ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជាង​១០​ឆ្នាំ​ចុង​ក្រោយ​ ការ​បរបា.ញ់​សត្វ​ដំរីព្រៃ​យក​ភ្លុក​នៅ​កម្ពុជា​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​(វីដេអូ)

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ក្នុង​រយៈពេល​ជាង​១០​ឆ្នាំ​ចុង​ក្រោយ​នេះ កម្រិត​នៃ​បទល្មើស​បរបាញ់​ស​ម្លា​.​ប់​សត្វ​ដំរីព្រៃ​ដើម្បី​យក​ភ្លុក និង​កន្ទុយ ទៅ​ប្រើប្រាស់​តាម​ជំនឿ​ពី​បុរាណ​មក នៅ​កម្ពុជា​មានការ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង ស្ទើរតែ​គ្មាន ដោយសារ​តែ​ការ​អនុវត្ត​ច្បាប់​តឹង​រឹង​។ នេះ​គឺជា​ការ​ថ្លែង​ឱ្យ​ដឹង​ពី​លោក​នេត្រ…

រាជធានី​ភ្នំពេញ ៖ នៅ​ក្នុង​រយៈពេល​ជាង​១០​ឆ្នាំ​ចុង​ក្រោយ​នេះ កម្រិត​នៃ​បទល្មើស​បរបាញ់​ស​ម្លា​.​ប់​សត្វ​ដំរីព្រៃ​ដើម្បី​យក​ភ្លុក និង​កន្ទុយ ទៅ​ប្រើប្រាស់​តាម​ជំនឿ​ពី​បុរាណ​មក នៅ​កម្ពុជា​មានការ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង ស្ទើរតែ​គ្មាន ដោយសារ​តែ​ការ​អនុវត្ត​ច្បាប់​តឹង​រឹង​។ នេះ​គឺជា​ការ​ថ្លែង​ឱ្យ​ដឹង​ពី​លោក​នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​ជា​មន្ត្រី​នាំពាក្យ​ក្រសួងបរិស្ថាន នៅ​ថ្ងៃ​ទី​៩ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ​។

ប៉ុន្តែ​បាន​កត់សម្គាល់​ឃើញ​ថា ជម្លោះ​រវាង​មនុស្ស និង​សត្វ​ដំរីព្រៃ បាន​កើតឡើង​នៅ​តាម​តំបន់​ការពារធម្មជាតិ​មួយ​ចំនួន ដោយសារ​តែ​ការ​ផ្លាស់​ទីតាំង​ចម្ងាយ​ឆ្ងាយ និង​ចម្ងាយ​ជិត​តាម​រដូវ​កាល និង​ការ​ស្វែងរក​ចំណី​អាច​រង​ការ​រំខាន ដោយសារ​តែ​វត្តមាន​របស់​មនុស្ស​នៅ​ក្នុង​តំបន់​ដែន​ជម្រក​របស់​ពួក​វា និង​លើស​ពី​នេះ ដំរីព្រៃ​អាច​ទទួល​រង​ការ​វាយតប​ពី​សំណាក់​ប្រជាជន​រហូត​ដល់​រង​របួស ឬ​ក៏​ឈាន​ដល់​ការ​ផ្តាច់ជីវិត​ដើម្បី​ជា​ការ​សងសឹក​នឹង​ដំរីព្រៃ​ដែល​បាន​ចូល​មក​ស៊ី​ដំណាំ​របស់​ពួក​គេ​។

លោក​រដ្ឋលេខាធិការ បានឱ្យ​ដឹង​ថា កម្រិត​នៃ​ការ​បរបាញ់​សត្វ​ដំរីព្រៃ​ត្រូវ​បាន​កត់សម្គាល់​ឃើញ​ថា មានការ​ធ្លាក់​ចុះ​ខ្លាំង​ស្ទើរតែ​គ្មាន​ក្នុង​រយៈពេល​ជាង​១០​ឆ្នាំ​មកនេះ ដោយសារ​តែ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ពង្រឹង​ការ​អនុវត្ត​ច្បាប់​បាន​យ៉ាង​ល្អ ខណៈ​ពី​ជាង​៣០​ឆ្នាំ​មុន ការ​បរបាញ់​បាន​ស​ម្លា​.​ប់​សត្វ​ដំរីព្រៃ​អស់​ជា​ច្រើន​ក្បាល​។

បើ​តាម​ការ​ថ្លែង​ឱ្យ​ដឹង​របស់​រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន នៅ​ក្នុង​ប្រទេស​កម្ពុជា​ថា បច្ចុប្បន្ន​នេះ ដំរី​អាស៊ី​មាន​ចំនួន​ប្រមាណ​ចន្លោះ​ពី ៤០០ ទៅ ៦០០ ក្បាល ដែល​ភាគច្រើន​រស់នៅ​ក្នុង​តំបន់​ជួរ​ភ្នំក្រវាញ តំបន់​ខ្ពង់រាប​ខាងជើង​ទន្លេសាប និង​តំបន់​ខ្ពង់រាប​ភាគ​ខាងកើត​ក្នុង​ខេត្តមណ្ឌលគិរី ដែល​ជា​តំបន់ជីវៈ​ចម្រុះ​ដ៏​សំបូរ​បែប ប្រព័ន្ធ​អេកូ​ទ្បូ​ស៊ី និង​មាន​ទី​ជម្រាល​អំណោយផល​ដល់​ការ​រស់នៅ​របស់​សត្វ​ដំរី និង​សត្វព្រៃ​ផ្សេង​ៗ​ទៀត​។ ចំណែក​ដំរី​ស្រុក​វិញ ត្រូវ​បាន​ប៉ាន់​ស្មានថា មាន​ចំនួន ៧១ ក្បាល​។

លោក នេត្រ ភក្ត្រា បាន​មាន​ប្រសាសន៍​ថា យោង​តាម​ការ​សិក្សា​ស្រាវជ្រាវ​របស់​អ្នកជំនាញ ក្នុង​រយៈពេល ៦០ ទៅ ៧០ ឆ្នាំ​ចុង​ក្រោយ​នេះ ចំនួន​ដំរី​អាស៊ី​នៅ​លើ​ពិភពលោក​បាន​ថយ​ចុះ​ប្រហែល​ជា ៥០% ចំណែកឯ​ទីជម្រក​របស់​វា​បាន​បាត់បង់​អស់​ជិត ៩០%​។ ក្នុង​ចំណោម​ដំរី​អាស៊ី​សរុប​ប្រមាណ​ពី ៣៩ ៤៦៣ ក្បាល​ទៅ ៤៧ ៤២៧ ក្បាល​ដែល​កំពុង​រស់នៅ​ក្នុង​ព្រៃ​សត្វ​ថ្ងៃ ក្នុង​នោះ​ប្រហែល ៧៥% រស់នៅ​ក្នុង​ប្រទេស​ឥណ្ឌា និង​ស្រី​លង្កា​។ ដំរី​អាស៊ី​ត្រូវ​បាន​ចាត់​ទុក​ថា ជា​ប្រភេទ​សត្វ​បង្គោល​ដ៏​សំខាន់​ដោយសារ​សារៈសំខាន់​ផ្នែក​វប្បធម៌ តួនាទី​ក្នុង​ប្រព័ន្ធ​អេកូ​ឡូស៊ី និង​សក្តានុពល​ដែល​អាច​ការពារ​ប្រភេទ​សត្វ​ផ្សេង​ទៀត​នៅ ក្នុង​ដែន​ជម្រក​របស់​វា​។

លោក​បាន​គូសបញ្ជាក់​ថា ដំរី​អាស៊ី​កំពុង​តែ​ទទួល​រង​ការ​គំរាមកំហែង​ធ្ងន់ធ្ងរ​នៅ​ទូ​ទាំង​ដែន​ជម្រក​របស់​វា​នៅ​លើ​សកលលោក ហើយ​ត្រូវ​បាន​ចាត់​បញ្ចូល​ជា​ប្រភេទ​ជិត​ផុត​ពូជ​នៅ​ក្នុង​បញ្ជី​ក្រហម​របស់​អង្គការ​សហភាព​អន្ដរជាតិ ដើម្បី​ការ​អភិរក្ស​ធម្មជាតិ (IUCN)​។ ការ​រិច​រិល​ទីជម្រក​បាន​ធ្វើ​ឱ្យ​ដំរី​អាស៊ី​រស់នៅ​បែកខ្ញែក​ពី​គ្នា និង​ជះ​ឥទ្ធិពល​អវិជ្ជមាន​ដល់​ស្ថិរភាព​យូរអង្វែង​របស់​ប្រភេទ​ដ៏​សំខាន់​នេះ​។

លោក​បាន​បន្ត​ទៀត​ថា យោង​តាម​របាយការណ៍​សិក្សា​នៅ​ក្នុង​តំបន់​ជួរ​ភ្នំក្រវាញ មិន​មាន​របាយ​ការណ៍​ណាមួយ​ស្តី​ពី​ឧបទ្ទវហេតុ​នៃ​ការ​បរបាញ់​សត្វ​ដំរី​ខុសច្បាប់​តាំងពី​ឆ្នាំ​២០០៣ មក​ម្ល៉េះ​។

លោក​រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​បាន​ថ្លែង​ថា ចំណត​នៅ​ក្នុង​តំបន់​ទេសភាព​ភាក​ខាងកើត មាន​ការ​កត់​សម្គាល់ថា មាន​ដំរី​បាត់បង់​ជីវិត​ចំនួន​៨​ក្បាល ក្នុង​នោះ​មាន​ទាំង​កូន​ដំរី និង​ដំរី​ធំ​ដែល​ករណី​ដំរី​ធំ​បាត់បង់​ជីវិត​ត្រូវ​បាន​សង្ស័យ​ថា មានការ​ពាក់ព័ន្ធ​នឹង​ការ​បរបាញ់​។ កាលពីដើម​ឆ្នាំ​២០១៩ សត្វ​ដំរីព្រៃ​វ័យ​ចំណាស់​មួយ​ក្បាល​ត្រូវ​បាន​ប្រទះ​ឃើញ​បាត់បង់​ជីវិត ដោយសារ​ត្រូវ​គេ​បាញ់​នឹង​គ្រាប់កាំភ្លើង​កែ​ច្នៃ នៅ​ចំណុច​ចម្ការ​ស្វាយចន្ទី របស់​ប្រជាពលរដ្ឋ នៅ​ក្បែរ​ដែនជម្រក​សត្វព្រៃ​កែ​សីមា ស្ថិត​ក្នុង​ខេត្តមណ្ឌលគិរី ហើយ​ភ្លុក និង​កន្ទុយ​របស់​វា​ត្រូវ​បាន​គេ​លួច​កាត់​យក​ទៅ​បាត់​។

លោក​រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន ថ្លែង​បន្ត​ថា នៅ​ឆ្នាំ​២០២០​នេះ កូន​ដំរីព្រៃ​ចំនួន ២ ក្បាល​បាន​រក​ឃើញ​បាត់បង់​ជីវិត​នៅ​ក្នុង​ខេត្តមណ្ឌលគិរី ក្នុង​នោះ ១​លង់ទឹក ដោយសារ​តែ​ជើង​ជាប់​នឹង​ល្បាក់​ថ្ម និង​មួយទៀត​កើតមក​មិន​មាន​សុខភាព​ល្អ ក៏​បាន​បាត់បង់​ជីវិត​ទៅ​វិញ ក្រោយ​ក្រុម​មន្ត្រី​ជួយ​សង្គ្រោះ​។

លោក​នេត្រ ភក្ត្រា បាន​ថ្លែង​ថា តាម​លទ្ធផល​ពី​ការ​បំពាក់​ម៉ា​ស៊ី​ថត​ស្វ័យប្រវត្តិ​នៅ​ក្នុង​ឧទ្យាន​ជាតិ​ជូរ​ភ្នំក្រវាញ​ខាងត្បូង​ថ្មី​ៗ​នេះ ក្នុង​ចំណោម​កូន​ដំរី ៧ ក្បាលមាន ៤​ក្បាល​ដែល​មាន​អន្ទាក់​នៅ​ជាប់​នឹង​ជើង​របស់​ពួក​វា ហើយ​ក៏​មានកូន​ដំរីព្រៃ​មួយ​ក្បាល​ដែល​បាន​បាត់បង់​ជីវិត​ដោយសារ​តែ​ជាប់អន្ទាក់​នោះ​។

លោក​ថា ភស្តុ​តាង​នេះ​បាន​បញ្ជាក់​ថា ការ​ប្រើប្រាស់​អន្ទាក់​សម្រាប់​ចាប់​សត្វព្រៃ​នៅ​ក្នុង​តំបន់​ការពារធម្មជាតិ​ក្នុង​ប្រទេស​កម្ពុជា​នៅ​តែ​ជា​ក្តី​ព្រួយបារម្ភ​ដ៏​ចម្បង​នៅឡើយ ហើយ​ក៏​ជា​គ្រោះថ្នាក់​ដល់​សត្វ​ដំរី​អាស៊ី​ផង​ដែរ ព្រោះ​វា​អាច​បណ្តាល​ឱ្យ​សត្វ​ដំរី​រង​របួស និង​បាត់បង់​ជីវិត​បាន​។

លោក​រដ្ឋលេខាធិការ​បានឱ្យ​ដឹង​ថា នៅ​ក្នុង​រយៈពេល ១០ ខែ​នៃ​ឆ្នាំ​២០២០ ក្រុម​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​នៃ​ក្រសួងបរិស្ថាន និង​សហគមន៍​តំបន់ការពារធម្មជាតិ​ដែល​ចុះ​ល្បាត​ក្នុង​តំបន់ការពារធម្មជាតិ និង​របៀង​អភិរក្ស​ជីវៈចម្រុះ​ទាំង ៦៨ កន្លែង​ដែល​មាន​ផ្ទៃដី​សរុប​ជាង ៧,៣ លាន​ហិ​កតា ប្រមាណ​​៤១% នៃ​ផ្ទៃ​ប្រទេស​កម្ពុជា បាន​ដក​អន្ទាក់​បាន​ប្រមាណ ៣០០០០ អន្ទាក់ និង​ជួយ​សង្គ្រោះ​សត្វព្រៃ​ជា​ច្រើន​ក្បាល​។

ជាមួយ​គ្នា​នេះ អ្នកជំនាញ​ក៏​បាន​ព្រមាន​ផង​ដែរ​ថា ដោយសារ​តែ​រយៈពេល​នៃ​ការ​បន្ត​ពូជ​របស់​ដំរី​អាស៊ី​យឺត (​ប្រាំ​ឆ្នាំ​បង្កើត​បានកូន​មួយ​) បើសិន​អា​ត្រា​ស្លា​.​ប់​នៃ​កូន​ដំរីព្រៃ​ខ្ពស់​ដោយសារ​តែ​រង​របួស​ពី​អន្ទាក់​នោះ​ចំនួន​ដំរីព្រៃ​នៅ​កម្ពុជា អាច​មាន​បញ្ហា​ប្រឈម​ខ្ពស់​ក្នុង​ការ​ផុត​ពូជ​។ ដោយ​ពលរដ្ឋ​ខ្លះ​បាន​ប្រើប្រាស់​មធ្យោបាយ​ផ្សេង​ៗ​ដើម្បី​រំខាន​ដំរី​ដូច​ជា ការ​ធ្វើ​ក្តារ​ដាំ​ដែកគោល​ដាក់​តាម​ផ្លូវ​ដើម្បី​កុំឱ្យ​ដំរី​ចូល​ស៊ី​ដំណាំ​របស់​ខ្លួន​ជាដើម​។ ការ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ ផ្ទះសម្បែង និង​ការ​ដាំ​ដំណាំ​នៅ​តាម​ច្រករបៀង​ដែល​សត្វ​ដំរី ឆ្លងកាត់​ក៏​ជា​បញ្ហា​មួយ​ចោទ​ផង​ដែរ​។

ចំពោះ​មុខ​នៃ​ការ​គំរាមកំហែង​នេះ លោក​នេត្រ ភក្ត្រា រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន បាន​ថ្លែង​ថា រាជរដ្ឋាភិបាល​កម្ពុជា​តាម​រយៈ​ក្រសួងបរិស្ថាន​បាន​ខិតខំ​រៀបចំ​ផែនការ​សកម្មភាព​ដើម្បី​អភិរក្ស​សត្វ​ដំរី​អាស៊ី ដោយ​បាន​ថ្លែង​ថា​៖ «​ក្រុម​អភិរក្ស​ដំរីព្រៃ​នៅ​កម្ពុជា (CECG) ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​២០០៥ ដោយ​មានការ​ចូលរួម​ពី​ក្រសួងបរិស្ថាន រដ្ឋបាល​ព្រៃឈើ និង​អង្គការ​សត្វព្រៃ និង​រុក្ខជាតិ​អន្តរជាតិ​ដើម្បី​អភិរក្ស​ដំរី​អាស៊ី​នៅ​កម្ពុជា តាម​រយៈ​ការ​រក្សា​ស្ថិរភាព និង​ជំរុញ​ឱ្យ​មាន​កំណើន​ចំនួន​ប្រភេទ​នេះ​នៅ​ក្នុង​ព្រៃ​នៃ​ប្រទេស​កម្ពុជា ហើយ​ផែនការ​សកម្មភាព ដើម្បី​អភិរក្ស​សត្វ​ដំរី​អាស៊ី​ឱ្យ​នៅ​គង់វង្ស​ត្រូវ​បាន​រៀបចំ​ឡើង​សម្រាប់​រយៈពេល​១០​ឆ្នាំ គឺ​ចាប់ពី​ឆ្នាំ​២០២០ ដល់​ឆ្នាំ​២០២៩ ដោយ​បាន​កំណត់​នូវ​បញ្ហា​អាទិភាព​ចំនួន ៦ ក្នុង​នោះ​រួម​មាន ៖

១) ការ​កាត់​បន្ថយ​ការ​បាត់បង់​ទីជម្រក
២)​អភិរក្ស​និង​ត​ភ្ជាប់​ច្រករបៀង និង​ហ្វូង​ដំរីព្រៃ​ឡើង​វិញ
៣) ពង្រឹង​ការ​អនុវត្ត​ច្បាប់
៤) បង្ការ​មិន​ឱ្យ​មានការ​ចាប់​ដំរីព្រៃ​មក​ចិញ្ចឹម
៥)​បន្ធូរបន្ថយ​ជម្លោះ​រវាង​សត្វ​ដំរីព្រៃ​និង​មនុស្ស
៦)​អប់រំ​ផ្សព្វផ្សាយ និង​ដាក់​ចេញ​សកម្មភាព​យុទ្ធសាស្ត្រ​សម្រាប់​ដោះស្រាយ​បញ្ហា​ទាំងនោះ​។

យោង​តាម​ការ​ប៉ាន់ស្មាន​ផែនការ​សកម្មភាព​រយៈពេល​ជាង ១០ ឆ្នាំ ដើម្បី​អភិរក្ស​សត្វ​ដំរីព្រៃ​អាស៊ី​នេះ​ត្រូវការ​ថវិកា​ចំនួន ៤០,៥​លាន​ដុល្លារ​សហរដ្ឋអាមេរិក ដែល​ជា​គម្រោង​ថវិកា​រំពឹង​ថា នឹង​បាន​មក​ពី​ប្រភព​រួម​បញ្ចូល​គ្នា​ទាំង​កញ្ចប់​ថវិកា​រាជរដ្ឋាភិបាល អង្គការ​មិនមែន​រដ្ឋាភិបាល និង​ដៃគូ​អភិ​វឌ្ឍន៍​នានា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ