ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កត្តាចំនួន៦ ដែលធ្វើឱ្យសិស្សរៀនពូកែ! (ភាគ១)

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ «ការសិក្សារៀនសូត្របើពឹងលើតែសេចក្ដីព្យាយាមរបស់សិស្សមួយមុខ គឺពិបាកនឹងធ្វើឱ្យពួកគេក្លាយជាសិស្សពូកែខ្លាំងណាស់ ។ ដូច្នេះដើម្បីក្លាយជាសិស្សពូកែ ខ្ញុំយល់ថា ត្រូវមានកត្តារួមផ្សំជាច្រើនក្នុងនោះមានកត្តាតំណពូជ គ្រូបង្រៀន ខ្លួនឯង…

រាជធានីភ្នំពេញ ៖ «ការសិក្សារៀនសូត្របើពឹងលើតែសេចក្ដីព្យាយាមរបស់សិស្សមួយមុខ គឺពិបាកនឹងធ្វើឱ្យពួកគេក្លាយជាសិស្សពូកែខ្លាំងណាស់ ។ ដូច្នេះដើម្បីក្លាយជាសិស្សពូកែ ខ្ញុំយល់ថា ត្រូវមានកត្តារួមផ្សំជាច្រើនក្នុងនោះមានកត្តាតំណពូជ គ្រូបង្រៀន ខ្លួនឯង មិត្តភក្តិ គ្រួសារ និងកត្តាសង្គមជុំវិញជាដើម» នេះជាការលើករបស់ លោកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី ជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Mengly J. Quach Education។
លោកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី បានបន្តថាកត្តាទាំងនោះរួមមាន ៖

កត្តាទី១- តំណពូជ ៖ តំណពូជ គឺជាកត្តារួមផ្សំមួយក្នុងការជួយឱ្យសិស្សរៀនពូកែ ។ ជាក់ស្ដែងយើងឃើញថា សិស្សខ្លះមិនសូវខិតខំរៀនសូត្រប៉ុន្មានទេ ប៉ុន្តែគេបែរជារៀនពូកែជាងសិស្សដទៃដែលខំរៀនសូត្រទៅវិញ ។ បើក្រឡែកទៅមើលគ្រួសាររបស់ពួកគេវិញ ឃើញថា បងប្អូនរបស់ពួកគេសុទ្ធតែជាអ្នករៀនពូកែគ្រប់ៗគ្នា ។ ដូច្នេះបើសិនជាសិស្សមានពូជពង្សជាអ្នករៀនពូកែ គឺអាចធ្វើឱ្យគេរៀនឆាប់ចាប់បាន ហើយបើគ្រូមានវិធីសាស្ត្របង្រៀនល្អថែមទៀត គឺរឹងរឹតតែល្អប្រសើរ ។ តែទោះជាយ៉ាងនោះក៏ដោយ ក៏ពុំមានមានន័យថា ទាល់តែមានតំណពូជអ្នកពូកែទើបរៀនពូកែទាំងអស់គ្នានោះទេ ក៏មានដែរអ្នកមានដំណពូជរៀនខ្សោយ តែកូនគេបែរជារៀនពូកែ ព្រោះគេខិតខំរៀនទាំងយប់ទាំងថ្ងៃ និងចេះបែងចែកពេលវេលារៀនសូត្រយ៉ាងត្រឹមត្រូវ និងមានការតាំងចិត្តខ្ពស់លើការសិក្សារៀនសូត្ររបស់ពួកគេ។

កត្តាទី២- គ្រូបង្រៀន ៖ គ្រូបង្រៀន គឺជាផ្នែកដ៏សំខាន់មួយដែលមិនអាចខ្វះបានក្នុងការជួយជំរុញឱ្យសិស្សរៀនពូកែ ។ ប្រសិនបើគ្រូមិនយកចិត្តទុកដាក់ក្នុងការបង្រៀនសិស្សទេ ឬគ្មានវិធីសាស្រ្តល្អៗក្នុងការបង្រៀនទេ នោះសិស្សក៏មិនអាចទទួលយកចំណេះដឹងពីគ្រូបានដែរ ។ តាមការមើលឃើញរបស់ខ្ញុំកន្លងមក គឺកាលណាគ្រូមានសិល្បៈ ឬវិធីសាស្រ្តល្អក្នុងការបង្រៀនសិស្ស ភាគច្រើនសិស្សរបស់ពួកគាត់ច្រើនតែពូកែៗ។ ក៏ប៉ុន្តែមិនមែនគ្រូមានវិធីសាស្រ្តបង្រៀនល្អ សិស្សសុទ្ធតែពូកែទេ គឺអាស្រ័យលើការខិតខំប្រឹងប្រែងរៀនសូត្ររបស់សិស្សដែរ។

កត្តាទី៣- សិស្សខ្លួនឯង ៖ មានន័យថា ដើម្បីរៀនឱ្យពូកែសិស្សានុសិស្សត្រូវយកចិត្តទុកដាក់ខ្ពស់លើការសិក្សា ពិសេសត្រូវមានការតស៊ូ ព្យាយាម ចេះចំណាយពេលវេលាលើការសិក្សាចេះជម្នះរាល់ឧបសគ្គ ចេះកំណត់គោលបំណង និងមានការប្ដេជ្ញាចិត្តខ្ពស់លើការសិក្សាផងដែរ ។ មួយវិញទៀត សិស្សានុសិស្សត្រូវតែយល់ពីតម្លៃនៃការសិក្សា ព្រោះបើយើងយល់ថា ការសិក្សាអាចជួយដឹកនាំជីវិតយើងឱ្យល្អប្រសើរ និងមានអនាគតភ្លឺស្វាងទៅថ្ងៃអនាគត នោះយើងនឹងមានកម្លាំងចិត្តសិក្សាជាមិនខាន ។ នៅពេលយើងមានកម្លាំងចិត្តសិក្សា នោះការសិក្សារបស់យើងកម្រនឹងបរាជ័យខ្លាំងណាស់ ។

ក្រៅតែពីចំណុចទាំងនេះ សិស្សក៏គប្បីចេះគោរពវិន័យសាលា គោរពលោកគ្រូអ្នកគ្រូ ចាស់ព្រឹទ្ធាចារ្យ និងបដិបត្តិខ្លួនជាអ្នកសិក្សារៀនសូត្រ ជាជាងធ្វើខ្លួនជាអ្នកចេះដឹងគ្រប់បែបយ៉ាង ឬថា តាំងខ្លួនជាអ្នកវិភាគ ។ បន្ថែមពីលើហ្នឹងទៅទៀត សិស្សខ្លួនឯងត្រូវតែបែងចែកពេលវេលាសិក្សា និងការកម្សាន្តឱ្យបានច្បាស់លាស់ ចៀសវាងលេងច្រើនជាងរៀន ។ ការណ៍ដែលយើងញៀននឹងរៀន វាខុសពីញៀននឹងលេង ។ ញៀននឹងលេងធ្វើឱ្យជីវិតអន្តរាយ តែញៀននឹងរៀនធ្វើឱ្យមានចំណេះដឹងជ្រាលជ្រៅ មានផ្នត់គំនិតទូលំទូលាយ និងមានសុភនិច្ឆ័យខ្ពស់ ។ ដូច្នេះចូរចាំថា អ្វីៗនឹងក្លាយទៅជាទម្លាប់ ។

ដំបូងយើងបង្កើតទម្លាប់ តែក្រោយមកទម្លាប់នឹងបង្កើតយើងវិញ។ អ៊ីចឹងបើសិស្សមានទម្លាប់លេងហើយ ទោះចង់ឬមិនចង់ គេនឹងលែងមានទម្លាប់រៀន។ បើលែងមានទម្លាប់រៀន សួរខ្លួនឯងមើលចុះថា តើនឹងមានអ្វីកើតឡើងចំពោះជីវិតសិក្សាដ៏វែងឆ្ងាយនោះ?

សូមជម្រាបជូនថា នេះជាកត្តាទាំងបី ក្នុងចំណោមកត្តាទាំង ៦ ដែលបានលើកយកមកបកស្រាយ ។ ដូចនេះយើងនឹងធ្វើការបកស្រាយបន្ត នូវកត្តា ចំនួន ៣ បន្ថែមទៀតនាឳកាសក្រោយ ៕

អត្ថបទសរសេរ ដោយ