ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹកហូរ​កួចយកស្ពានយោ​លមួយ​ខ្សែទៅ​​​ទាំងព្រឹក​ !

3 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ ស្ពាន​យោល​ដ៏​សំខាន់​សម្រាប់​អ្នក​ភូមិ​ជាង​៣០០​គ្រួសារ​​ ឆ្លងកាត់​រាល់ថ្ងៃ ត្រូវ​ទឹកជំនន់​កួច​ដាច់​បាក់​ហូរ​ទៅ​តាម​ទឹក ​នា​វេលា​ម៉ោង​៧ ​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១២ វិច្ឆិកា នេះ ។…

ខេត្តមណ្ឌលគិរី ៖ ស្ពាន​យោល​ដ៏​សំខាន់​សម្រាប់​អ្នក​ភូមិ​ជាង​៣០០​គ្រួសារ​​ ឆ្លងកាត់​រាល់ថ្ងៃ ត្រូវ​ទឹកជំនន់​កួច​ដាច់​បាក់​ហូរ​ទៅ​តាម​ទឹក ​នា​វេលា​ម៉ោង​៧ ​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១២ វិច្ឆិកា នេះ ។

លោក យន់ សា​រ៉ោ​ម ប្រធាន​មន្ទីរ​អភិវឌ្ឍន៍​ជនបទ​ខេត្តមណ្ឌលគិរី​បាន​ឲ្យ​ដឹង​ថា ដោយ​សារ​មាន​ភ្លៀង​ធ្លាក់​ជា​បន្តបន្ទាប់​ជា​ច្រើន​ថ្ងៃ ធ្វើ​ឲ្យ​ទឹកអូរ​ច្បារ​បាន​ហក់​ឡើង​យ៉ាង​គំហុក ដោយ​គិត​ត្រឹម​ម៉ោង​៦​ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១២ កម្ពស់​ទឹក​នៅ​លើ​ស្ពាន​យោល​ប្រមាណ​​២​​ម៉ែត្រ ហើយ​បន្ត​ឡើង​រហូត​ដល់​ម៉ោងជាង​៧​ព្រឹក​ថ្ងៃ​ដដែល ទឹក​ជន់​ខ្លាំង​ពេក​ក៏​ហូរកួចនាំ​យក​ស្ពាន​បាក់​ទាំងស្រុង​តែ​ម្តង​។

លោក​ប្រធាន​មន្ទីរ​បន្ត​ថា ស្ពាន​យោល​មួយ​ខ្សែ​នេះ ​មន្ទីរ​អភិវឌ្ឍ​ន៍​​ជនបទ​ខេត្តមណ្ឌលគិរី​បាន​សាងសង់​កាលពី​ឆ្នាំ​២០១៦ ​និង​ដាក់​ឲ្យ​ប្រើប្រាស់​នា​ចុងឆ្នាំ​ដដែល ដោយ​វា​មាន​ទំហំ​ទទឹង​ពីរ​ម៉ែត្រ បណ្តោយ​៨០​ម៉ែត្រ បម្រើ​ដល់​អ្នក​រស់នៅ​ភូមិ​ជី​ក្លប ឃុំ​សុខសាន្ត ស្រុក​កោះ​ញែក ប្រមាណ​៣០០​គ្រួសារ​ធ្វើ​ដំណើរ​ឆ្លងកាត់​ជា​រៀងរាល់ថ្ងៃ ពោល​គឺ​វា​ជា​ស្ពាន​តែ​មួយ​គត់​សម្រាប់​ចេញចូល​ភូមិ​នេះ​បាន​។​មិន​ត្រឹមតែ​ប៉ុនណោះ​នៅ​តាម​ផ្លូវលំ​ជា​ច្រើន​ក្នុងភូមិ​ក៏​មានទឹក​ហូរ​ដាក់​ជា​អន្លើ​ៗ​ដែរ​។

ឯកឧត្តម ស្វាយ សំ​អ៊ា​ង អភិបាលខេត្ត​មណ្ឌលគិរី បាន​បញ្ជាក់​នៅ​ព្រឹក​ថ្ងៃ​ទី​១២​ថា ចំពោះ​ករណី​ទឹកភ្លៀង​ជន​នៅ​តាម​ដងអូរ​ច្បារ​ក្នុង​ឃុំ​សុខ​សាន ស្រុក​កោះ​ញែក កាលពី​យប់មិញ​នេះ​(​ថ្ងៃ​ទី​១១)​បាន​បណ្តាល​ឱ្យ​ទឹក​ឡើង​តាម​ដងអូរ​ខ្លាំង​និង​លេច​ស្ពាន​យោល​មួយ​កន្លែង ហើយ​ព្រឹក​មិ​ញ​នេះ​(​ថ្ងៃ​ទី​១២)​បាន​បណ្តាល​ឱ្យ​ស្ពាន​នោះ​បាន​ដាច់ ។ ករណី​នេះ​ខ្ញុំ​បាន​បញ្ជា​ឱ្យ​កម្លាំង​និង​អាជ្ញាធរ​ចុះ​អន្តរាគមន៍​ទាំង​ពីរ​យប់មិញ តែ​ដោយសារ​ទឹក​ហូរ​បុក​ខ្លាំង​មិន​អាច​ការពារ​បាន​។ កម្លាំង​អាជ្ញាធរ​និង​ពិនិត្យ​អន្តរាគមន៍​នៅ​កន្លែង​ផ្សេង​ៗ​ទៀត​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​។

ជុំវិញ​ករណី​នេះ ​ឯកឧត្តម​អភិបាលខេត្ត​បាន​ផ្តាំផ្ញើ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ត្រូវ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន ជា​ពិសេស ​អ្នក​មានកូន​តូច​ៗ​មិន​ត្រូវ​បណ្តោយ​ឲ្យ​លេង​ទឹក​ដាច់ខាត និង​ត្រូវ​ការពារ​អនាម័យ​សុខភាព ព្រោះ​ពេល​នេះ​អាជ្ញាធរ​កំពុង​ចាត់វិធានការ​ជួយ​សង្គ្រោះ​ជា​បន្ទាន់​ហើយ​ ។

អត្ថបទសរសេរ ដោយ