ខេត្តបន្ទាយមានជ័យ ៖ សាច់ជ្រូកនិងសាច់មាន់ខូចគុណភាពជិត១០០គីឡូក្រាមត្រូវបានមន្ត្រីជំនាញផលិតកម្មនិងបសុព្យាបាលនៃមន្ទីរកសិកម្មខេត្តឆែកឆេររកឃើញលើរថយន្តសង្ស័យស្លាកលេខថៃមួយគ្រឿង ក្រោយចូលមកកម្ពុជាតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតកាលពីល្ងាចថ្ងៃទី៧ វិច្ឆិកា ឆ្នាំ២០២០ ។
សាច់ខូចគុណភាពទាំងនេះរួមមានសាច់ជ្រូកចំនួន២០គីឡូក្រាម, សាច់និងគ្រឿងក្នុងមាន់ចំនួន៧០គីឡូក្រាម គេដឹកបង្កប់ក្រោមត្រី, មឹកនិងបង្គាពីថៃពេញមួយរថយន្តម៉ាកអ៊ីណូចំណុះ5តោន ។
លោកហ៊ុយ ទូច ប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាលនៃមន្ទីរកសិកម្មខេត្តប្រាប់ថា សាច់ខូចគុណភាពទាំងនេះនឹងយកទៅដុតកម្ទេចចោល ព្រោះក្រោយឆែកឆេរគ្មានអ្នកចេញមុខទទួលខុសត្រូវ ។ ដោយឡែកអ្នកបើកបររថយន្តដែលជាជនជាតិថៃមន្ត្រីជំនាញបានអប់រំនិងឲ្យធ្វើកិច្ចសន្យាបញ្ឈប់ដឹកសាច់ឬទំនិញខូចគុណភាពចូលមកកម្ពុជាបន្តទៀត ហើយអនុញ្ញាតិឲ្យបើកបររថយន្តត្រឡប់ទៅដីថៃវិញតាមច្រកអន្តរជាតិដដែលនេះ។
គួរបញ្ជាក់ថា រថយន្តស្លាកលេខថៃខាងលើផ្ទុកសុទ្ធតែត្រីបង្គានិងមឹក ប៉ុន្តែពុំឃើញមានមន្ត្រីជំនាញផ្នែកជលផលណាម្នាក់នៅកន្លែងកើតហេតុឡើយ ហើយទំនិញទាំងនេះត្រូវគេដាក់ចុះពីរថយន្តដឹកតាមរ៉ឺម៉កម៉ូតូកង់បីនិងខ្លះដឹកតាមម៉ូតូព្រោងព្រាត ដោយគ្មានការត្រួតពិនិត្យពីគុណភាពទំនិញនោះទេ ខណៈមន្ត្រីផលិតកម្មនិងបុសុព្យាបាលខេត្តអះអាងថាមិនមែនពាក់ព័ន្ធនិងជំនាញរបស់ខ្លួនឡើយ ៕ (កែសម្រួលដោយ ៖ ធីតា)