ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កសិករ​រអ៊ូ​ថា មាន​ហ្វូង​កណ្ដុរ​មក​ស៊ី​បំផ្លាញ​ដំណាំ​ពោតក្រហម​ធ្វើ​ឱ្យ​ខាត​បង់​(​វី​ដេ​អូ​)

3 ឆ្នាំ មុន
  • កំពង់ចាម

ខេត្ត​ត្បូងឃ្មុំ ៖ ប្រជា​កសិករ​រស់នៅ​តាម​ដង​ទន្លេមេគង្គ​ត្រើយ​ខាងកើត ក្នុង​នោះ​មាន ស្រុក​ក្រូច​ឆ្មារ និង​ស្រុក​ត្បូងឃ្មុំ បាន​នាំ​គ្នា​ដាំ​ដុះ​ដំណាំ​ពោតក្រហម​ច្រើន​ជាង​តាម​បណ្ដា​ស្រុក​ផ្សេង​ទៀត នៅ​ក្នុង​ខេត្ត​ត្បូងឃ្មុំ​។ តែ​ដោយ​ឆ្នាំ​នេះ ទឹកទន្លេ​មេគង្គ​មិន​បាន​ឡើង​មក​ជន់​លិច​តាម​បឹងបួ​នានា​ជា​ហេតុ…

ខេត្ត​ត្បូងឃ្មុំ ៖ ប្រជា​កសិករ​រស់នៅ​តាម​ដង​ទន្លេមេគង្គ​ត្រើយ​ខាងកើត ក្នុង​នោះ​មាន ស្រុក​ក្រូច​ឆ្មារ និង​ស្រុក​ត្បូងឃ្មុំ បាន​នាំ​គ្នា​ដាំ​ដុះ​ដំណាំ​ពោតក្រហម​ច្រើន​ជាង​តាម​បណ្ដា​ស្រុក​ផ្សេង​ទៀត នៅ​ក្នុង​ខេត្ត​ត្បូងឃ្មុំ​។ តែ​ដោយ​ឆ្នាំ​នេះ ទឹកទន្លេ​មេគង្គ​មិន​បាន​ឡើង​មក​ជន់​លិច​តាម​បឹងបួ​នានា​ជា​ហេតុ បណ្ដាល​ឱ្យ​កើត​សត្វល្អិត និង​ហ្វូង​កណ្ដុរ កាត់​ស៊ី​បំផ្លាញ​ផលដំណាំ​របស់​កសិករ​ដែល​ដាំ​ដុះ​បានជា​មួយ​នោះ ពួក​គាត់​ក៏​ស្នើ​សុំ​ឲ្យ​ស្ថាប័ន​ជំនាញ​មន្ទីរ​កសិកម្ម​បញ្ជូន​ក្រុម​អ្នកបច្ចេកទេស មក​ជួយ​កម្ចាត់​ហ្វូង​កណ្ដុរ​ទាំងនោះ​។

លោកតា មួ​ង យាន អាយុ​៨៥​ឆ្នាំ រស់នៅ​ភូមិ​រកា​ធំ ឃុំ​ជី​រោ​ទិ៍​ទី​១ ស្រុក​ត្បូងឃ្មុំ មាន​ប្រសាសន៍​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​៦ វិច្ឆិកា ឆ្នាំ​២០២០​ថា ចាប់តាំងពី​ក្រោយ​ថ្ងៃ​រំដោះ​០៧​មក​រា​១៩៧៩ គាត់​បាន​ដាំ​ដុះ​ដំណាំ​នៅ​លើ​ដីចម្ការ ដោយ​ដំណាំ​រួម​ផ្សំ​មាន ៖ ត្រឡាច ប៉េងប៉ោះ និង​ពោត​ច្រើន​ជាងគេ ដើម្បី​លក់​ឱ្យ​ឈ្មួញ យក​លុយ​មក​ដោះស្រាយ​ជីវភាព​គ្រួសារ​។​ហើយ​គាត់​នៅ​តែ​បន្ត​ចាប់​យក​អាជីព​អ្នកចម្ការ រហូត​មក​ដល់​សព្វ​ថ្ងៃនេះ​។ តែ​នៅ​ឆ្នាំ​២០២០ នេះ ទឹកទន្លេ​មេគង្គ​មិន​បាន​ឡើង​មក​ដល់​ដីចំការ​នៅ​ខាងក្រោយ​ភូមិ​នោះ​ទេ​។

លោកតា​វ័យ​៨៥​ឆ្នាំ មាន​ប្រសាសន៍​បន្ត​ថា គាត់​បាន​ជួល​គេ​ភ្ជួរ​រាស់​ដាំពោត​ក្រហម ពេល​ដែល​ចេញ​ផ្លែ​ត្រូវ​បាន​ពពួក​ហ្វូង​កណ្ដុរ នាំ​គ្នា​មក​កាត់​ស៊ី​បំផ្លាញ​ផលដំណាំ ដែល​បាន​ដាំ​ដុះ​បណ្ដាល​ឱ្យ​រង​ការ​ខូចខាត​ជា​ច្រើន រហូត​ដល់​កាប់​ចោល និង​បាន​ដាំ​ជា​លើក​ទី​២ ដែល​មក​ដល់​ពេល​នេះ ដើម​ពោត​ចេញ​បាន​ពីរ​ថ្នាំងដៃ​ហើយ​។ លុះ​ពេល​ដែល​គាត់​ដើរមក​មើលឃើញ​ថា មិន​មានការ​បំផ្លាញ​ដោយ​សត្វ​កណ្ដុរ​បន្ត​ទៀត​នោះ​ទេ​។

ទោះជា​បែប​នេះ​ក្តី គាត់​នៅ​តែ​ព្រួយបារម្ភ​ក្រែង​ពោត​ធំ​បន្តិចទៀត អាច​នឹង​ត្រូវ​កណ្ដុរ​មក​ស៊ី​កាត់​ដើម​បន្ត​ទៀត ហើយ​ផ្ទៃដី​ដែល​ដាំពោត​ក្រហម​នេះ គឺ​មាន​ទំហំ​ជាង​១​ហិ​កតា ចំណែក​ចំការ​មួយ​ចំនួន​ទៀត ក៏​បាន​បែងចែក​ឲ្យ​កូន ដើម្បី​ដាំពោត និង​ដំណាំ​រួម​ផ្សំ​ផ្សេង​ៗ​ទៀត​ក្នុង​ការ​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​។

លោកតា​បាន​បញ្ជាក់​ថា នៅ​ឆ្នាំ​នេះ គាត់​អាច​នឹង​ត្រូវ​ខ្វះខាត ដោយសារ​តែ​ការ​កើត​មាន​ពពួកសត្វ​ល្អិត​ស៊ី​បំផ្លាញ​ផលដំណាំ​របស់​គាត់​ជា​ច្រើន ដូច្នេះ​ថវិកា​ដែល​ប្រមូល​បាន​មក​ពី​លក់​កូន​ក្រហម នឹង​មិន​អាច​ដោះស្រាយ​ជីវភាព​ប្រចាំឆ្នាំ​ឲ្យ​បាន​គ្រប់គ្រាន់​នោះ​ទេ ។ ជាមួយ​គ្នា​នោះ លោកតា​ក៏​បាន​សំណូមពរ​ដល់​អាជ្ញាធរ​ដែនដី ក៏​ដូច​ជា​ស្ថាប័ន​ជំនាញ​មន្ទីរ​កសិកម្ម​ខេត្ត​ត្បូងឃ្មុំ សូម​មេត្តា​ជួយ​ចាត់​បញ្ជូន​ក្រុម​អ្នកបច្ចេកទេស មក​កំចាត់​ហ្វូង​កណ្ដុរ​ដែល​ស៊ី​បំផ្លាញ​ផលដំណាំ​របស់​ប្រជា​កសិករ​នៅ​ភូមិ​រកា​ធំ​ផង​។

លោក ហេង ពិសិដ្ឋ ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខា ប្រមាញ់ និង​នេសាទ​ខេត្ត​ត្បូងឃ្មុំ បាន​ប្រាប់​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​០៦ វិច្ឆិកា​នេះ​ថា នៅ​ក្នុង​ខេត្ត​ត្បូងឃ្មុំ ស្រុក​ដែល​ដាំ​ដំណាំ​ពោតក្រហម​ច្រើន​ជាងគេ គឺ​មាន​តែ​ពីរ​ប៉ុណ្ណោះ គឺ​ស្រុក​ក្រូចឆ្មារ និង​ស្រុក​ត្បូងឃ្មុំ ។ កាលពី​ឆ្នាំ​២០១៩ កន្លង​ទៅ ផ្ទៃដី​ដាំពោត​ក្នុង​រដូវប្រាំង​សរុប​ប្រមាណ​៦.០០០​ហិ​កតា ហើយ​ទិន្នផល​ដែល​ប្រមូល​បាន​ត្រូវ​ក្រុមហ៊ុន​ផលិត​ចំណី​សត្វ​ចុះ​មក​ប្រមូល​ទិញ ឬ​ប្រជា​កសិករ​ដឹក​យក​ទៅ​លក់​ដោយ​ខ្លួនឯង​។

លោក​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត បន្ត​ឲ្យ​ដឹង​ថា ដោយសារ​តែ​នៅ​ឆ្នាំ​២០២០ នេះ ទឹកទន្លេ​មិន​បាន​ឡើង​មក​ជន់​លិច​តាម​បឹងបួរ និង​ដីចំការ​របស់​ប្រជា​កសិករ កត្តា​នេះ​អាច​នឹង​កើត​មាន​ពពួកសត្វ​ល្អិត​ស៊ី​បំផ្លាញ​ផលដំណាំ​របស់​កសិករ​ច្រើន​។

បើ​តាម​ជំនាញ​របស់​កសិកម្ម​ដូច​ជា កណ្ដុរ​បាន​ស៊ី​បំផ្លាញ​ដំណាំ​ពោត​របស់​លោកតា​នៅ​ភូមិ​រកា​ធំ​វិធីសាស្ត្រ​ល្អ គឺ​ត្រូវ​តែ​ចង​ជា​សហគមន៍​យ៉ាង​ហោច​ណាស់​ឱ្យ​បាន​១០​គ្រួសារ កសិករ​ទាំងអស់​ត្រូវ​តែ​ប្រមូលផ្ដុំ​គ្នា​បើក​យុទ្ធនាការ​ចុះ​បាញ់ថ្នាំ ដើម្បី​ស​ម្លា​.​ប់​កណ្ដុរ ឬ​ក៏​ដាក់​អង្គប់ ប្រ​សិន​មាន​កណ្ដុរ​មួយ​ទៅ​ពីរ​ក្បាល​ងា​.​ប់​នោះ ហ្វូង​កណ្ដុរ​ទាំងនេះ​នឹង​នាំ​គ្នារ​ត់ទៅ​រក​កន្លែង​ផ្សេង​ទៀត​ដើម្បី​នៅ​ជា​មិន​ខាន​។ ហើយ​រហូត​មក​ដល់​ពេល​នេះ ដំណាំ​ពោត​ដែល​កសិករ​ដាំ​ដុះ​បាន នៅ​ក្នុង​ខេត្ត​ត្បូងឃ្មុំ នៅ​មិន​ទាន់​មាន​ទិន្នន័យ​សរុប​ច្បាស់លាស់​នៅឡើយ​ទេ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ