ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកសិល្បៈ​​​ជួប​បញ្ហា​​ជា​ថ្មី​ទៀត ព្រោះ​តែ​​​​កូ​វី​ដ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បញ្ហា​កូ​វី​ដ​១៩ ដែល​កំពុង​មានការ​ព្រួយ​របា​ម្ភ​នៅ​ក្នុង​ប្រទេស​កម្ពុ​ជានា​ពេល​នេះ បាន​ធ្វើ​ឲ្យ​អ្នកសិល្បៈ​មួយ​ចំនួន​បាត់បង់​ចំណែក​ទីផ្សារ​របស់​ខ្លួន​ជា​ថ្មី​ម្តងទៀត បន្ទាប់​ពី​ពួក​គេ​បាន​បាត់បង់​រួច​មក​ហើយ​កាលពី​ជំងឺ​នេះ​កំពុង​រីក​រាលដាល​ខ្លាំង​ជា​សាកល ។ ពិត​ណាស់ បន្ទាប់​ពី​បញ្ហា​ជំងឺ​កូ​វី​ដ​១៩​នៅ​ក្នុង​ប្រទេស​កម្ពុជា ត្រូវ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ចាត់វិធានការ​ទប់​ស្កាត់​យ៉ាង​ល្អ​នោះ…

រាជធានី​ភ្នំពេញ ៖ បញ្ហា​កូ​វី​ដ​១៩ ដែល​កំពុង​មានការ​ព្រួយ​របា​ម្ភ​នៅ​ក្នុង​ប្រទេស​កម្ពុ​ជានា​ពេល​នេះ បាន​ធ្វើ​ឲ្យ​អ្នកសិល្បៈ​មួយ​ចំនួន​បាត់បង់​ចំណែក​ទីផ្សារ​របស់​ខ្លួន​ជា​ថ្មី​ម្តងទៀត បន្ទាប់​ពី​ពួក​គេ​បាន​បាត់បង់​រួច​មក​ហើយ​កាលពី​ជំងឺ​នេះ​កំពុង​រីក​រាលដាល​ខ្លាំង​ជា​សាកល ។ ពិត​ណាស់ បន្ទាប់​ពី​បញ្ហា​ជំងឺ​កូ​វី​ដ​១៩​នៅ​ក្នុង​ប្រទេស​កម្ពុជា ត្រូវ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ចាត់វិធានការ​ទប់​ស្កាត់​យ៉ាង​ល្អ​នោះ បាន​ធ្វើ​ឲ្យ​ពិធី​ជួបជុំ​មួយ​ចំនួន​បាន​ចាប់ផ្តើម​ដំណើរការ​ឡើង​វិញ​ជា បណ្តើរ​ៗ ដោយ​នៅ​ក្នុង​នោះ​រាប់​ទាំង​ពិធី​សិល្បៈ មង្គលការ និង​ការ​បើក​ដំណើរការ​រោងកុន​ឡើង​វិញ ជាដើម ។

ការ​ចាប់ផ្តើម​ដំណើរការ​ជា​ថ្មី​ឡើង​បាន​ធ្វើ​ឲ្យ​អ្នកសិល្បៈ និង​អ្នក​ពាក់ព័ន្ធ​សិល្បៈ ជា​ពិសេស​អ្នក​មាន​ទីផ្សារ​ខ្ពស់ អាច​រក​ប្រាក់​ចំណូល​របស់​ពួក​គេ បើ​ទោះបីជា​ការ​ដំណើរការ​ឡើង​វិញ​នេះ​នៅ​មានការ​ត្បិតត្បៀត និង​ការ​រក្សា​ការពារ​ខ្ពស់​នៃ​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​ក៏​ដោយ ។ យ៉ាងណា​ក្ដី​បន្ទាប់​ពី​ការ​បារម្ភ​ពី​កូ​វី​ដ​បាន​កើតឡើង​វិញ​ថ្មី​នោះ កម្មវិធី​សិល្បៈ មង្គលការ ពិធី ផ្សេង​ៗ និង​រោងកុន​ជាដើម ត្រូវ​រាជរដ្ឋាភិបាល​ប្រកាស​ផ្អាក​ជា​ថ្មី នាំ​ឲ្យ​អ្នកសិល្បៈ​មួយ​ចំនួន​ក៏​រង​ប៉ះពាល់​ទីផ្សារ​ជា​ថ្មី​ផង​ដែរ ។

កាលពី​ថ្ងៃ​ទី​១៣ វិច្ឆិកា ២០២០ អ្នក​នាង ខាត់ សុ​ឃី​ម បាន​អះអាង ពេល​នេះ​រូប​នាង​ក៏​រង​ផល​ប៉ះពាល់​ជា​ថ្មី​ផង​ដែរ ពី​ការ​រកស៊ី​ទទួលទាន​នៅ​ក្នុង​ផ្នែក​សិល្បៈ​នេះ បន្ទាប់់​ពី​នាងរង​ផល​ប៉ះពាល់​ម្តង​ហើយ​កាលពី​ពេល​កន្លង​ទៅ ។ អ្នក​នាង​សុ​ឃី​ម​ថា «​កូ​វី​ដ​ប្រហារ​រោងការ​ទៀត​ហើយ មាន​រោង​ខ្លះ​នៅ​ក្នុង​ខែវិច្ឆិកា​នេះ ត្រូវ​បាន​គេ​លុប​ចោល​ជា បណ្តើរ​ៗ​ហើយ នៅឡើយ​តែ​រង់ចាំ​មើល​នៅ​ខែធ្នូ​ជា​បន្តបន្ទាប់​ទៀត ព្រោះ​ខ្លាច​ជិត​ដល់​គេ​លុប​ចោល​ទៀត »​។

យ៉ាងណា​ក្ដី​បើ​តាម​អ្នក​នាង​ខាត់ សុ​ឃី​ម បើ​ទោះបីជា​ពេល​នេះ​មិន​ទាន់​មាន​ម្ចាស់​ដើមការ​ច្រើន​លុប​ចោល ពោល​គឺ​នៅ​មាន មួយ​ៗ​ក៏​ដោយ ប៉ុន្តែ​នាង​នៅ​តែ​បារម្ភ ព្រោះ​នៅ​រោង ថ្មី​ៗ​នា​ខែ ក្រោយ​ៗ​ទៀត​ដែល​អាច​នឹង​ត្រូវ​គេ​លុប​ចោល​ដូច​គ្នា ។

ចំណែក​ពិធី​ការិនី​ដ៏​ល្បី និង​មាន​ទីផ្សារ​ខ្ពស់​អ្នក​នាង​កែវ ចាន់​និមល បាន​អះអាង​ពី​ការ​ខាតបង់​ប្រាក់​ចំណូល​របស់​ខ្លួន​ពី​ការ​លុប​ចោល​ពិធី​នានា​ផង​ដែរ ដោយសារ​បញ្ហា​ជំងឺ​កូ​វី​ដ​ក្នុង​ប្រទេស​កម្ពុ​ជានា​ពេល​នេះ ។ អ្នក​នាង​បាន​បង្ហោះ​សារ​តាម​ហ្វេ​ស​ប៊ុ​ក​បញ្ជាក់​ថា «​ឃើញ​គេ​ផុស​ថ្ងៃ​11/11/2020 ជា​ថ្ងៃ​ល្អ ល្អ​មែន​ទេ​ដឹង ! cancel​គ្រប់​រោង​អ៊ីចឹង »​។

តាម​រយៈ​សារ​ដែល​បាន​បង្ហោះ​ពី​ពិធី​ការិនី​កែវ ចាន់​និមល បញ្ជាក់​ថា ការងារ​ជា​ពិធី​ការិនី​តាម​មង្គលការ និង​កម្មវិធី​សម្ពោធ​នានា​របស់​នាង​គឺ​ត្រូវ​បាន​លុប​ចោល​ទាំងអស់ ដែល​នាង​អះអាង​ថា នោះ​ជា​ការ​លុប​ចោល​ជា​ទ្រង់ទ្រាយ​ធំ​តែ​ម្តង ។

តារា​សម្តែង និង​ជា​ពិធី​ការិនី​សុខ សុ​ម៉ា​វ​ត្តី ក៏​បាន​លើក​ឡើង​ពី​ការ​បាត់បង់​ទីផ្សារ​ប្រាក់​ចំណូល​ពី​អាជីព​សិល្បៈ​របស់​នាង ដោយសារ​ជំងឺ​កូ​វី​ដ​ដែរ ។ នាង​បាន​បង្ហោះ​សារ​តាម​បណ្តាញ​សង្គម​ថា​« Cancel ជាង​១០​រោង ថ្ងៃ​ល្អ​11.11 នៅ​មាន​ផ្សេង​ទៀត​កំពុង​ចាំ​ស្ដាប់​ដំណឹង​»​។

ជាមួយ​គ្នា​នោះ​ដែរ​ចាងហ្វាង​ផលិតកម្ម​កថា​ជ័យ​ភាពយន្ត​លោក​ហ៊ុយ យ៉ា​ឡេ​ង បាន​ត្អូញត្អែរ​ពី​ការ​ខាតបង់​នៅ​ក្នុង​ការ​រក​ប្រាក់​ចំណូល​ពី​ការ​ចាក់​បញ្ចាំង​ឡើង​វិញ​ភាពយន្ត​រឿង​«​ដើម្បី​កូន​» បន្ទាប់​​ពី​រោង​ភាពយន្ត​ទាំងអស់​ត្រូវ​បាន​ផ្អាក​ដំណើរការ​ជា​ថ្មី ដោយសារ​បញ្ហា​ជំងឺ​កូ​វី​ដ ។ លោក​បាន​បង្ហោះ​សារ​តាម​ហ្វេ​ស​ប៊ុ​ករប​ស់លោ​កថា «​រាត្រី​ចុង​ក្រោយ ទស្សនីយភាព​ចុង​ក្រោយ​នៅ​រោងកុន ពេល​ឯង​បើក​ខ្ញុំ​ក៏​រត់​មក​ស្វាគមន៍​ឯង​មុនគេ ពេល​ឯង​បិទ​ខ្ញុំ​ក៏​រត់​មក​លា​ឯង​មុន​ដូច​គ្នា សុំ​ទោស​ផង​មិត្ត​អ្នកគាំទ្រ​ក៏​ដូច​ជា​ភ្ញៀវ​កិត្តិយស​ទាំងអស់​ដែល​បាន​អញ្ជើញ​ហើយ​ត្រូវ​សុំ​ពន្យារពេល​ទាល់តែ​រោង​ភាពយន្ត​បើក​វិញ ។ អរគុណ​បងប្អូន​ដែល​ត្រៀម​ជួយ​ប៉ាវ​មួយ​ហល​ៗ​សម្រាប់​បុគ្គលិក​ដើម្បី​គាំទ្រ​ភាពយន្ត​ខ្មែរ សង្ឃឹមថា​មួយ​កំផ្លៀង​ទៀត​របស់​កូ​វី​ដ​នេះ​អាច​តស៊ូ​បាន​ទៀត​ទៅ​ចុះ »​។

ទោះជា​យ៉ាងណា​ក៏​ដោយ​បើ​ទោះបីជា​អ្នកសិល្បៈ​មួយ​ចំនួន​ត្រូវ​ខាតបង់​ពី​ការ​ប្រាក់​នៅ​ក្នុង​រលក​ថ្មី​នៃ​ជំងឺ​កូ​វី​ដ​នេះ​ក៏​ដោយ ប៉ុន្តែ​ពួក​គេ​នៅ​តែ​យល់​ស្រប​ទៅ​នឹង​វិធានការ​ចាំបាច់​ដែល​រាជរដ្ឋាភិបាល​បាន​សម្រេច​នា​ពេល​នេះ ព្រោះ​ជា​វិធានការ​ដ៏​សំខាន់​ក្នុង​ការ​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​នៅ​ក្នុង​ប្រទេស​កម្ពុជា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ