ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​ឈ្មួញ​រកស៊ី​ស្រូវ​ស្នើ​សុំ​អន្តរា​គម ខណៈ​ចូល​ទៅ​លក់​នៅ​ដី​វៀតណាម​ត្រូវ​ចំណាយ​សេវា​ច្រើន

3 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ ក្រុម​ឈ្មួញ​ជា​ច្រើន​នាក់ ដែល​រកស៊ី​ដើរ​ប្រមូល​ទិញ​ស្រូវ យក​ទៅ​លក់​ឲ្យ​ឈ្មួញ​វៀតណាម តាម​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​បន្ទាយ​ចក្រី បាន​នាំ​គ្នា​រអ៊ូរទាំ​ថា ចាប់តាំងពី​ផ្ទុះ​កើត​ជំងឺ​កូ​វី​ដ​-១៩​មក ពួក​គាត់​រកស៊ី​មិនសូវ​ចំណេញ​នោះ​ទេ ដោយសារ​តែ​ម្ចាស់​បេន​ចំណត​នៅ​ខាង​វៀតណាម…

ខេត្តព្រៃវែង ៖ ក្រុម​ឈ្មួញ​ជា​ច្រើន​នាក់ ដែល​រកស៊ី​ដើរ​ប្រមូល​ទិញ​ស្រូវ យក​ទៅ​លក់​ឲ្យ​ឈ្មួញ​វៀតណាម តាម​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​បន្ទាយ​ចក្រី បាន​នាំ​គ្នា​រអ៊ូរទាំ​ថា ចាប់តាំងពី​ផ្ទុះ​កើត​ជំងឺ​កូ​វី​ដ​-១៩​មក ពួក​គាត់​រកស៊ី​មិនសូវ​ចំណេញ​នោះ​ទេ ដោយសារ​តែ​ម្ចាស់​បេន​ចំណត​នៅ​ខាង​វៀតណាម តម្រូវ​ឲ្យ​បង់​សេវា​ច្រើន​ពេក​។

ក្រុម​ឈ្មួញ​ទាំងនោះ​បាន​ឲ្យ​ដឹង​ថា កាលពី​មិន​ទាន់​ផ្ទុះ​កើត​ជំងឺ​កូ​វី​ដ​-១៩ ឈ្មួញ​វៀតណាម​គេ​បើកទូក​ចូល​មក​ទិញ​ស្រូវ​ពី​ឈ្មួញ​ខ្មែរ ដល់​មាត់ទឹក​ព្រំដែន​ខាង​ខ្មែរ​តែ​ម្តង ដោយ​មាន​ម្ចាស់​បេន​ខាង​ខ្មែរ​ជា​អ្នក​រៀបចំ ហើយ​ពួក​គាត់​ដែល​ជា​ឈ្មួញ​ដើរ​ទិញ​ស្រូវ ពី​តាម​បណ្តា​ស្រុក​ខេត្ត​ផ្សេង​ៗ ពេល​ដឹក​មក​ដល់​មាត់ច្រក គ្រាន់តែ​ចរចា​តម្លៃ​ត្រូវរ៉ូវ​គ្នា​ហើយ ក៏​ទយ​គូថ​រថយន្ត​ទម្លាក់​ស្រូវ​ចូល​ទូក​ភ្លាម ហើយ​បើ​មិន​ត្រូវ​ថ្លៃ​គ្នា​ទេ ក៏​អាច​ដឹកស្រូវ​ទៅ​លក់​នៅ​កន្លែង​ផ្សេង​ទៀត​បាន គឺ​ងាយស្រួល​ខ្លាំង​ណាស់ ប៉ុន្តែ​ពេល​នេះ​ខុស​គ្នា​ដាច់​ស្រឡះ ព្រោះ​ត្រូវ​បើករថយន្ត​ឆ្លង​ព្រំដែន ចូល​ទៅ​ទម្លាក់​ស្រូវ​នៅ​ក្នុង​បេន​ខាង​ដី​វៀតណាម ពេល​ទៅ​ដល់​ហើយ​តម្លៃ​ថោក​ថ្លៃ​យ៉ាងណា​ក៏​ត្រូវ​តែ​បង្ខំចិត្ត​លក់​ឲ្យ​គេ​ដែរ ព្រោះ​បើ​មិន​លក់ គ្មាន​លុយ​បង់ថ្លៃ​សេវា​បេន​ឲ្យ​គេ​ទេ ហើយ​រឿង​ដែល​សំខាន់​នោះ គឺ​ពេល​ឆ្លង​ព្រំដែន​ចូល​ដី​គេ​ម្តង​ៗ ពួក​គាត់​បារម្ភ​ខ្លាំង​ណាស់ គឺ​ខ្លាច​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩​។

ឈ្មួញ​ទាំងនោះ​បាន​បន្ត​ទៀត​ថា ការ​ឆ្លង​ដែន​យក​ស្រូវ​ទៅ​លក់​ក្នុង​ដី​គេ ក្រៅពី​ប្រឈម​ខ្លាច​ឆ្លង​ជំងឺ​ហើយ​នោះ គឺ​ពួក​គាត់​ត្រូវ​ខាតបង់​ថវិកា​ច្រើន​ណាស់ ទៅ​លើ​ថ្លៃបង់​បេន និង​សេវា​ផ្សេង​ៗ ដោយ​ក្នុង​រថយន្ត​ដឹកស្រូវ​១​គ្រឿង​ចំណុះ​៤០​តោន ត្រូវ​បង់អស់​ជាង​២០០​ដុល្លារ​ឯណោះ ខណៈ​ពេល​ចុះ​បេន​ខាង​ដី​ខ្មែរ បង់​មិន​ដល់​៥០​ដុល្លារ​ទេ ហើយ​ក្នុង​១​ថ្ងៃ​ៗ​រថយន្ត​ដឹកស្រូវ​របស់​ពួក​គាត់​ដឹកស្រូវ​ចូល​ទៅ​លក់​ក្នុង​ដី​វៀតណាម មិន​ក្រោម​៣០០​គ្រឿង​នោះ​ទេ ដូច្នេះ​បើ​គិត​ជា​មធ្យម​ក្នុង​១​ថ្ងៃ​ៗ ពួក​គាត់​យក​លុយ​ទៅ​ឲ្យ​គេ មិន​ក្រោម​៦​ម៉ឺន​ដុល្លារ​ទេ​។ ថវិកា​ទាំងនោះ គេ​មិន​បាន​ទារ​យក​ពី​ឈ្មួញ​ខ្មែរ​ផ្ទាល់​ទេ គឺ​គេ​ទារ​យក​ពី​ឈ្មួញ​វៀតណាម​ម្ចាស់​ទូក ប៉ុន្តែ​ឈ្មួញ​វៀតណាម​គេ​យក​មក​ទូទាត់​ពី​ឈ្មួញ​ខ្មែរ​វិញ ដោយ​ការ​ទម្លាក់​តម្លៃ​ស្រូវ គឺ​មិន​ខុស​អី​ពី​ច្របាច់ក​យួន​លៀន​អណ្តាត​ខ្មែរ​នោះ​ទេ​។

ម្យ៉ាងទៀត ពេល​មាន​រថយន្ត​ដឹកស្រូវ​ចុះ​ច្រើន​ម្តង​ៗ ធ្វើ​ឲ្យ​ស្ទះ​នៅ​មាត់ច្រក​ទ្វា​r រថយន្ត​រាប់រយ​គ្រឿង​ត្រូវ​ស្ទះ​ត​កន្ទុយ​គ្នា​ចម្ងាយ​រាប់​គីឡូ​ដី រថយន្ត​ដែល​នៅ​ក្រោយ​គេ​ទំ​រាំ​បាន​ចុះ ធ្វើ​ឲ្យ​ស្រូវ​ស្លេក​ខូច​ហាងឆេង ឈ្មួញ​វៀតណាម​ទម្លាក់​តម្លៃ ធ្វើ​ឲ្យ​ខាតបង់​កាន់តែ​ច្រើន​ថែម​ទៀត​។ ដោយសារ​តែ​ការ​នាំ​ស្រូវ​ឆ្លង​ដែន​ទៅ​លក់​នៅ​ក្នុង​ដី​វៀតណាម មានការ​ខាតបង់​ច្រើន​បែប​នេះ ទើប​ក្រុម​ឈ្មួញ​ទាំងអស់ នាំ​គ្នា​ស្នើ​សុំ​ឲ្យ​ខាង​អាជ្ញាធរ​ស្រុក និង​ខេត្ត ក៏​ដូច​ជា​មន្ត្រី​ជំនាញ​ប្រចាំការ​នៅ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​បន្ទាយ​ចក្រី មេត្តា​ជួយ​អន្តរាគមន៍ សម្រួល​ឲ្យ​ពួក​គាត់​អាច​ទម្លាក់​ស្រូវ​លក់​នៅ​បេន​ខាង​ដី​ខ្មែរ​បាន​ដូច​មុន​វិញ ដើម្បី​ជួយ​កាត់​បន្ថយ​ការ​ចំណាយ​ដ៏​ច្រើន​សន្ធឹកសន្ធាប់​ផង និង​ការពារ​ពី​ការ​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩​ផង​។

ជុំវិញ​ការ​ស្នើ​សុំ​នេះ ត្រូវ​បាន​លោក ហាស់ ព​ណ្ណ​ភ​ណ័ ប្រធាន​ស្នាក់​ការ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​បន្ទាយ​ចក្រី បាន​ឲ្យ​ដឹង​តាម​ទូរ​សព្ទ័​ថា ចំពោះ​ករណី​នេះ​ក្រុម​ឈ្មួញ​ទាំងអស់ ក៏​ធ្លាប់​បាន​ស្នើ​សុំ​មក​រូប​លោក ក៏​ដូច​ជា​អាជ្ញាធរ​ពាក់​ព​ន្ធ័​ដែរ ប៉ុន្តែ​លោក​មិន​អាច​ជួយ​ដោះស្រាយ​បាន តាម​ការ​ស្នើ​សុំ​នោះ​ទេ ព្រោះថា​ពេល​នេះ​ទាំង​ប្រទេស​កម្ពុជា​យើង និង​វៀតណាម គឺ​កំពុង​តែ​មាន​វិធានការ​ការពារ​ខ្លាំង ចំពោះ​បញ្ហា​ជំងឺ​កូ​វី​ដ​-១៩ ជា​ពិសេស​គឺ​ខាង​វៀតណាម គឺ​គេ​ហាម​មិន​ឲ្យ​ប្រជាជន​ណា​ម្នាក់ ឆ្លង​ដែន​ចូល​មក​កម្ពុជា​ទេ បើ​មាន​អ្នក​ណា​លួច​ឆ្លង​ចូល​មក ពេល​ត្រឡប់​ទៅ​វិញ​គេ​នឹង​ចាប់​ធ្វើ​ច​ត្តា​ឡី​ស​ក័​រយៈពេល​១៤​ថ្ងៃ​ភ្លាម ដូច្នេះ​បើ​យើង​បើក​ឲ្យ​គេ​ចូល​មក ក៏​ឈ្មួញ​វៀតណាម​គេ​មិន​ហ៊ាន​ចូល​មក​ទិញ​ដែរ​។

ម្យ៉ាងវិញទៀត បើសិន​មានការ​បើក​ឲ្យ​ឈ្មួញ​វៀតណាម ចូល​មក​ទិញ​ស្រូវ​ក្នុង​ដី​ខ្មែរ ហើយ​បើ​មាន​ករណី​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩​កើតឡើង តើ​នរណា​ជា​អ្នក​ទទួលខុសត្រូវ? គួរ​បញ្ជាក់​ផង​ដែរ​ថា បើ​ទោះបីជា​ជំងឺ​កូ​វី​ដ​-១៩​បាន​ផ្ទុះ​ឡើង និង​បាន​បង្ខំ​ឲ្យ​មានការ​បិទទ្វារ​ព្រំដែន​រវាង​ប្រទេស​កម្ពុជា និង​វៀតណាម​ក្តី ប៉ុន្តែ​សម្រាប់​ទំនាក់ទំនង​សេដ្ឋកិច្ច​រវាង​ប្រទេស​ទាំង​២ គឺ​នៅ​តែ​អាច​ធ្វើ​ឡើងជា​ធម្មតា ជាក់ស្តែង​សម្រាប់​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​បន្ទាយ​ចក្រី នៅ​តែ​មានការ​នាំ​ចេញ​នាំ​ចូល​ទំនិញ​ទៅ​វិញ​ទៅ​មក​ជា​ធម្មតា ក្នុង​នោះ​ទំនិញ​នាំ​ចូល​ពី​ប្រទេស​វៀតណាម មាន​ដូច​ជា​ត្រី បន្លែ បង្កង សាច់ និង​គ្រឿងទេស​ជាដើម ចំណែក​ទំនិញ​នាំ​ចេញពី​កម្ពុជា​ទៅ​វៀតណាម​វិញ មាន​តែ​២​មុខ​ប៉ុណ្ណោះ គឺ​ស្វាយ និង​ស្រូវ ក្នុង​នោះ​ស្រូវ​អ៊ី​អ៊ែ​របាយ​រឹង លក់​បាន​តម្លៃ​៨៩០​រៀល​ក្នុង​១​គីឡូក្រាម ចំណែក​ស្រូវ​សែន​ក្រអូប ឬ​ស្រូវ​បាយ​ទន់​លក់​បាន​តម្លៃ​១១០០​រៀល​ក្នុង​១​គីឡូក្រាម​៕ ដោយ ៖ សុំ ពៅ​ពិសិដ្ឋ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ