ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

រមណី​ដ្ឋា​ន​ភ្នំ​សន្ទូច​ត្រូវ​បាន​អាជ្ញាធរ​រៀបចំ​ស្តា​ឡើង​វិញ​ក្រោយ​ភ្ញៀវ​ទេសចរ​មើល​រំលង

2 ខែ មុន
  • Kampong Chhnang

ខេត្តកំពង់ឆ្នាំង ៖ ដើម្បី​ឲ្យ​ភ្ញៀវ​ទេសចរ​ទៅ​ទស្សនា និង​លេង​កម្សាន្ត​នៅ​ភ្នំ​សន្ទូច​ឡើង​វិញ អាជ្ញាធរ ស្រុក ក៏​ដូច​ជា អាជ្ញាធរ​ឃុំ បាន​រៀបចំ​កាប់​ឆ្ការព្រៃ ធ្វើ​ផ្លូវ…

ខេត្តកំពង់ឆ្នាំង ៖ ដើម្បី​ឲ្យ​ភ្ញៀវ​ទេសចរ​ទៅ​ទស្សនា និង​លេង​កម្សាន្ត​នៅ​ភ្នំ​សន្ទូច​ឡើង​វិញ អាជ្ញាធរ ស្រុក ក៏​ដូច​ជា អាជ្ញាធរ​ឃុំ បាន​រៀបចំ​កាប់​ឆ្ការព្រៃ ធ្វើ​ផ្លូវ និង​បង្កើត​ឱ្យ​មាន​សហគមន៍​ឲ្យ​មាន​សោភ័ណ​ភាព និង​មាន​សេវាកម្ម​ចំណីអាហារ វត្ថុ​អនុស្សាវរីយ៍ ទាក់ទាញ​ភ្ញៀវ​ទេចរ​ដែល​បាន​បាត់បង់​ទៅ​ក្នុង​ពេល​កន្លង​មក ។

អភិបាលស្រុក​រលាប្អៀរ លោក យ៉ង់ សៅ​វុ​ទ្ធី នៅ​ព្រឹក​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២០ បាន​ប្រាប់​ភ្នាក់ងារ យក​ព័ត៌មាន​យើង​ថា ៖ យោង​តាម​ការ​ណែនាំ​របស់​អភិបាលខេត្ត​កំពង់ឆ្នាំង និង​មានការ​ឯកភាព​ជាមួយនឹង​មន្ទីរ​ទេសចរណ៍​ខេត្ត លោក​បាន​ណែនាំ​ដល់​អាជ្ញាធរ​ឃុំ​ស្រែ​ថ្មី ដើម្បី​ប្រមូល​កំលាំង​មក​កាប់​ឆ្ការព្រៃ នៅ​ភ្នំ​សន្ទូច ដើម្បី​ធ្វើ​ឲ្យ​មាន​សោភ័ណ​ភាព​ឡើង​វិញ ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេចរ ។

លោក​អភិបាលស្រុក បាន​បញ្ជាក់​ថា ៖ ក្នុង​រយៈកាល​កន្លង​ទៅ​នេះ​ដោយសារ​តែ​តំបន់​ទេសចរណ៍​ក្នុង​ខេត្ត​កើត​មាន​ច្រើន​កន្លែង​ម្លោះ​ហើយ​ភ្ញៀវ​ទេចរ​ក្នុង​ខេត្ត​ហាក់​ភ្លេច​មើល​រំលង​ទៅ​ហួស​មក​ហួស​នូវ​រមណី​ដ្ឋា​ន​ភ្នំ​សន្ទូច ដែល​ជា​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ និង​រឿងព្រេង ។ ធ្វើ​ឱ្យ​រមណី​ដ្ឋា​ន​មួយ​នេះ​បាន​ស្ងប់ស្ងាត់​មួយ​រយៈ ក្លាយ​ទៅ​ទីកន្លែង​ស្ងាត់ជ្រងុំ ហើយនឹង​មាន​ត្រឹមតែ​ភ្ញៀវ​ទៅ​លេង​កម្សាន្ត​តែ​ថ្ងៃ​បុណ្យ​ទាន​បន្តិចបន្តួច តែ​ប៉ុណ្ណោះ ។

ដោយហេតុ​នេះ​ហើយ​អាជ្ញាធរ​ខេត្ត​ក៏​បាន​ណែនាំ ឲ្យ​អាជ្ញាធរ​មូលដ្ឋាន និង​ប្រជាពលរដ្ឋ​កាប់​ឆ្ការព្រៃ​កែ​លម្អ​ភ្នំ​សន្ទូច​ឡើង​វិញ ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​អោយមក​លេង​កំសាន្ត​ក្នុង​តំបន់​របស់​ខ្លួន ។ ជាមួយ​គ្នា​នេះ អាជ្ញាធរ​ឃុំ​ត្រូវ​រៀបចំ​បង្កើត​ឲ្យ​មាន​សហគមន៍​ទេ​ចរណ៍​ភ្នំ​សន្ទូច ដោយ​រៀបចំ​មាន​កន្លែង​លក់ដូរ មាន​ខ្យុះ​សម្រាប់​អង្គុយ​លេង​កម្សាន្ត មាន​ដាក់​តាំង​លក់ វត្ថុ​អនុស្សាវរីយ៍ និង​កែ​លម្អ​ផ្លូវ​មួយ​ចំនួន ដើម្បី​បង្កើន​សោភ័ណ​ភាព ផង​ដែរ ។

ដោយឡែក​មេឃុំ​ស្រែ​ថ្មី លោក នូ ឃាន ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា ៖ ប្រជាពលរដ្ឋ និង​អាជ្ញាធរ​ភូមិ​ទាំង ១២​ក្នុង​ឃុំ បាន​សហការ​គ្នា​មក​កាប់​ឆ្ការព្រៃ​នៅ​តាម​ភ្នំ​សន្ទូច ពីក្រោម​ដល់​លើ​ភ្នំ ដោយ​កាប់​ឆ្កា​ព្រៃតូច​ៗ ដែល​មិន​អាច​បម្រើ​សេចក្តី​ត្រូវការ​បាន ឲ្យ​ស្រឡះ​ល្អ នឹង​ធ្វើ​ឱ្យ​មាន​សោភ័ណ​ភាព ។ លោក​មេឃុំ បញ្ជាក់​ថា​៖ ដើម្បី​មិន​ឱ្យ​ខាត​ការងារ​របស់​ប្រជាពលរដ្ឋ​ច្រើន គឺ​យើង​រួម​គ្នា​ធ្វើ​តែ​ថ្ងៃ​សៅរ៍​ប៉ុណ្ណោះ​ក្នុង ១​ស​ប្តា​ហ៍ ដែល​គិត មក​ដល់​ពេល​នេះ ធ្វើ​បាន​៦​ស​ប្តា​ហ៍​រួច​មក​ហើយ ។

លោក​សង្ឃឹមថា​៖ ក្រោយ​ពី​រៀបចំ​ឱ្យ​មាន​សោភ័ណ​ភាព​មានការ​លក់ដូរ មាន​ផ្លូវ​ល្អ​ស្អាត ភ្ញៀវ​ទេសចរណ៍​នឹង​ពិតជា​មក​លេង​កំសាន្ត​វិញ​ជា​ពុំខាន​ឡើយ ។

សូម​បញ្ជាក់ ភ្នំ​សន្ទូច ស្ថិត​ក្នុងភូមិ​សន្ទូច ឃុំ​ស្រែ​ថ្មី ស្រុក​រលាប្អៀរ មាន​ចំងាយ ជាង​២​គីឡូម៉ែត្រ ពី​ខាងលិច សាលាខេត្ត ត្រូវ​បាន​មន្ទីរ​ទេសចរណ៍​ខេត្តកំពង់ឆ្នាំង​ដាក់​បញ្ជូន​ជា​រមណី​ដ្ឋា​ន​ប្រវត្តិ​សាស្ត្រា និង​រឿងព្រេង ក្នុង​ចំណោម​រមណី​ដ្ឋា​ន​ក្នុង​ខេត្ត​ជា​ច្រើន​កន្លែង ៕