ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្ជីលុយគេយកទៅធ្វើអាជីវកម្មមិនចំទិសដៅ តើមានហានិភ័យដែររឺទេ?

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ការខ្ចីលុយគេមករកស៊ីមិនមានន័យថា ជារឿងអាក្រក់ឬជារឿងអន់នោះទេ ឬក៏ជារឿងថោកទាបនោះទេ ឱ្យតែយើងរកស៊ីក្នុងមុខរបរដែលត្រឹមត្រូវ ក្នុងមុខរបរប្រកបដោយភាពវៃឆ្លាត ដែលធ្វើឱ្យមានសុវត្ថិភាព មានផលចំណេញ និងមានលទ្ធភាពក្នុងការសងត្រឡប់ទៅកាន់ម្ចាស់បំណុលវិញ។…

រាជធានីភ្នំពេញ ៖ ការខ្ចីលុយគេមករកស៊ីមិនមានន័យថា ជារឿងអាក្រក់ឬជារឿងអន់នោះទេ ឬក៏ជារឿងថោកទាបនោះទេ ឱ្យតែយើងរកស៊ីក្នុងមុខរបរដែលត្រឹមត្រូវ ក្នុងមុខរបរប្រកបដោយភាពវៃឆ្លាត ដែលធ្វើឱ្យមានសុវត្ថិភាព មានផលចំណេញ និងមានលទ្ធភាពក្នុងការសងត្រឡប់ទៅកាន់ម្ចាស់បំណុលវិញ។ ប៉ុន្តែវាជារឿងគ្រោះថ្នាក់ដែរប្រសិនជាយើងមិនមានការយល់ដឹង ពីរបៀបរបបនៃការរកស៊ីឬក៏របៀបរបបក្នុងការប្រើប្រាស់លុយ។

លោកលោកគ្រូ អួន សារ៉ាត់ ជាអ្នកបណ្តុះបណ្តាលម្នាក់នៅក្នុងក្លិបអ្នកជំនួញឆ្លាត បានលើកយកយោបល់ ៥យ៉ាង សម្រាប់អ្នកមានបំណង ចង់ខ្ចីលុយគេ
ទាំងនេះជារបៀបរបបត្រឹមត្រូវ សម្រាប់អ្នកចង់ខ្ចីលុយគេ ៖


ទី១- ខ្ចីលុយដើម្បីពង្រីកអាជីវកម្ម ៖ យើងខ្ចីលុយគេដើម្បីពង្រីកអាជីវកម្ម កុំខ្ចីលុយគេយកបង្កើតអាជីវកម្មក្នុងរយៈពេលមធ្យមក្តី ឬក្នុងរយៈពេលវែងក្តី ឧទាហរណ៍ថា យើងខ្ចីលុយគេមកបើកអាជីវកម្ម ប៉ុន្តែអាជីវកម្មនោះទាល់តែរយៈពេល ៦ខែ ទៅ ១ឆ្នាំ ទើបទទួលផលចំណេញ វាគឺជារឿងគ្រោះថ្នាក់មួយ នេះបើគិតទៅ អំឡុង៦ខែនឹងយើងបានអ្វីទៅសងគេវិញ ចុះប្រសិនបើអំឡុងពេលនឹងអាជីវកម្មនោះមានហានិភ័យទៀត បើបាន៦ខែហើយមិនចំណេញទៀត តើយើងបានអ្វីទៅសងគេ ។

ដូចនេះប្រសិនជាយើងយកមកបើកអាជីវកម្មបែបនឹង គឺយើងកុំទាន់ខ្ចីធ្វើអ្វី ហើយខ្ចីលុយឱ្យមានសុវត្ថភាព គឺខ្ចីលុយគេមកពង្រីកអាជីវកម្ម កាលណាយើងនិយាយថាពង្រីកអាជីវកម្មនោះមានន័យថាយើងមានអាជីវកម្មស្រាប់ហើយ ហើយខ្ចីលុយគេនេះមកសម្រាប់កសាងបន្ថែម។ ធ្វើយ៉ាងត្រូវតែបង្កើតអាជីវកម្មតូចមួយសិន ហើយអាជីវកម្មតូចនេះ យើងអាប្រមែប្រមូលខ្ចីលុយ បងប្អូនដែលមិនមានការប្រាក់នោះសិន ប្រសិនជាអាជីវកម្មនេះមានពន្លឺហើយនោះ ទើបអាចយើងគួរខ្ចីលុយគេបន្ថែមយកមកពង្រីកវា។

ទី២- ខ្ចីលុយគេមកបើកអាជីវកម្ម ៖ ការខ្ចីលុយគេបើកអាជីវកម្មគឺបាន ប៉ុន្តែទាល់តែអាជីវកម្មនោះ អាចរកប្រាក់ចំណូលក្នុងរយៈពេលខ្លី ឧទាហរណ៍ ខ្ចីលុយគេមកទិញឡានយកមកតាក់ស៊ី ចឹងមានន័យថា ទិញភ្លាមរត់ភ្លាម រត់មួយថ្ងៃពីរថ្ងៃដំបូងប្រហែលជាមិនទាន់មានមនុស្សជិះទេ ប៉ុន្តែប្រហែលជាមួយសប្តាហ៍ឬពីរសប្តាហ៍ នឹងមានម៉ូយមានអ្នកស្គាល់បន្តិចម្តងៗ ហើយនៅពេលដែលយើងបង្កើតអតិថិជនហើយ នោះយើងអាចរកប្រាក់ចំណូលយកមកបង់ថ្លៃការប្រាក់ឱ្យគេ ។

មួយទៀតយើងអាចទិញឡានបានដែរ តែទិញឡានយកមកជួលឱ្យក្រុមហ៊ុន ឬក៏រោងចក្រ ត្រង់ចំណុចនេះយើងត្រូវទៅចុះកិច្ចសន្យាជាមួយក្រុមហ៊ុន ឬរោងចក្រឱ្យបានមុនគេ ចាំយើងដើររកខ្ចីលុយគេយកមកទិញឡាន ។ មានអាជីវកម្មជាច្រើនទៀត ដែលលក់បានលុយប្រចាំថ្ងៃ ដូចជា ការលក់អាហារ លក់បាយកំប៉ិកកំប៉ុក ខ្នាតតូច គឺថាចាប់លក់ភ្លាមបានលុយជាប្រចាំភ្លាម ។ ប្រសិនជា ខ្ចីលុយគេយកទៅធ្វើចំការ ខ្ចីបាន ប៉ុន្តែសួរថា វាជាប្រភេទចំការអ្វី ជាប្រភេទចំការបន្លែ ឬប្រភេទចំការដែលដាំដំឡូងមី ឬស្វាយចាន់ទី ចំការកៅស៊ូជាដើម អញ្ចឹងប្រភេទចំការនេះវានឹងទទួលបានផលក្នុងរយៈពេល ៨ខែទៅ ១ឆ្នាំ ឬ៥ឆ្នាំ ។

ដូចនេះប្រភេទចំការនឹងកុំទាន់អាល់ខ្ចីលុយគេអី រងចាំខ្លួនឯងមានគ្រប់គ្រាន់សិន ឬខ្វះតិចតួចចាំខ្ចី ។ ប្រភេទចំការដែលទទួលបានផលលឿន ដូចជា ចំការស្ពៃ ត្រសក់ ម្ទេសជាដើម និយាយរួមដំណាំទាំងឡាយណាដែលធ្វើហើយបានផលមួយខែ ឬពីរខែ ត្រឡប់មកវិញយើងធ្វើដំណាំនឹងសិន ហើយការធ្វើនេះទៀតសោតយើងត្រូវធ្វើបន្តិចៗសិន។

ទី៣- ការខ្ចីលុយគេមកចិញ្ចឹមសត្វ ៖ ប្រសិនជាសត្វនោះ ជាសត្វដែលយើងអាចលក់ក្នុងរយៈពេលខ្លីបាន ប៉ុន្តែប្រសិនជាសង្ឃឹមថា ក្នុងរយៈពេលមួយខែមិនបានផល អញ្ចឹងយើងត្រូវត្រៀមលុយសំរាប់ខាតមួយទៀត ត្រូវមានលុយបំរុងទុកយ៉ាងហោចណាស់ក៏មុនមួយខែឬពីរខែដែរ នេះយើងត្រូវត្រៀមសម្រាប់ពេលដែលយើងមានហានិភ័យ ។ ធម្មតាអ្វីក៏ដោយ ការគិតរបស់យើងតែងតែមិនបានដូចអ្វីដែលយើងបានគិតនោះទេ វាតែងតែមានឧបសគ្គជាច្រើនកើតមានដែលយើងនឹងមិនបានដឹងមុននោះទេ។ ប៉ុន្តែប្រសិនជាយើងចរចាជាមួយគេថា ខ្ចីលុយឆ្នាំនេះ ចាំ១ឆ្នាំក្រោយបានសង ប្រសិនជាយើងអាចចរចាបានខ្ចីទៅ តែបើមិនមានលទ្ធភាពខ្ចីបែបនេះទេ កុំខ្ចី។

ឧទាហរណ៍ថា យើងខ្ចីលុយទៅចិញ្ចឹមសត្វមាន់ ប្រសិនជាយើងចិញ្ចឹមមាន់ពង១៥ថ្ងៃ អាចលក់ពងបាន យើងគួរតែចិញ្ចឹមមាន់ពង ពីព្រោះយើងអាចយកថវិកាដែលលក់បានយកទៅទិញចំណីឱ្យវា ឬអាចយកលុយនោះសងគេបណ្តើរៗបាន។

ប្រសិនជា ចិញ្ចឹមមាន់យកសាច់ មាន់សាច់អាចប្រើរយៈពេល៣ខែ ទៅ៦ខែ ចុះរយៈពេលនឹងបានលុយពីណាមកសងគេ ហើយក្នុងដំណើរចិញ្ចឹមនោះទៀតសោត ប្រសិនជាវាងាប់ទៅ តើយើងយកលុយពីណាមកសងគេ ដូចនេះយើងអាចតាមរបៀបតិចៗសិន កុំទាន់អាល់ធ្វើលោភលន់ បើយើងចិញ្ចឹមបានទៅយើងអាចពង្រីកតាមក្រោយទេ ។ ចាប់ផ្តើមធ្វើពីតិចទៅសិនចាំទាល់តែរីកចម្រើន សឹមយើងពង្រីកវា ។

ទី៤- ការខ្ចីលុយឱ្យកូនរៀន ៖ អ្នកខ្លះខ្ចីលុយឱ្យកូនរៀននេះក៏ហានិភ័យដែរ ប្រសិនជាចរចាជាមួយអ្នកខ្ចីលុយ ហើយអ្នកខ្ចីគេយល់ព្រមឱ្យខ្ចីសិន ទាល់តែមានការងារធ្វើទើបសងវិញ នោះវាមិនថ្វីទេ ប៉ុន្តែប្រសិនជាខ្ចីលុយឱ្យកូនរៀន ហើយបង់ការប្រាក់ ឬបង់រំលោះឱ្យគេរាល់ខែ យើងសាកគិតមើល តើកូនប៉ុន្មានឆ្នាំទើបគាត់រៀនចប់មានការងារធ្វើបាន ហើយប្រសិនជាកូនបញ្ហា ឬគ្រោះថ្នាក់ណាមួយកើតឡើងទៀត ហានិភ័យរបស់យើងកាន់តែធ្ងន់ហើយ ។

ម៉្យាងវិញទៀត បើទោះបីជាកូនឆាប់បានការងារធ្វើក៏ដោយ ក៏គួតែឱ្យកូននឹង ធ្វើការងារដោយប្រើកំលាំងសិនយកប្រាក់ឈ្នួលមករៀនឱ្យមានជំនាញវិញ ហើយបានយើងយកជំនាញទៅធ្វើការ ដើម្បីឱ្យទទួលបានប្រាក់ចំណេញលើសមុន ឬក៏កើនប្រាក់ចំណូលលើសមុន កូនចាប់ផ្តើមគ្រប់អាយុ គឺអាចធ្វើការងារបានហើយលើកលែងតែខ្ជិលទេ ហើយប្រសិនជាកូនណាខ្ជិលនឹងច្បាស់ជាងាប់ម៉ែឪនឹងហើយ ចឹងឱ្យគាត់រៀនបណ្តើរធ្វើការសន្សំលុយរៀនបណ្តើរទៅ ។

ទី៥- ការខ្ចីលុយឱ្យកូនរកស៊ី ៖ ការខ្ចីបែបនេះក៏ហានិភ័យធំដែរ កូនខ្លះមិនទាន់មានចំណេះដឹង ឬក៏សមត្ថភាពក្នុងការរកស៊ីផង ប៉ុន្តែស្រាប់តែទៅឌុកម៉ែឪឱ្យយកប្លង់ដីប្លង់ផ្ទះទៅបញ្ជាំ ដើម្បីបានលុយឱ្យខ្លួនរកស៊ី ទាល់រកស៊ីទៅដាក់មក ២ទៅ៣ ម៉ឺនដុល្លារអាមេរិក បរាជ័យខាត ក្ស័យធុន ម៉ែឳត្រូវបង្ខំចិត្តលក់ដីលកផ្ទះនោះចោលក្នុងតំលៃថោក ។ មិនត្រូវឱ្យកូននោះធ្វើបែបនឹងទេ គាត់ត្រូវខិតខំប្រឹងប្រែងរៀនឱ្យបានមានចំណេះដឹង មានសមត្ថភាពរកស៊ីសិន យ៉ាងហោចណាស់ក៏មានចំណេះដឹងក្នុងការរៀបផែនការអាជីវកម្មដែរ បន្ទាប់ពីរៀនមានចំណេះដឹង ក្នុងការធ្វើអាជីវកម្មហើយ ចាប់ផ្តើមធ្វើអាជីវកម្មតូចមួយសិន កុំទាល់ទៅឌុកម៉ែឪឱ្យទៅខ្ជីលុយគេ ទាំងដែលខ្លួនមិនចេះអ្វីសោះ ៕

អត្ថបទសរសេរ ដោយ