ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ទេសចរណ៍ធម្មជាតិ កំពុង​នាំ​ចំណូល​រាប់​​លាន​ដុល្លារ​ចាក់​ចូល​ក្នុង​សេដ្ឋកិច្ច​នៅ​​មូលដ្ឋាន

2 ខែ មុន
  • Phnom Penh

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​ក្រសួងបរិស្ថាន​បាន​ថ្លែង​នៅ​ថ្ងៃ​ទី​៥ ខែវិច្ឆិកា ឆ្នាំ​២០២០ នេះ​ថា ការ​ផ្តល់​សេវាកម្ម ទេសចរណ៍ធម្មជាតិ​នៅ​ក្នុង​តំបន់ការពារធម្មជាតិ បាន​និង​កំពុង​នាំ​យក​នូវ​ចំណូល​​ថវិកា​រាប់​លាន​ដុល្លារ​អា​មេ​រិ​ក ចាក់​ចូល​ក្នុង​សេដ្ឋកិច្ច​នៅ​មូលដ្ឋាន…

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​ក្រសួងបរិស្ថាន​បាន​ថ្លែង​នៅ​ថ្ងៃ​ទី​៥ ខែវិច្ឆិកា ឆ្នាំ​២០២០ នេះ​ថា ការ​ផ្តល់​សេវាកម្ម ទេសចរណ៍ធម្មជាតិ​នៅ​ក្នុង​តំបន់ការពារធម្មជាតិ បាន​និង​កំពុង​នាំ​យក​នូវ​ចំណូល​​ថវិកា​រាប់​លាន​ដុល្លារ​អា​មេ​រិ​ក ចាក់​ចូល​ក្នុង​សេដ្ឋកិច្ច​នៅ​មូលដ្ឋាន និង​ចូលរួម​ផ្សព្វផ្សាយ​ពី​សក្តានុពល​ទេសចរណ៍ធម្មជាតិ ដែល​កម្ពុជា​មាន​ដល់​ពលរដ្ឋ​របស់​ខ្លួន​និង​ទេសចរណ៍​បរទេស ក៏​ដូច​ជា​បាន​ចូលរួម​បណ្តុះ​ស្មារតី​ស្រឡាញ់ និង​ការពារ​បរិស្ថាន និង​ធនធានធម្មជាតិ​ដល់​សាធា​រណជន​ផង​ដែរ​។

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​ជា​មន្ត្រី​នាំពាក្យ​ក្រសួងបរិស្ថាន​បាន​ថ្លែង​ថា នៅ​ក្នុង​រយៈ​ពេល​៩​ខែ ឆ្នាំ​២០២០​នេះ ចំណូល​ពី​ការ​ផ្តល់​សេវាកម្ម​ទេសចរណ៍ធម្មជាតិ​នៅ​ក្នុង​តំបន់​សហ​គមន៍​ចំនួន​២២ ក្នុង​តំបន់ការពារធម្មជាតិ ១២ កន្លែង ស្ថិត​ក្នុង​ខេត្ត​ចំនួន​៨ ត្រូវ​បាន​ប៉ាន់​ស្មានថា បាន​ចាក់​ចូល​ក្នុង​សេដ្ឋកិច្ច​នៅ​មូលដ្ឋាន​ប្រមាណ​ជាង ២៥,២១ លាន​ដុល្លារ​សហរដ្ឋអាមេរិក ដោយ​មាន​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ចំនួន ៥៣៦.៥៤៥​នាក់ (​ភ្ញៀវ​ទេសចរ​ជាតិ​ចំនួន ៥២៩.១៦០​នាក់ និង​ភ្ញៀវ​ទេសចរ​អន្តរជាតិ​មាន​ចំនួន ៧.៣៨៥​នាក់​)​។

បើ​តាម​លោក​រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​បន្ត​ថា ចំនួន​ភ្ញៀវ​ទេសចរ​ដើរ​កម្សាន្ត​នៅ​តាម​តំបន់​ទេសចរណ៍ធម្មជាតិ​នានា​ក្នុង​តំបន់​អភិរក្ស និង​ការពារ​ដោយ​ក្រសួងបរិស្ថាន​នៅ​ឆ្នាំ​២០២០​នេះ មានការ​កើនឡើង​បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១៨ និង​២០១៩​។ នៅ​ឆ្នាំ​២០១៨ មាន​ភ្ញៀវ​ទេសចរ​សរុប​ចំនួន ៣៤៣៨៥២ ហើយ​ទទួល​ចំណូល​បាន ១៦,១៦​លាន​ដុល្លារ​អា​មេ​រិ​ក ហើយ​នៅ​ឆ្នាំ​២០១៩ កន្លង​ទៅ​បាន​ទទួលភ្ញៀវ​ទេសចរ​ចំនួន ៤០២.២៩៣ នាក់ ទទួល​បាន​ចំណូល​ប្រមាណ ១៨,៩០ លាន​ដុល្លារ​អា​មេ​រិ​ក​ចាក់​ចូល​ក្នុង​សេដ្ឋកិច្ច​។

លោក​រដ្ឋលេខាធិការ នេត្រ ភក្ត្រា បាន​ថ្លែង​ថា ការ​អភិវឌ្ឍ​ទេសចរណ៍ធម្មជាតិ គឺជា​យុទ្ធសាស្ត្រ​ត្រឹមត្រូវ​ដើម្បី​បង្កើន​ជីវភាព​ប្រជា​សហគមន៍​មូលដ្ឋាន បង្កើត​ជម្រើស​ថ្មី មុខរបរ​ថ្មី​ជូន​ប្រជា​សហ​គមន៍ ដើម្បី​កាត់​ផ្តាច់​ការ​ប្រកប​របរ​ប្រពៃណី​របស់​ពលរដ្ឋ​ចូល​ព្រៃ​កាប់​ឈើ និង​ចូល​ព្រៃ​បរបាញ់​សត្វ និង​ការ​ចាញ់ ល្បិច​កល​ការ​ញុះញង់​របស់​ក្រុម​ជនខិលខូច​មួយ ចំនួន​ចូល​ទន្ទ្រាន​កាន់កាប់​ដី​ព្រៃ​ដោយ​ខុសច្បាប់​។

លោក​បាន​ថ្លែង​ថា ដើម្បី​ប្រសិទ្ធភាព និង​ពង្រឹង​វិធានការ​ការពារ និង​អភិរក្ស​ធនធានធម្មជាតិ រួម​មានព្រៃ ឈើ សត្វព្រៃ និង​ជីវៈចម្រុះ​ផ្សេង​ទៀត​ឱ្យ​បាន​គង់វង្ស​សម្រាប់​មនុស្ស​រាប់​ជំនាន់​ទៅ​មុខ យើង​ចាំបាច់​ត្រូវ​មាន​ផែនការ​យុទ្ធសាស្ត្រ ដំណោះស្រាយ សម​ស្រប​នោះ គឺ​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង និង​ជុំវិញ​តំបន់​តំបន់ការពារធម្មជាតិ មាន​ជីវភាព​ល្អ​ប្រសើរ ទទួល​បានការ​អប់រំ​បណ្តុះ​បណ្តាល មានចំណេះ​ដឹង និង​ចូលរួម​ទទួលខុសត្រូវ​លើ​ការងារ​ការពារ និង​អភិរក្ស ហើយ​ទទួល​បាន​ផលប្រយោជន៍​ពី​កិច្ចការ​អភិរក្ស​នេះ​។ ជាមួយ​គ្នា​នេះ ក្រសួងបរិស្ថាន​ក៏​បាន​ផ្តល់​នូវ​ការ​គាំទ្រ​ផ្នែក​បច្ចេកទេស និង​មធ្យោបាយ ដើម្បី​ពង្រឹងសមត្ថភាព​សហគមន៍​ទេសចរណ៍ធម្មជាតិ​។

បើ​តាម​ការ​ឱ្យ​ដឹង​របស់​រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន សហគមន៍​ទេសចរណ៍ធម្មជាតិ បានឱ្យ​ដឹង​ថា បច្ចុប្បន្ន​មាន​ចំនួន​២២​គ្របដណ្តប់​លើ​ផ្ទៃដី​ទំហំ ៣៥ ០០៣ ហិ​កតា​ក្នុង​តំបន់ការពារធម្មជាតិ​ចំនួន​១២ ស្ថិត​ក្នុងភូមិ​សាស្ត្រ​ខេត្ត​ចំនួន​៨ រួម​មាន រតនគិរី កំពង់​ស្ពឹ កោះកុង ពោធិ៍សាត់ ព្រះ​វិហារ កំពង់ធំ កំពត កំពង់ឆ្នាំង​។

លោក​នេត្រ ភក្ត្រា បាន​ថ្លែង​ទៀត​ថា រាជរដ្ឋាភិបាល​កម្ពុជា​មាន​គោលនយោបាយ​ប្រែក្លាយ​ទីតាំង​មួយ​ចំនួន​ក្នុង​តំបន់ការពារធម្មជាតិ​ខ្លះ​ដែល​មាន​សក្តានុពល​ទេសចរណ៍​ទៅ​ជា​តំបន់​ទេសចរណ៍​ធម្មជាតិ ដើម្បី​បង្កើន​សេដ្ឋកិច្ច​សម្រាប់​សហគមន៍​មូលដ្ឋាន ចូលរួម​អភិវឌ្ឍ និង​ធ្វើ​ឱ្យ​មាន​កំណើន សេដ្ឋកិច្ចជាតិ ហើយ​ចូលរួម​ពង្រឹង​ប្រសិទ្ធភាព​អភិរក្ស​ធនធាន ធម្មជាតិ​និង​ជីវៈចម្រុះ​»​។

លោក​ថា បច្ចុប្បន្ន​នេះ គោលនយោបាយ​នេះ​បាន​ក្លាយជា​ការ​ពិត ហើយ​បាន​និង​កំពុង​តែ​អនុវត្ត និង​ផ្តល់​ផ្លែផ្កា ខណៈ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​បាន​និង​កំពុង​ជំរុញ និង​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​ធម្មជាតិ​នៅ​តាម​តំបន់ការពារធម្មជាតិ​នានា​ក្នុង​ប្រទេស​កម្ពុជា​។ ទីតាំង​មួយ​ចំនួន​ក្នុង​តំបន់ការ​ពារធម្មជាតិ​ដែល​ពោរពេញ​ដោយ​សក្តានុពល​ទេសចរណ៍​។

សូម​បញ្ជាក់​ថា ក្រៅពី​ទេសភាព​ដ៏​ល្អ​ស្អាត​នៅ​ក្នុង​តំបន់ការពារធម្មជាតិ​ក្នុង​ខេត្តមណ្ឌលគិរី មាន​រមណីយដ្ឋាន​ទេសចរណ៍ធម្មជាតិ​ថ្មី​ជា​ច្រើន​ទៀត ដែល​បាន​និង​កំពុង​ទាក់ទាញ​ភ្ញៀវ​ទេសចរ ដូច​ជា​សហគមន៍​ទេសចរណ៍ធម្មជាតិ​រលាក់​កងជើង (​ភ្នំ​ខ្នង​ផ្សារ​) ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ សហ​គមន៍​​ផាត់​សណ្ដាយ​ខេត្ដកំពង់ធំ សហគមន៍​ទឹក​ជប់​ខ្នារ​ពោធិ៍ ខេត្តសៀមរាប និង​តំបន់​បឹង​ស្នេហ៍ ខេត្តព្រៃវែង តំបន់​វាល​ធំ​នៃ​ឧទ្យាន​ជាតិ​វី​រៈ​ជ័យ ខេត្តរតនគិរី ទេសចរណ៍ធម្មជាតិ​ច្រក​ល្អៀង​ក្នុង​ខេត្តពោធិ៍សាត់ ជី​ផាត​នៅ​ខេត្តកោះកុង​ជាដើម​។

លោក​រដ្ឋលេខាធិការ​ក៏​បាន​ស្នើ​សុំ​ឱ្យ​បងប្អូន​ប្រជា​ពល​ត​ដ្ឋ​ដែល​អញ្ជើញ​ទៅ​ទស្សនា​តំបន់​ទេស​ចរណ៍ធម្មជាតិ​ទាំងនោះ សូម​ចូលរួម​រក្សា​អនាម័យ​បរិស្ថាន វេច​ខ្ចប់​ទុកដាក់​សំរាម​ឱ្យ​បាន​ត្រឹមត្រូវ ចៀសវាង​ការ​បោះ​សំណល់​ពាស​វាល ពាស​កាលដែល​ធ្វើ​ឱ្យ​ខូច​សោភ័ណ​ភាព និង​ទេសភាព​ដ៏​ល្អ​ស្អាត​នៃ​តំបន់​ទេសចរណ៍ធម្មជាតិ​ទាំងនោះ​៕