ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

២​ទៅ​៣​ខែ​ចូល​លេង​ផ្ទះ​ម្តង​! របរ​លក់​កូន​​ឈើ​ហូប​ផ្លែ និង​ផ្កា​ឆ្លងខេត្ត​តាម​រ៉ឺម៉ក​​ម៉ូតូ​(​វី​ដេ​អូ​)

3 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ គេ​សង្កេត​ឃើញ​ប្រជាពលរដ្ឋ​ចំនួន​៥​នាក់​ដែល​បាន​ដឹក​កូន​ឈើ​ហូប​ផ្លែ និង​ដើម​ផ្កា​តាម​រ៉ឺ​ម៉ក​ម៉ូតូ រួច​ធ្វើ​ដំណើរ​លក់ដូរ​ឆ្លងខេត្ត រហូត​មក​ដល់​ខេត្ត​ប៉ៃលិន បន្ត​លក់ដូរ​អស់​រយ​:​ពេល​​៣​ទៅ​៤​ថ្ងៃ​កន្លង​ទៅ​នេះ ហាក់បីដូចជា​មានការ​លំបាក អត់​សូវ​មាន​អ្នកទិញ ខណៈ​ពួក​គាត់​កំពុង​នាំ​គ្នា​ស្នាក់​នៅ​ក្នុង​វត្ត​ពោធិ​មា​រាម…

ខេត្ត​ប៉ៃលិន ៖ គេ​សង្កេត​ឃើញ​ប្រជាពលរដ្ឋ​ចំនួន​៥​នាក់​ដែល​បាន​ដឹក​កូន​ឈើ​ហូប​ផ្លែ និង​ដើម​ផ្កា​តាម​រ៉ឺ​ម៉ក​ម៉ូតូ រួច​ធ្វើ​ដំណើរ​លក់ដូរ​ឆ្លងខេត្ត រហូត​មក​ដល់​ខេត្ត​ប៉ៃលិន បន្ត​លក់ដូរ​អស់​រយ​:​ពេល​​៣​ទៅ​៤​ថ្ងៃ​កន្លង​ទៅ​នេះ ហាក់បីដូចជា​មានការ​លំបាក អត់​សូវ​មាន​អ្នកទិញ ខណៈ​ពួក​គាត់​កំពុង​នាំ​គ្នា​ស្នាក់​នៅ​ក្នុង​វត្ត​ពោធិ​មា​រាម ហៅ​វត្ត​ប៉ា​ហ៊ី ស្ថិត​ក្នុងភូមិ​ប៉ា​ហ៊ី​ត្បូង សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ។

បើ​តាម​ប្រភព​ពី​បុរស​ម្នាក់​ឈ្មោះ សិទ្ធិ អាយុ​២៧​ឆ្នាំ និង​ឈ្មោះ វ៉ា​ន់ នី អាយុ​២៥​ឆ្នាំ រួម​ជាមួយ​ម្ចាស់​ម៉ូតូ​រ៉ឺ​ម៉ក​៣​នាក់​ទៀត បាន​រៀបរាប់​ឱ្យ​ដឹង​ថា ៖ ពួក​គាត់​មានស្រុក​កំណើត​រស់នៅ​ភូមិ​រកា ឃុំ​រកា ស្រុក​ពារាំង ខេត្តព្រៃវែង បាន​បើកបរ​ម៉ូតូ​រ៉ឺ​ម៉ក​ដឹក​កូន​ឈើ​ហូប​ផ្លែ​ដូច​ជា ដើម​ម្កាក់ ដើម​កន្ទួត ដើម​ស្វាយ ដើម​ខ្នុរ ដើម​ដូង ដើមកា​ឆាយ និង​ផ្កា​ចម្រុះ​ពណ៌​ដូច​ជា ផ្កាកូលាប ផ្កាក្រវ៉ាន់ ផ្កាម្ជុល ផ្កា​ម៉ោង​១០ ដើម​ជ្រៃក្រឹម ដើម​ដូងព្រះ ព្រមទាំង​ប្រទាល​គ្រប់មុខ​ផង​ដែរ​។

ប្រភព​ដដែល​បន្ត​ថា ការ​ប្រកប​របរ​បើក​ម៉ូតូ​រ៉ឺ​ម៉ក​លក់ដូរ​ផ្កា​ឆ្លង​ដែន​តាម​បណ្តា​ខេត្ត​នេះ ពិតជា​មាន​ការ​លំបាក​ខ្លាំង​ណាស់ ដោយ​ក្នុង​១​ថ្ងៃ​ៗ​លក់ដាច់​ត្រឹមតែ​២​ទៅ​៣​ដើម​ប៉ុណ្ណោះ ហើយ​ក៏​បាន​ដឹក​ឆ្លងកាត់​តាម​ខេត្តកំពង់ចាម កំពង់ធំ ពោធិ៍សាត់ បាត់ដំបង ដោយ​ពួក​គេ​ក៏​ហួស​ទៅ​ទិញ​កូន​ឈើ​មួយ​ចំនួន​ពី​ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ រួច​លើក​ដើរ​លក់​បន្ត​ទៀត​ផង​ដែរ ។

ពួក​គាត់​ត្អូញត្អែរ​ថា មុខរបរ​មួយ​នេះ ពិតជា​មានការ​លំបាក​ណាស់ ខណៈ​ពេល​បើកបរ​ម៉ូតូ​លក់ដូរ​ពី​ភូមិ​មួយ​ទៅ​ភូមិ​មួយ អត់​សូវ​មាន​អ្នកទិញ​យក​ទៅ​ដាំ​នោះ​ទេ លុះ​ធ្វើ​ដំណើរ​លក់ដូរ​រហូត​ដល់​ពេល​ល្ងាច ទើប​នាំ​គ្នា​សម្រាក​ដាំបាយ​ធ្វើ​ម្ហូប​ទទួលទាន​ជួបជុំ​គ្នា ដោយ​សុំ​វត្ត និង​សាលាឃុំ​-​សង្កាត់​ស្នាក់​នៅ លុះដល់​ពេល​ព្រឹក​ទើប​បន្តដំណើរ​ទៅ​មុខ​ទៀត លុះដល់​ពេល​លក់ដាច់​អស់​ក្នុង​រយ​:​ពេល​២​ទៅ​៣​ខែ ទើប​ចូល​ទៅ​លេង​ផ្ទះ​ម្តង ដើម្បី​ជួបជុំ​ក្រុម​គ្រួសារ ។

ពួក​គេ​បញ្ជាក់​ថា ការ​ស្នាក់​ក្នុង​វត្ត​អា​រ៉ា​ម តាម​ភូមិ​នានា ជួនកាល​ក៏​មាន​ក្មេង​ទំនើង​មក​អុកឡុក​នា​ពេល​យប់​ដែរ តែ​អត់​មានការ​បង្ក​ស្នាម​របួស​នោះ​ទេ ដោយសារ​ពួក​គេ​ចេះ​សម្របសម្រួល ណាមួយ​គ្មាន​អ្វី​នឹង​ឱ្យ​ក្មេង​ទំនើង​ទាំងនោះ​ឡើយ ។

ជួនកាល​ទៀត បើសិនជា​អត់​មាន​កន្លែង​ចង​អង្រឹង​ស្នាក់​នៅទេ ពួក​គេ​នាំ​គ្នា​ចង​អង្រឹង​ដេក​នៅ​លើ​រ៉ឺ​ម៉ក លុះ​ពេល​ភ្លៀង​ម្តង​ៗ បណ្តាល​ឱ្យ​ទទឹកជោក​ទាំង​យប់ ដេក​មិន​បាន​ស្កប់ស្កល់​នោះ​ឡើយ ។ ពួក​គេ ក៏​មាន​សំណូមពរ​ឱ្យ​ប្រជា​ពលរដ្ឋ​រស់នៅ​តាម​ភូមិ​នានា​ក្នុង​ខេត្ត​ប៉ៃលិន ក៏​ដូច​ជា​ប្រជាពល​រដ្ឋ​នៅ​ទូ​ទាំង​ប្រទេស ជួយ​ទិញ​កូន​ឈើ​ហូប​ផ្លែ និង​ផ្កា​របស់​ពួក​គេ​យក​ទៅ​ដាំ​ផង ដើម្បី​បាន​ប្រយោជន៍ និង​លំអ​គេហដ្ឋាន​ឱ្យ​កាន់តែ​ស្រស់បំព្រង​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ