ខេត្តរតនគិរី ៖ ជនសង្ស័យចំនួន៤នាក់ ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលក្រុងបានលុងចុះបង្ក្រាប និងឃាត់ខ្លួនបាន ពាក់ព័ន្ធនឹងករណីរក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។
ការឃាត់ខ្លួនជនសង្ស័យខាងលើនោះ សមត្ថកិច្ចបានធ្វើឡើងនៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០ ចំណុចផ្ទះសំណាក់ «តាំងនី» ស្ថិតនៅភូមិអភិវឌ្ឍន៍ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី។ ប្រតិបត្តិការនោះ ក្រោមការដឹកនាំសម្របសម្រួលនីតិវិធីដោយលោក លាង អ៊ូ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តរតនគិរី បានធ្វើការឃាត់ខ្លូនបានជនសង្ស័យចំនួន៤នាក់ផងដែរ។
បើតាមប្រភពព័ត៌មានបានឱ្យដឹងថា ជនសង្ស័យទាំង៤នាក់ខាងលើ ១-ឈ្មោះ ចាន់ ហៀ ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបមិនពិតប្រាកដ រស់នៅភូមិ អូររមៀត សង្កាត់ឡាបានសៀក ក្រុងបានលុង។ ២-ឈ្មោះ ឡន វណ្ណសៅ ឬ(ខុំ ប៊ុនសៅ) អាយុ៣៣ឆ្នាំ ជនជាតិទំពូន មុខរបរមិនពិតប្រាកដ រស់នៅភូមិកាចូនក្រោម ឃុំកាចូន ស្រុកវ៉ឺនសៃ ធ្លាប់មានដីកាបង្គាប់ឲ្យចាប់ខ្លួន។ ៣-ឈ្មោះ ម៉ាឆៃ យ៉ា ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិថ្មី សង្កាត់ឡាបានសៀក ក្រុងបានលុង និង៤-ឈ្មោះ រម៉ាស់ ចាន់ធឿន ភេទស្រី អាយុ១៨ឆ្នាំ ជនជាតិទំពូន មុខរបរមិនពិតប្រាកដ រស់នៅភូមិ១ ឃុំឡាមិញ ស្រុកបរកែវ។
ប្រភពដដែលបន្តថា ជនសង្ស័យទាំង៤នាក់ខាងលើនេះ ត្រូវបានកម្លាំងជំនាញធ្វើតេស្តទឹកនោម ហើយរកសារធាតុញៀនជាលទ្ធផលវិជ្ជមានទាំង៤នាក់តែម្តង។ ចំណែកវត្ថុតាងដែលដកហូតបានរួមមាន ៖ មេតំហ្វេតាមីនអាយចំនួន៣ថង់តូច ទម្ងន់២,៣៦ក្រាម ថ្លឹងទាំងសំបកថង់, ម៉ូតូ១គ្រឿងម៉ាកអិចសិនធ័រ ពណ៌ខ្មៅ គ្មានផ្លាកលេខ, ទូរស័ព្ទដៃ៤គ្រឿង,នាឡិកាដៃម៉ាកនើស ពណ៌ទឹកមាស ចំនួន១គ្រឿង និងសម្ភារ:សម្រាប់សេពមួយចំនួនទៀតផងដែរ។
ក្រោយពេលចាប់ខ្លួន ជនសង្ស័យទាំង៤នាក់ រួមទាំងវត្ថុតាង ត្រូវឃាត់ខ្លួន និងរក្សាទុកជាបណ្តោះអាសន្ននៅអធិការដ្ឋានក្រុងបានលុង ដើម្បីកសាងសំណុំរឿងបញ្ជូនទៅអយ្យកាអមសាលាដំបូងខេត្តរតនគីរី ចាត់ការបន្តតាមនីតិវិធីផ្លូវច្បាប់៕
ចែករំលែកព័តមាននេះ