ខេត្តកំពង់ឆ្នាំង ៖ ដោយសារអំណោយផលពីធម្មជាតិដែលមានទឹកភ្លៀងធ្លាក់គ្រប់គ្រាន់ពីដើមរដូវ ធ្វើឲ្យស្រូវវស្សារបស់បងប្អូនប្រជាពលរដ្ឋទទួលបានផលល្អនៅគ្រប់ទីកន្លែង។ នេះបើតាមការអះអាងរបស់មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង។ យ៉ាងនេះក្តីដោយសារស្ថានភាពជំនន់ទឹកជំនន់ បានបណ្ដាលឱ្យស្រូវប្រាំងរបស់បងប្អូនប្រជាកសិករ ប្រមាណជិត២ពាន់ហិកតាក៏បានរងការខូចខាតផងដែរ។
លោក កែវ រិទ្ធី អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា៖ ដោយសារស្ថានភាពទឹកភ្លៀង ដែលទទួលបានពីដើមរដូវ ជាមធ្យមប្រមាណ ជាង១៣០០ មីល្លីម៉ែត្រ ច្រើនជាងឆ្នាំចាស់ ធ្វើឱ្យបងប្អូនប្រជាកសិករ បង្កបង្កើនផលបានច្រើន និងទទួលបានទិន្នផលខ្ពស់។ គិតត្រឹមថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ប្រជាពលរដ្ឋបានប្រមូលផលស្រូវវស្សា បានជាង១ម៉ឺន៧ពាន់ហិកតា គិតជាមធ្យម ទិន្នផលស្រូវជាង៣តោនកន្លះ ក្នុង១ហិកតា បរិមាណសរុបកសិករទូរទាំងខេត្ត ប្រមូលផលស្រូវបាន ជាង៦៣ពាន់តោន។
ដោយឡែកស្រូវប្រជាពលរដ្ឋខ្លះទៀត មិនទាន់ទុំ និងខ្លះកំពុងទុំបន្តនៅឡើយ ដែលការងារប្រមូលផលស្រូវវស្សា អាចចប់សព្វគ្រប់នៅបំណាច់ខែធ្នូ។ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា៖ សម្រាប់ស្រូវប្រាំងរបស់ប្រជាកសិករវិញបានរងការខូចខាតជិត២ពាន់ហិកតាផងដែរ ដោយស្ថានភាពជំនន់ទឹកទន្លេ។ ស្រុកដែលរងការខូចខាតដំណាំស្រូវប្រាំងទាំងនោះរួមមាន ស្រុកបរិបូរណ៍, ជលគីរី, កំពង់លែង, កំពង់ត្រឡាច, រលាប្អៀរ ,និងក្រុងកំពង់ឆ្នាំង ។
ដោយឡែក នៅភូមិគល់គប់ ឃុំស្រែថ្មី ស្រុករលាប្អៀរ នាព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ ប្រជាកសិករ កំពុងតែរីករាយប្រមូលផលស្រូវរបស់ខ្លួន ដោយពួកគាត់អះអាងថាស្រូវឆ្នាំនេះបានផលល្អណាស់ ព្រោះមានទឹកភ្លៀងគ្រប់គ្រាន់។ បើប្រៀបធៀបឆ្នាំចាស់ ឆ្នាំនេះផលល្អជាង ព្រោះឆ្នាំចាស់ទឹកភ្លៀងបានអស់ពេលស្រូវចាប់ផ្តើមដាក់គ្រាប់។
បងប្អូនប្រជាកសិករបានបញ្ជាក់ពីមូលហេតុ ក្នុងការប្រមូលផលថា៖ បានជាមានខ្លះជួលម៉ាស៊ីនច្រូតស្រូវ ខ្លះទៀតច្រូតដោយដៃ គឺដោយសារ អ្នកដែលច្រូតដោយដៃ គាត់ចង់បានស្រូវសុទ្ធល្អ យកមកធ្វើពូជ ខ្លះទៀតជាស្រូវដំណើបក៏ចង់បានអង្ករ ដំណើបសុទ្ធល្អដែរ។ ចំណែកឯការច្រូតដោយម៉ាស៊ីនវិញ គេមិនខ្វល់រឿងស្រូវលាយគ្នានោះទេ។ ចំណែកតម្លៃស្រូវវិញ ស្រូវធម្មតាស្ងួតល្អថ្លៃ១ ១០០រៀល ស្រូវក្រអូបស្ងួតល្អថ្លៃ១៣០០រៀលក្នុង១គីឡូក្រាម គឺប្រហាក់ប្រហែលឆ្នាំចាស់ ២០១៩៕ ដោយ ៖ ពៅ សុខហ៊ាន
ចែករំលែកព័តមាននេះ