ខេត្តបន្ទាយមានជ័យ ៖ «ទោះក្នុងប្រទេសធំ ឬតូច គ្រោះធម្មជាតិយើងមិនអាចគ្រប់គ្រងបានឡើយ ប៉ុន្តែការជួយប្រជាពលរដ្ឋ គឺអ្វីដែលយើងត្រូវធ្វើឱ្យបាន។ សម្តេចយកចិត្តទុកដាក់ណាស់ ហើយបានបញ្ជាអាជ្ញាធរគ្រប់ផ្នែក និងកងកម្លាំងទាំងអស់ ព្រមទាំងលើកទឹកចិត្តប្រជាពលរដ្ឋឱ្យចូលរួមក្នុងចលនាមនុស្សធម៌នេះ ទាំងក្នុងដំណាក់កាលសង្គ្រោះ និងការស្តារឡើងវិញ ហើយដែលនឹងបន្តជាប់រហូត» ។
ខាងលើនេះជាប្រសាសន៍របស់លោកហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងពិធីសំណេះសំណាល និងចែកអំណោយជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ នៅខេត្តបន្ទាយមានជ័យ, នាថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០។
លោកបានបន្តថា ទោះតិច ឬច្រើន អ្វីដែលសំខាន់ គឺយើងអាចជួយសង្គ្រោះប្រជាពលរដ្ឋ ដែលជាអាទិភាពចម្បងបំផុតពេលគ្រោះទឹកជំនន់ ហើយនៅក្នុងគ្រប់គ្រោះមហន្តរាយទាំងអស់ គឺអាយុជីវិត និងសុខភាពរបស់ប្រជាពលរដ្ឋជាអាទិភាពចម្បង។
ក្នុងឱកាសនោះដែរ លោក ហ៊ុន ម៉ាណែត ក៏បាននាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខរបស់ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតជាមួយការជូនពរប្រជាពលរដ្ឋឱ្យមានសុខភាពល្អ និងអាចស្តារជីវភាពបានប្រសើរឡើងវិញ។
លោកបានលើកបញ្ជាក់ថា ក្រោយព្រឹត្តិការណ៍ថ្ងៃទី០៣ វិច្ឆិកា ក្នុងនាមជាមេដឹកនាំគំរូ សម្តេចត្រូវស្ថិតនៅក្នុងការធ្វើចត្តាឡីស័ក ហើយលោកពិតជាសោកស្តាយ ដែលមិនអាចមកចូលរួមផ្ទាល់ ដូចដែលបានធ្វើនៅក្នុងដំណាក់កាលសង្គ្រោះ កាលពីប្រហែលជា៣ សប្តាហ៍កន្លងទៅនេះ ប៉ុន្តែបានចាត់តំណាងចូលរួមទៅកាន់ខេត្តគោលដៅតាមផែនការកំណត់ ដោយតាមដានការអនុវត្តជាប់ជាប្រចាំ ព្រោះការចែកស្បៀង និងស្រូវពូជជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយផ្ទាល់ដៃ និងទាន់ពេលវេលា នៅក្នុងដំណាក់កាលស្តារឡើងវិញនេះ គឺជាកិច្ចការអាទិភាពសំខាន់ចាំបាច់ ដោយមិនអាចពន្យារពេលបាន។
លោកហ៊ុន ម៉ាណែត បានថ្លែងអំណរគុណក្រុមការងារខេត្ត ស្រុក ឃុំ និងក្រុមការងារពាក់ព័ន្ធ នៅក្នុងការរៀបចំកម្មវិធីនេះបានទាន់ពេលវេលាបន្ទាន់នេះ ដោយគ្មានការយឺតយ៉ាវ រួមទាំងការដឹកជញ្ជូនប្រជាពលរដ្ឋ និងស្បៀង ក្នុងដំណើរទៅមកដោយសុវត្ថិភាព សម្រេចបានតាមការគិតគូរយកចិត្តទុកដាក់ល្អិតល្អន់របស់ សម្តេចតេជោ ដែលខ្វល់បារម្ភចំពោះការលំបាករបស់ប្រជាពលរដ្ឋគ្រប់បញ្ហាតូចធំទាំងអស់។ ភាពជាអ្នកដឹកនាំរបស់ សម្តេចតេជោ គឺការនៅជាប់ជាមួយប្រជាពលរដ្ឋគ្រប់ដំណាក់កាលលំបាកបំផុត។ ក្នុងភាពជាមេដឹកនាំដែលទទួលខុសត្រូវ ទោះបីមានការហត់នឿយ ប៉ុន្តែកម្លាំងចិត្តនៅជាមួយប្រជាពលរដ្ឋ។ អ្វីដែលសំខាន់គឺទឹកចិត្ត និងសកម្មភាពជាក់ស្តែង។ យុវជនស្ម័គ្រចិត្តម្នាក់ ក៏អាចជួយជាតិ ដោយគ្រាន់តែចំណាយពេលវេលា និងកម្លាំង ឬប្រថុយគ្រោះថ្នាក់ជួយប្រជាពលរដ្ឋរបស់យើងក្នុងគ្រាលំបាក។
លោកក៏បានថ្លែងអំណរគុណចំពោះគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ, អាជ្ញាធរដែនដី, កងកម្លាំងប្រដាប់អាវុធ, ក្រុមយុវជនស្ម័គ្រចិត្ត និងក្រុមការងារពាក់ព័ន្ធ ក៏ដូចជាសប្បុរសជនជាតិ-អន្តរជាតិ ដែលបានចូលរួមឧបត្ថម្ភតាមរយៈការចុះជួយផ្ទាល់, តាមរយៈសម្តេចតេជោ, យន្តការកាកបាទក្រហម និងយន្តការផ្សេងៗក្តី គឺបានបង្ហាញអំពីកម្លាំងរួបរួមសាមគ្គីជួយគ្នា។
ជាពិសេស គឺអរគុណប្រជាពលរដ្ឋផ្ទាល់ ដែលបានចូលរួមសហការល្អនៅចំពោះមុខវិបត្តិនេះ ហើយក៏មានប្រជាពលរដ្ឋខ្លះ ក៏បានជួយគាំទ្រស្មារតីដល់កងកម្លាំងយើងថែមទៀតផង។ នេះហើយ ជាស្មារតីរួមគ្នា ដែលជាជោគជ័យនៃនិរន្តរភាពនៃនយោបាយឈ្នះ-ឈ្នះ ធ្វើឱ្យខ្មែរត្រូវរ៉ូវគ្នា ដែលជាបំណងប្រាថ្នារបស់សម្តេចតេជោ។ ថ្នាក់ដឹកនាំនយោបាយបានបញ្ចប់សង្គ្រាម ប៉ុន្តែសង្គ្រាមមិនបញ្ចប់ ប្រសិនបើប្រជាពលរដ្ឋមិនរួមគ្នាក្នុងធ្លុងសាមគ្គី ជឿទុកចិត្តគ្នា ស្រលាញ់ជួយគ្នាដោយគ្មានរើសអើង៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ