ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កត្តាចំនួន៦ ដែលធ្វើឱ្យសិស្សរៀនពូកែ! (ភាគ២)

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ កាលពីពេលថ្មីៗនេះ យើងបានលើកយកកត្តាចំនួន៦ ដែលធ្វើឱ្យសិស្សរៀនពូកែ ដោយបានលើកយកភាគ១ យកមករៀបរាប់ ។ នាឳកាសនេះយើងសូមលើកយកភាគបន្ត ឬជាភាគ…

រាជធានីភ្នំពេញ ៖ កាលពីពេលថ្មីៗនេះ យើងបានលើកយកកត្តាចំនួន៦ ដែលធ្វើឱ្យសិស្សរៀនពូកែ ដោយបានលើកយកភាគ១ យកមករៀបរាប់ ។ នាឳកាសនេះយើងសូមលើកយកភាគបន្ត ឬជាភាគ ២ (ឬភាគបញ្ជប់) ដើម្បីបកស្រាយទៅលើប្រធានបទ «កត្តាចំនួន ៦ ដែលធ្វើឱ្យសិស្សរៀនពូកែ! » ដោយភាគមុនយើងបានលើកយកកត្តាទី១ ដល់ កត្តាទី៣ ដូចនេះខាងនេះជាកត្តាទី៤ ទី៥ និងទី៦ ដែលធ្វើឱ្យសិស្សរៀនពូកែ ៖

យោងតាមប្រសាសន៍ លោកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី ជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Mengly J. Quach Education បានបន្តដូចនេះថា ៖

កត្តាទី៤- មិត្តភក្តិ៖ ក្រៅតែពីខិតខំរៀនសូត្រដោយខ្លួនឯង សិស្សក៏គួរតែចេះសេពគប់មិត្តភក្តិជាអ្នកសិក្សាផងដែរ ។ ការសេពគប់មិត្តភក្តិនេះ ដើម្បីជួយឱ្យការសិក្សារបស់ខ្លួនមានការរីកចម្រើន សិស្សត្រូវសេពគប់មិត្តភក្តិដែលរៀនពូកែជាងខ្លួន មិត្តភក្តិដែលចូលចិត្តសិក្សារៀនសូត្រជាដើម។

ប្រសិនបើយើងរាប់អានមិត្តដែលស្រឡាញ់ការរៀនសូត្រ ឬមិត្តភក្តិដែលរៀនពូកែ នោះយើងនឹងក្លាយខ្លួនជាសិស្សស្រឡាញ់ការសិក្សារៀនសូត្រ ឬជាសិស្សពូកែដូចពួកគេដែរ។ ហេតុអ្វី? ពីព្រោះនៅពេលយើងដើរជាមួយពួកគេ យើងអាចយកគេធ្វើជាគំរូ ពិសេសបើយើងមានចម្ងល់ឬមានមេរៀនណាមិនយល់ យើងអាចសុំឱ្យមិត្តភក្តិរបស់យើងពន្យល់បន្ថែមបាន ។ អ្វីកាន់តែពិសេសទៀតនោះ យើងអាចបង្កើតក្លឹបសិក្សាជាមួយមិត្តភក្តិយើង ដើម្បីផ្លាស់ប្ដូរក៏ដូចជាចែករំលែកចំណេះដឹងគ្នាទៅវិញទៅមក ដែលធ្វើឱ្យយើងកាន់តែរីកចម្រើនផ្នែកចំណេះដឹង ។

បែបនេះ ក៏មិនមែនមានន័យថា យើងត្រូវបំភ្លេចមិត្តភក្តិមិនពូកែនោះទេ តែក្នុងកាលៈទេសៈខ្លះ យើងត្រូវតែយកនរណាម្នាក់មកធ្វើជាដៃគូប្រជែងដោយស្ងៀមស្ងាត់ ពោលយើងរាប់អានគេ ហើយលួចមើលរបៀបរៀនរបស់គេដោយយកចិត្តទុកដាក់បំផុត ។ ត្រង់ចំណុចនេះ សូមពិនិត្យដោយប្រុងប្រយ័ត្ន ការប្រជែងរៀន ពុំមែនឈ្នានីសរៀននោះទេ ។ បើសេពគប់មិត្តភក្តិដើម្បីតែបាននៅជិតគេអ្នកចេះ ដោយមិនបានតាមប្រជែងរៀនជាមួយគេទេ នោះគ្មានខុសអ្វីពីចង់ល្ហើយ តែដើរស្របតាមខ្យល់នោះឡើយ ។

កត្តាទី៥- គ្រួសារ ៖ មាតាបិតា ឬអាណាព្យាបាលសិស្សក៏ជាកត្តាសំខាន់ណាស់ដែរ ក្នុងការចូលរួមចំណែកធ្វើឱ្យកូនៗរបស់ខ្លួនក្លាយជាសិស្សពូកែ។ ពោលពួកគេអាចចូលរួមចំណែកជួយឱ្យកូនៗរបស់ខ្លួនរៀនពូកែ តាមរយៈ ការយកចិត្តទុកដាក់លើការសិក្សារៀនសូត្ររបស់កូន តាមដានការសិក្សារៀនសូត្ររបស់កូន ផ្ដល់ភាពកក់ក្ដៅដល់កូន ពិសេសតាមរយៈការចូលរួមជំរុញ និងលើកទឹកចិត្តកូនៗរបស់ខ្លួនឱ្យខំប្រឹងប្រែងរៀនសូត្រ ព្រមទាំងតាមរយៈការសហការជាមួយសាលា និងលោកគ្រូអ្នកគ្រូក្នុងការរកវិធីសាស្រ្តល្អៗពន្យល់ណែនាំកូនរបស់ខ្លួនឱ្យយល់ពីសារៈសំខាន់នៃការសិក្សារៀនសូត្រជាដើម។

សូមចាំថា ប្រសិនបើគ្រួសារពុំបានផ្ដល់ភាពកក់ក្ដៅ យកចិត្តទុកដាក់ និងផ្ដល់កម្លាំងចិត្តដល់កូនរបស់ពួកគេទេ នោះកូនពួកគេប្រាកដជាគ្មានកម្លាំងចិត្តរៀនសូត្រឡើយ។ ម្យ៉ាងវិញទៀត ជាជាងប្រៀបធៀបភាពឆ្លាតវៃរបស់កូនអ្នកដ៏ទៃមកកូនខ្លួន មាតាបិតាគប្បីរកវិធីសាស្ត្រប្រសើរជាងនេះ និងមានសិល្បៈជាងនេះ មកណែនាំអប់រំកូន ឱ្យគេយល់ពីតម្លៃនៃការសិក្សា។

មានគ្រួសារខ្មែរយើងខ្លះតែងនិយាយបែបនេះ “អញនិយាយទៅអ្ហែងដូចចាក់ទឹកលើក្បាលទា! ខួរស្ទក់អ៊ីចឹង គួរតែសូមសំពះក្តិតគេអ្នករៀនពូកែភ្លាមទៅ! សូមឱ្យគេជួយបង្រៀន!” ខ្ញុំយល់ថាសម្តីនេះ ពុំបានជំរុញលើកទឹកចិត្តកូនៗនោះឡើយ។ ផ្ទុយទៅវិញ យើងកំពុងតែរុញគេឱ្យធ្លាក់ជ្រៅក្នុងផ្លូវបាក់ទឹកចិត្ត និងចាប់ផ្តើមមើលឃើញខ្លួនគេក្នុងភាពអវិជ្ជមាន ឬអាចនិយាយថា គេលែងមានទឹកចិត្តអ្វីបន្តទៀត ហើយគេមើលឃើញតែភាពទន់ខ្សោយនៅក្នុងខ្លួនមិនខានឡើយ។

ប៉ុន្តែក៏មានដែរ មាតាបិតាមួយចំនួនបានផ្លាស់ប្តូរផ្នត់គំនិតខ្លួនឯង ពោលគឺគាត់លែងប្រាប់កូនថា «ខំរៀនទៅកូន បើមិនចង់ធ្លាក់ខ្លួនធ្វើខ្ញុំគេដូចគាត់ម្នាក់ហ្នុះ!» ។ គាត់បែរជាពន្យល់កូនវិញថា «ខំរៀនទៅកូន បើកូនរៀនសូត្របានក្លាយជាមនុស្សចេះដឹង មានសមត្ថភាពខ្ពស់ មានការងារល្អប្រសើរ កូនអាចជួយមនុស្សទន់ខ្សោយដូចគាត់បានច្រើនមិនខានឡើយ» ។ អ្នកសាកស្រមៃមើលថា តើក្នុងចិត្តគំនិតកូននឹងវិវឌ្ឍទៅជាបែបណានៅពេលអនាគត? គេនឹងក្លាយជាអ្នកដឹកនាំដ៏អាត្មានិយម ឬក៏គេនឹងក្លាយជាអ្នកដឹកនាំដ៏មានសមានចិត្តចំពោះមនុស្សជាតិ?

កត្តាទី៦- សង្គមជុំវិញ ៖ ក្រៅតែពីកត្តាទាំង៥ សង្គមជុំវិញនេះក៏ជាកត្តាសំខាន់ជួយឱ្យសិស្សរៀនពូកែផងដែរ ។ ទោះបីជីវភាពគ្រួសារធូរធារក៏ដោយ តែបើរស់នៅក្នុងសង្គមអាប់អួ ឬតំបន់មនុស្សក្រីក្រ តំបន់ដែលអត់មានអ្នករៀន ឬអ្នករៀនក្នុងកម្រិតអន់ខ្សោយ ក៏សិស្សរៀនមិនពូកែដែរ។ ផ្ទុយទៅវិញ បើសិនជារស់នៅក្នុងតំបន់អ្នកមាន តំបន់ដែលមានសុវត្ថិភាព ឬតំបន់ដែលពោរពេញទៅដោយអ្នករៀនសូត្រ នោះសិស្សនឹងរៀនពូកែ។ ជាក់ស្ដែងនៅសហរដ្ឋអាមេរិកក្នុងតំបន់ដែលប្អូនខ្ញុំរស់នៅ ផ្ទះតូចទេតែគេលក់ក្នុងតម្លៃ១លាន៥សែនដុល្លារ ខណៈផ្ទះមួយទៀតគ្រាន់តែឆ្លងផ្លូវគ្នាបន្ដិចសោះ ហើយធំជាងផ្ទះប្អូនខ្ញុំពីរដង តែគេលក់តម្លៃត្រឹមតែ៦០ម៉ឺនដុល្លារតែប៉ុណ្ណោះ។

ហេតុអ្វីបានជាគេសុខចិត្តទិញផ្ទះតម្លៃ១លាន៥សែនដុល្លារ ដែលមានតែបន្ទប់ពីរ? ពីព្រោះនៅក្នុងសង្គមនេះ គឺជាសង្គមអ្នកមាន សង្គមអ្នករៀនសូត្រ អត់មានបងធំបងតូច។ គេមានអ្នកការពារសន្តិសុខត្រឹមត្រូវ ហើយសាលាដែលកូនគេរៀននោះមិនអនុញ្ញាតឱ្យសិស្សក្រៅពីតំបន់ហ្នឹងចូលរៀនទេ។ ដូច្នេះកូនដែលរៀននៅទីនោះ ភាគច្រើនពេលចេញមកច្រើនតែឆ្លាត ចេះ ពូកែ ហើយរៀនចប់ពីទីនោះ អាចទៅរៀនតសុទ្ធតែមហាវិទ្យាល័យល្អៗ ។

ចំណែកឯផ្ទះតម្លៃ៦០ម៉ឺនដុល្លារវិញ គូសវាសជញ្ជាំងក្រវេមក្រវាម ក្មេងទំនើងវៃគ្នាគ្រប់ទីកន្លែង ហើយក្មេងស្រីៗស្លៀកខោសុទ្ធតែត្រឹមក្រលៀន ចំណែកកូនក្មេងគ្មាននរណារៀនសូត្រទេ គឺដើរលេងប៉ោឡែអាវាសែគ្រប់គ្នា។ ដូច្នេះកត្តាសង្គមជុំវិញនេះ ក៏ជាកត្តាដ៏សំខាន់ដែលធ្វើឱ្យសិស្សរៀនពូកែ និងរៀនខ្សោយផងដែរ៕

អត្ថបទសរសេរ ដោយ