ខេត្តព្រៃវែង ៖ អគ្គិភ័យដ៏សន្ធោសន្ធៅដែលបានឆាបឆេះនៅផ្សារកំពង់ពពិល ស្ថិតក្នុងឃុំកំពង់ពពិល ស្រុកពារាំង គិតត្រឹមម៉ោងជាង១២អធ្រាត្រឈានចូលថ្ងៃទី០៥ វិច្ឆិកា នេះ ទើបអាចគ្រប់គ្រងភ្លើងឱ្យថមថយវិញបាន ដោយមានរថយន្តពន្លត់អគ្គិភ័យបានចេញអន្តរាគមន៍បាញ់ទឹកអស់ជាច្រើនគ្រឿង។ សម្រាប់តូបលក់ដូររបស់អាជីវករចំនួន៧៥តូបត្រូវបានបំផ្លាញអស់ទាំងស្រុង ក្នុងចំណោមតូបលក់ដូរទាំងអស់១០៥តូប ។ ប៉ុន្តែចាត់ទុកជាសំណាងល្អមួយដេរ ដោយពុំមាននរណាម្នាក់រងគ្រោះដល់អាយុជីវិតមនុស្សនោះទេ ។
លោកអភិបាលស្រុកបានបញ្ជាក់ថា ចំពោះតូបដែលអគិ្គភ័យបានឆេះនេះ ជាលទ្ធផលបឋម តូចដែលត្រូវខូចខាតទាំងស្រុងមានចំនួន៧៥តូប ដែលស្មើនឹងទឹកប្រាក់ប្រហែលជាង៣៥ម៉ឺនដុល្លារ ក្រៅពីនោះតូបផ្សេងៗទៀត គឺប៉ះពាល់បន្តិចបន្តួច ដោយសារតែការជួយអន្តរាគមន៍បានទាន់ពេល ប៉ុន្តែខណៈពេលនេះអាជ្ញាធរកំពុងចុះពិនិត្យ និងវាយតម្លៃបន្តទៀត។
សូមរំលឹកថា កាលពីថ្ងៃទី០៤ វិច្ឆិកា នៅវេលាម៉ោងប្រមាណ០៩និង១៥នាទីយប់ អគ្គិ ភ័យខាងលើ គឺសន្និដ្ឋានថា អាចផ្តើមចេញពីករណីទុស្សេខ្សែភ្លើង ហើយក៏ឆាបឆេះ រាលដាលខ្លាំងតែម្តង ។ ក្នុងការសង្គ្រោះបាញ់ទឹក គឺបានប្រើប្រាស់រថយន្តអគ្គិភ័យអស់ចំនួន២១គ្រឿង មកពីជ្រោយចង្វារ,អគ្គស្នងការដ្ឋាន, ស្នងការដ្ឋានខេត្តកណ្តាល, ស្នង ការដ្ឋានខេត្តព្រៃវែង, ខាងស្រុកពារាំង១គ្រឿង, ស្រុកពោធិរៀង, ស្រុកស្វាយអន្ទរ និងខាងស្រុកស៊ីធរកណ្តាល ។
គួរបញ្ជាក់ទៀតថា នេះគឺជាសោកនាដកម្មដ៏អាក្រក់មួយ ដែលមិនធ្លាប់កើតមានទេពីមុនមក សំរាប់ស្រុកពារាំង ដែលតាមការប៉ាន់ប្រមាណគិតជាទឹកប្រាក់នៃការខូចខាត នៅក្នុងគ្រោះអគ្គីភ័យមួយនេះ គឺមិនក្រោមសែនដុល្លារនោះទេ។ ប៉ុន្តែទោះជាយ៉ាងណា នៅព្រឹកថ្ងៃទី៥ វិច្ឆិកា គឺបន្ទាប់ពីកើតហេតុមួយយប់ គេបានឃើញលោកអភិបាលខេត្តព្រៃវែង បានដឹកនាំមន្ត្រីជំនាញពាក់ពន្ធ័ទាំងអស់ ចុះទៅពិនិត្យនិងជួបសំដែងការសោកស្តាយ ចំពោះបងប្អូនក្រុមអាជីវករទាំងអស់ នៅផ្សារកំពង់ពពិលនោះផងដែរ ដែលនេះគឺជាកាយវិកាមួយ បង្ហាញពីការយកចិត្តទុកដាក់ របស់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ មកលើបងប្អូនប្រជាពលរដ្ឋគ្រប់ៗរូប។
ព័ត៌មានបន្ថែមកោះសន្តិភាពនឹងមានផ្សាយជូនបន្ត ។