាស​ខ្ចប់​ប្រាក់​ទេ​ដឹង? ឬ​ក្រដាស់អនាម័យ ?

យ៉ាងណា​ក៏​ដោយពេល​នេះ ទាំង​លោកស្នងការ​ខេត្ត ទាំង​លោកស្នងការ​រង​ផែន​ព្រហ្មទណ្ឌ សុទ្ធតែ​បាន​ប្ដេជ្ញា​ចិត្តជា​ថ្មី​ថា «​ពេល​នេះ​កំពុង​ត្រៀមកម្លាំង​បង្ក្រាប​គ្មាន​សំចៃ​ដៃ​ឡើយ នូវ​ទីតាំង​ល្បែង​អន​ឡាញ​ខុសច្បាប់ ដែល​គេ​ប៉ាន់​ស្មានថា អាច​មាន​ជាង​២០​កន្លែង ដែល​កំពុង​បើកទ្វារ​នៅ​ចំ​កណ្ដាល​បេះដូង​ក្រុង​បាត់ដំបង​» ។ ប៉ុន្តែ​សង្ស័យ​បង្ក្រាប​ខ្យល់​ទៀត​ផង កុំឱ្យ​ថៅកែ​ខាតបង់​ច្រើន​ពេក​ពេល​បង្ក្រាប​… ហេ ! ហេ !

អត្ថបទសរសេរ ដោយ