ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សួន ច​ន្ថា ប្រាប់​គន្លឹះ​វ័យ​ច្រើន​ហើយ​នៅ​តែ​ទទួល​បាន​ឱកាស​ការងារ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖​មក​ទល់​ពេល​នេះ អ្នកស្រី​សួន ច​ន្ថា នៅ​តែ​ចាប់​អាជីព​ចម្រៀង​ដូច​ពី​មុន ដោយ​មិន​​ទាន់​ងាក​ចេញ​ទៅ​ណា​ទេ ទោះ​វ័យ​កាន់តែ​ច្រើន ហើយ​មាន​អ្នក​ស្រករ​ក្រោយ​ច្រើន​ក្ដី ។ អ្នក​ស្រី​នៅ​តែ​ទទួល​បាន​ឱកាស​ចេញ​សម្តែង​ជា​ប្រចាំ​នៅ​តាម​បណ្តា​ស្ថានីយទូរទស្សន៍…

រាជធានី​ភ្នំពេញ ៖​មក​ទល់​ពេល​នេះ អ្នកស្រី​សួន ច​ន្ថា នៅ​តែ​ចាប់​អាជីព​ចម្រៀង​ដូច​ពី​មុន ដោយ​មិន​​ទាន់​ងាក​ចេញ​ទៅ​ណា​ទេ ទោះ​វ័យ​កាន់តែ​ច្រើន ហើយ​មាន​អ្នក​ស្រករ​ក្រោយ​ច្រើន​ក្ដី ។ អ្នក​ស្រី​នៅ​តែ​ទទួល​បាន​ឱកាស​ចេញ​សម្តែង​ជា​ប្រចាំ​នៅ​តាម​បណ្តា​ស្ថានីយទូរទស្សន៍ និង​នៅ​តាម​កម្មវិធី​ជប់លៀង ឬ​មង្គលការ ផ្សេង​ៗ​។ នៅ​តែ​មានការ​ងារ​ជា​បន្តបន្ទាប់​ដោយសារ តែ​ទឹកដម​សំឡេង​របស់​អ្នកស្រី​សួន ច​ន្ថា នៅ​តែ​ពីរោះ ។

កាលពី​ពេល ថ្មី​ៗ​កន្លង​មក​អ្នកស្រី​សួន ច​ន្ថា ថ្លែង​ថា «​ខ្ញុំ​មាន​ភាព​រីករាយ​ក្នុង​ចិត្តជា​អនេក​នៅ​ពេល​​ដែល​អាជីព​ចម្រៀង​របស់ខ្ញុំ​ចាប់​យក​អស់​ច្រើន​ឆ្នាំ​នៅ​តែ​មាន​អ្នក​ស្រឡាញ់​ចូល​ចិត្ត ។ ទាំង​អស់នេះ​កើត​ចេញពី​យើង​ខ្លួនឯង​ភាគច្រើន ទី​១​យើង​គោរព​ពេលវេលា ឲ្យ​តម្លៃ​ការងារ ចេះ​ឲ្យ​តម្លៃ​មហាជន ដោយ​ញញឹម​រួសរាយ​រាក់ទាក់​មិន​ឆ្មើង ។ ខ្ញុំ​ពិតជា​ចង់​បន្តការងារ​សិល្បៈ​នេះ​ដដែល បើ​ទោះ​វ័យ​យើង​មិន​ដូច​មុន ។

ម្ល៉ោះហើយ​ពេល​សម្រាក​ពី​ការងារ​ឆ្លៀត​ហាត់ប្រាណ ឬ​បំពេញការងារ​ជា​ស្ត្រី​មេផ្ទះ ។ មាន​តែ​មុខរបរ​ចម្រៀង​មួយ​មុខ​នេះ​ទេ ជា​ឆ្នាំងបាយ​ពិសេស​បំផុត​សម្រាប់​ខ្ញុំ និង​ស្វាមី​ដែល​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក ។ លើស​ពី​នេះ​ខ្ញុំ​មាន​តែ​ការ​ប្រឹងប្រែង​តទៅ​ទៀត​ដោយសារ​មានការ​ទទូច​ចង់​ឲ្យ​ខ្ញុំ​សម្តែង​ដដែល ។ ម្យ៉ាង​ខំប្រឹង​ដើម្បី​ឲ្យ​បាន​ប្រាក់​ចំណូល ព្រោះ​មួយ​រយៈ​មុន​ចំ​រដូវ​ភ្ជុំ​ស្វាមី​ខ្ញុំ​ឈឺ ភ្លាម​ៗ​ដល់​ថ្នាក់​សង្គ្រោះ​បន្ទាន់ ។ មួយប៉ប្រិចភ្នែក ចំណាយ​ថ្លៃ​ព្យាបាល​ច្រើន »​។

អ្នកស្រី​សួន ច​ន្ថា ដែល​ពេល​នេះ​បាន​ក្លាយជា​យាយ​គេ គឺ​មាន​ចៅ​ម្នាក់​ហើយ​នោះ​ថ្លែង​បន្ត​ថា «​ខ្ញុំ​មាន​តែ​ពាក្យ​អរគុណ​ដល់​ទស្សនិកជន ផលិតកម្ម ផ្សេង​ៗ ស្ថានីយទូរទស្សន៍​នានា និង​ក្រុម​ការ​ងារ​ច្រៀង​តាម​កម្មវិធី​ការ ទាំងអស់​បាន​ផ្តល់​ការងារ​ឲ្យ​រហូត ។ នេះ​ជា​ការ​ឲ្យ​តម្លៃ និង​ការពារ​អ្នកចម្រៀង ចាស់​ៗ​កុំ​ឲ្យ​បាត់​មុខ ។

រីឯ ប្អូន​ៗ​តារា​រលក​ក្រោយ​ទាន់​ឱកាស​ការងារ​មាន​ច្រើន​សម្បូរ​ហាង​ផឹក​ស៊ី ពេល​ច្រៀង​ត្រូវ​ខំធ្វើ​ការ​ឬ​ទៅ​សម្តែង​តាម​ប៉ុស្តិ៍​ចេះ​មាន វិន័យ គោរព​ចាស់ទុំ​រៀមច្បង គោរព​ម៉ោង​ពេល ។ ពេល​រក​លុយ​បាន​ត្រូវ​ចេះ​សន្សំ​ទុកដាក់​ឲ្យ​ល្អ​ការពារ​ថ្ងៃក្រោយ មាន​ហានិភ័យ​មិនសូវ​ស្លុត​អារម្មណ៍​។ ពោលគឺ​​មិន​ត្រូវ​ខ្ជះខ្ជាយ​លុយកាក់​ពេល​យើង​រកបាននោះ​ឡើយ ។

អតីតកាល​អ្នកស្រី​សួន ច​ន្ថា ធ្លាប់​ចូលរួម​ប្រឡង​ចម្រៀង​ជាប់​ចំណាត់ថ្នាក់​លេខ​១ នៅ​ខេត្ត​បាត់ដំបង ដោយ​ឆ្លងកាត់​ការ​ប្រកួត​ច្រើន​ជុំ​។

ជា​អ្វី​ដែល​ខ្លួន​ស្រឡាញ់​អ្នកស្រី​សួន ច​ន្ថា បាន​ចាប់​យក​ងារ​ជា​អ្នកសិល្បៈ​តាំងពី​ប្រឡង​ជាប់​ជ័យ​លា​ភី​នោះ​មក ។ ពី​ដំបូង​អ្នកស្រី​សម្រេចចិត្ត​ច្រៀង​នៅ​ខេត្ត​ក្នុង​វង់​តន្ត្រី​មួយ ។ ទោះជា​យ៉ាងណា​ក្ដី​ចង់បាន​ឱកាស​ពង្រីក​កេរ្តិ៍ឈ្មោះ​អ្នកស្រី​បាន​មក​រក​កន្លែង​ច្រៀង​នៅ​ភ្នំពេញ​គឺ​ច្រៀង​នៅ​តាម​ហាង ។ ដោយសារ​អំណោយផល​ទឹកដម​សំឡេង អ្នកស្រី​ទទួល​បាន​ឱកាសល្អ ដោយ​ត្រូវ​ផលិត​ករ​តាម​ទូរទស្សន៍​ទាក់ទង​ឲ្យ​ឡើង​លើ​ឆាក​តន្ត្រី​ជា​បន្តបន្ទាប់ ។ បន្តិច​ម្ដង​ៗ​អ្នកស្រី​បាន​ពង្រីក​កេរ្តិ៍ឈ្មោះ​នៅ​ក្នុង​វិស័យ​ផលិតកម្ម​ចម្រៀង ។

បទ​ចម្រៀង​ដែល​ធ្វើ​ឲ្យ​គេ​ស្គាល់​សួន ច​ន្ថា គឺ​បទ​«​រាំ​ចង្វាក់​មី​ហ្គា​ឌិន​» ។ បទ​នេះ​ហើយ​ស្ទួយ​សួន ច​ន្ថា អណ្ដែត​ឡើង​លើ​វេហា​សិល្បៈ ។ ​ក្រោយមក​បាន​ច្រៀង​ឲ្យ​ផលិតកម្ម​ហង្ស​មាស ផលិតកម្ម​នៅ​ក្រៅ​ស្រុក​រៃ​មាស​តោ​មាស និង​ផលិតកម្ម​បុ​ប្ឋា​ជាដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ