ខេត្តកំពង់ឆ្នាំង ៖ អតីតបុគ្គលិកអង្គការក្រៅរដ្ឋាភិបាលមួយរូបដែលធ្លាប់ទទួលការបណ្ដុះបណ្ដាលផ្នែកកសិកម្មនៅប្រទេសថៃ និងធ្លាប់ធ្វើជាដៃគូផ្នែកកសិកម្ម តាមបណ្តាខេត្តនានាកាលពីពេលកន្លងទៅ បន្ទាប់ពីចូលនិវត្តន៍គាត់បានចាប់ផ្ដើមប្រកបមុខរបរចិញ្ចឹមសត្វ ពិសេសការចិញ្ចឹមកង្កែបយកសាច់ និងមេកង្កែបយកកូនលក់ ទទួលបានជោគជ័យដោយមានអ្នកគាំទ្រជាច្រើន ។
បច្ចុប្បន្ន លោកកំពុងរស់នោះ ភូមិត្រពាំង អញ្ជាញ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ។ លោក គង់ សុផល មានប្រសាសន៍ថា ៖ លោកធ្លាប់ទទួលការបណ្ដុះបណ្ដាលផ្នែកកសិកម្មនៅប្រទេសថៃ កាលលោកជាអតីតមន្ត្រីអង្គការក្រៅរដ្ឋាភិបាលមួយដែលលោកមានតួនាទី សម្របសម្រួលលើផ្នែកវិស័យកសិកម្មតាមបណ្តាខេត្ត ក្រុងមួយចំនួន និងធ្លាប់ជាគ្រូបង្រៀនដល់កសិករលើផ្នែកការចិញ្ចឹមសត្វ ។
ក្រោយពេលចូលនិវត្តន៍លោកបានចាប់ផ្ដើមប្រកបមុខរបរជាលក្ខណៈគ្រួសារតូចតាចនៅតាមផ្ទះ ដោយការចិញ្ចឹមសត្វ ពិសេសការបង្កាត់ពូជកង្កែប យកកូនលក់ទទួលបានជោគជ័យ ព្រោះមានប្រជាពលរដ្ឋជាច្រើន មកទទួលទិញកូនយកទៅចិញ្ចឹមបន្ត ។ លោកបានបញ្ជាក់ថា ៖ លោកចាប់ផ្តើមមុខរបរចិញ្ជឹមសត្វនៅផ្ទះតាំងពីឆ្នាំ២០១០មកម្លេះ ។ ប៉ុន្តែការចិញ្ជឹមង្កែប គឺទើបតែចាប់ផ្តើមនៅឆ្នាំ២០១៨ តែប៉ុណ្ណោះ ហើយក៏ទទួលបានជោគជ័យ ទាំងការចិញ្ជឹមយកសាច់ និងការចិញ្ជឹមមេបង្កាត់ពូជយកកូនលក់ ។
បច្ចុប្បន្នលោកមានមេពូជ កង្កែប៥០ក្បាល និងបាកង្កែប ៥០ក្បាល ដែលអាចបន្តពូជជាបន្តបន្ទាប់ផ្លាស់វេនគ្នា ។ កូនកង្កែបដែលញាស់ចេញពីពង រយៈពេល៤៥ថ្ងៃ គឺអាចចាប់លក់បានហើយ បន្ទាប់ពីវាដុះដៃដុះជើងក្លាយពីកូនក្អុកមកជាកូនកង្កែប ។ កូនកង្កែប ទាំងនោះគាត់លក់ជូនអតិថិជន ១ក្បាលថ្លៃ៥០០រៀល ។
បច្ចុប្បន្នលោកនៅសល់កូនកង្កែបដែលបម្រុងទុកជាង៥ពាន់កូន ។ ក្នុងមួយលើកៗដែលគាត់ភ្ញាស់កូនលក់បានជាង ៥ពាន់កូន ដែលអាចរកចំណូលបានជាង២លានរៀល ។ ជាក់ស្ដែងនៅថ្ងៃនេះ មានអតិថិជនមកពីស្រុករលារប្អៀរ បានមកទិញកូនកង្កែបរបស់គាត់ចំនួន១ពាន់កូន ស្មើនឹង៥០ ម៉ឺនរៀលផងដែរ ។ ចំណែកកង្កែបសាច់លោកទើបចាប់លក់ កាលពីជាង១០ថ្ងៃមុន បានជាង១២០គីឡូក្រាម ដោយក្នុង១គីឡូក្រាម ថ្លៃ១ម៉ឺនរៀល ស្មើនឹងជាង១លានរៀលផងដែរ នេះត្រឹមការចិញ្ចឹមក្នុងតង់តូចល្មមប៉ុណ្ណោះ ។
លោក ម៉ៅ នៅ មេភូមិព្រែកសាលា ឃុំទឹកហូត ដែលជាអ្នកមកទិញកូនកង្កែបយកទៅចិញ្ជឹម បាននិយាយឱ្យដឹងថា ៖ កាលពីជាង១ខែមុន គាត់បានមកទិញកូនកង្កែបនៅទីនេះចំនួន៥០០ក្បាល ។ ពេលនេះលោកមកទិញបន្ថែមចំនួន៥០០ក្បាលទៀត ។
មូលហេតុដែលមកទិញបន្ថែម ព្រោះកាលទិញកូនកង្កែបទៅលើកមុន គឺវាកំពុងតែធំធាត់ល្អណាស់រយៈពេលតែជាង ១ខែតែប៉ុណ្ណោះ កូនកង្កែបធំប៉ុនកំភួនដៃក្មេងទៅហើយ ។ ចំណែកអ្នកដែលមកជាមួយកគាត់នៅពេលនេះ ព្រោះឃើញគាត់ចិញ្ចឹមបានល្អក៏មកទិញ៥០០ក្បាលយកទៅចិញ្ចឹមដែរ ។
សូមរំឮកដែរថា ៖ បច្ចុប្បន្ន រាជរដ្ឋាភិបាលក៏ដូចជា ក្រសួងកសិកម្ម កំពុងតែជំរុញដល់ប្រជាកសិករឲ្យចិញ្ចឹមត្រី ,កង្កែប , និងអន្ទង់ជាដើម តាមបែបវារីវប្បកម្ម ព្រោះបច្ចុប្បន្នផលនេសាទ ដែលជាផ្នែកធនធានជលផល កំពុងតែថយទៅជាលំដាប់ ។ ដោយហេតុដូច្នេះហើយស្ទើរតែគ្រប់បណ្តាស្រុក ក្រុង គេសង្កេតឃើញ ប្រជាកសិករងាកមកធ្វើវារីវប្បកម្មវិញ ដើម្បីបំពេញតម្រូវការទីផ្សារ៕
ចែករំលែកព័តមាននេះ