ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គណៈកម្មការ​ខេត្ត​ចុះ​សិក្សា​ធ្វើ​ផ្សារ​កំពង់​​ពពិល​ឡើង​វិញ ក្រោយ​ភ្លើង​ឆេះ​ស្ទើរ​​ទាំងស្រុង

3 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ ក្រោយ​ពី​មាន​អគ្គិភ័យ​បាន​ឆាបឆេះ​ផ្សារ​កំពង់​ពពិល​អស់​ចំនួន​៧៧​តូប កាលពី​ថ្ងៃ​ទី​៤ ខែវិច្ឆិកា​កន្លង​ទៅ ដែល​សរុប​ការ​ខូចខាត​គិត​ជា​ទឹកប្រាក់​ប្រមាណ​ជាង​១​លាន​ដុល្លារ​នោះ អាជ្ញាធរ​ខេត្តព្រៃវែង ក៏​បាន​បង្កើត​គណៈកម្មការ​១ ដើម្បី​ចុះ​សិក្សា​ពី​ការ​ខូចខាត និង​លើក​គំរោង​សាងសង់​ផ្សារ​ថ្មី…

ខេត្តព្រៃវែង ៖ ក្រោយ​ពី​មាន​អគ្គិភ័យ​បាន​ឆាបឆេះ​ផ្សារ​កំពង់​ពពិល​អស់​ចំនួន​៧៧​តូប កាលពី​ថ្ងៃ​ទី​៤ ខែវិច្ឆិកា​កន្លង​ទៅ ដែល​សរុប​ការ​ខូចខាត​គិត​ជា​ទឹកប្រាក់​ប្រមាណ​ជាង​១​លាន​ដុល្លារ​នោះ អាជ្ញាធរ​ខេត្តព្រៃវែង ក៏​បាន​បង្កើត​គណៈកម្មការ​១ ដើម្បី​ចុះ​សិក្សា​ពី​ការ​ខូចខាត និង​លើក​គំរោង​សាងសង់​ផ្សារ​ថ្មី នៅ​លើ​ទីតាំង​ចាស់ ជូន​ក្រុម​អាជីវករ​វិញ​។

នៅ​រសៀល​ថ្ងៃ​ទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ លោក សួន សុ​ម៉ា​លី​ន អភិបាលរង​ខេត្តព្រៃវែង បាន​ដឹកនាំ​គណៈកម្មការ​នេះ ចុះ​ទៅ​ជួប​ក្រុម​អាជីវករ និង​បាន​លើក​ពី​គំរោង​ធ្វើ​ផ្សារ​ថ្មី មក​ពិភាក្សា ដោយ​ក្នុង​នោះ​លោក សួន សុ​ម៉ា​លី​ន អភិបាលរង​ខេត្ត​បាន​បញ្ជាក់​ថា ខេត្ត​មាន​បំណង​ធ្វើ​ផ្សារ​ថ្មី​ដែល​មាន​ស្តង់ដា​កម្ពស់​២​ជាន់ នៅ​លើ​ទីតាំង​ផ្សារ​ចាស់ ដោយ​ក្រុម​អាជីវករ​មាន​តូប​នៅ​កន្លែង​ណា​ឱ្យ​នៅ​កន្លែង​ដដែល​វិញ ប៉ុន្តែ​សំរាប់​ក្រុម​អ្នកលក់​នៅ​តាម​ចិញ្ចើមថ្នល់ អ្នកលក់​កញ្ច្រែង​ល្អី អ្នកលក់​ត្រី​សាច់​ជាដើម គឺ​ប្រមូល​ឱ្យទៅ​លក់​នៅ​ជាន់​ខាងលើ លែងឱ្យ​លក់​អនាធិបតេយ្យ​តាម​ដងផ្លូវ​ទៀត​ហើយ ព្រោះ​វា​ធ្វើ​ឱ្យ​បាត់បង់​សណ្តាប់ធ្នាប់ និង​សោភ័ណ​ភាព​ផ្សារ ក៏​ដូច​ជា​សោភ័ណ​ភាព​ដងផ្លូវ​ផង​ដែរ​។

ប៉ុន្តែ​ចំពោះ​គំរោង​ធ្វើ​ផ្សារ​ថ្មី ដែល​លោក​អភិបាលរង​ខេត្ត​បាន​លើក​ឡើង​នេះ ត្រូវ​បាន​ក្រុម​អាជីវ​ករ​បដិសេធ មិន​ព្រម​ទទួលយក​នោះ​ទេ ដោយ​បាន​ស្នើ​សុំ​នូវ​លក្ខខណ្ឌ​៤​ចំណុច​វិញ ក្នុង​នោះ ៖

ទី​១- សុំ​ធ្វើ​ផ្សារ​តែ​១​ជាន់​ផ្ទាល់​ដី​ដូច​មុន​ដដែល
ទី​២- សុំ​ឱ្យ​អាជ្ញាធរ​ខេត្ត​ជួយ​ធ្វើ​ដំបូល​ផ្សារ​រួម​តែ​មួយ មាន​ប្រព័ន្ធ​លូ​រំដោះ​ទឹកជា​លក្ខណៈ​ស្តង់ដា និង​ពង្រីក​ផ្លូវ​ក្នុង​ផ្សារ​ឱ្យ​បាន​ធំ​ទូលាយ​ជាង​មុន
ទី​៣- សុំ​ឱ្យ​អាជីវករ​បាន​ធ្វើ​តូប​លក់​ក្នុង​ផ្សារ​ដោយ​ខ្លួនឯង ដោយ​ជួល​ជាង​តែ​១​រួម​គ្នា និង
ទី​៤- គឺ​ស្នើ​សុំ​ឱ្យ​ខាង​យក​ភាស៊ី​ផ្សារ ផ្អាក​ការ​យក​ភាស៊ី​សិន ចាំ​ដល់​ធ្វើ​ផ្សារ​ថ្មី​រួច ចាំ​យក​ភាស៊ី​ជា​ធម្មតា​វិញ​។

ឆ្លើយ​តប​ទៅ​ហ្នឹង​ការ​ស្នើ​សុំ​នេះ លោក សួន សុ​ម៉ា​លី​ន អភិបាលរង​ខេត្ត បាន​អះអាង​ថា ចំពោះ​សំណើ​ទី​១ លោក​យល់ព្រម​តាម​ការ​ស្នើ​សុំ ឯ​សំណើរ​ទី​២ និង​ទី​៤ លោក​នឹង​ឆ្លង​យោបល់​ទៅ​លោក​អភិបាលខេត្ត​សិន ដោយឡែក​សំណើរ​ទី​៣ លោក​ស្នើ​ឱ្យ​ក្រុម​អាជីវករ​ពិភាក្សា​គ្នា​ឱ្យ​បាន​ច្បាស់​ម្តងទៀត ព្រោះ​រឿង​ធ្វើ​តូប​ក្នុង​ផ្សារ គឺ​ត្រូវធ្វើ​ជា​លក្ខណៈ​ស្តង់ដា ដោយ​មាន​ជួរ​បន្ទាត់ និង​ខ្នាត​ត្រឹមត្រូវ ប៉ុន្តែ​តូប​លក់​របស់​ក្រុម​អាជីវករ មាន​តូច មាន​ធំ​មិន​ស្មើគ្នា​ទេ ដូច្នេះ​បើ​ធ្វើ​តូប​ថ្មី​ជា​លក្ខណៈ គឺ​អាច​មាន​តូប​ខ្លះ ត្រូវ​រួម​តូច​ជាង​មុន គឺ​ត្រូវ​បាត់​ទៅ​លើ​ការ​ពង្រីក​ផ្លូវ និង​សង់​បង្គន់​អនាម័យ ដូច្នេះ​សូម​បងប្អូន​យោគយល់​ផង​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ក្រោយ​ពី​ជួប​ជជែក​ពិភាក្សា​គ្នា​អស់​រយៈពេល​ជាង​២​ម៉ោង ការ​ប្រជុំ​ក៏​ត្រូវ​បាន​​បញ្ចប់ ដោយ​បរិយាកាស​រីករាយ ដោយ​ខាង​ក្រុម​អាជីវករ ព្រម​បរិច្ចាគ​ទំហំ​តូប​ម្នាក់​បន្តិច​ទៅ​លើ​ការ​ពង្រីក​ផ្លូវ និង​សង់​បង្គន់ ហើយ​ខាង​អាជ្ញាធរ​ក៏​ទទួលយក​សំណើរ​របស់​ក្រុម​អាជីវករ ហើយ​​គេ​សង្ឃឹមថា ផ្សារ​កំពង់​ពពិល​ថ្មី និង​លេច​រូបរាង​ឡើង​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ